ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រធានយុវសភាពាណិជ្ជករ៖ ទោះចិនមានទីផ្សារធំ តែការនាំទំនិញSME ហាក់លំបាក លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ
×
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ បុរសមានឌមាំ សម្បុរស្រអែម លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI កម្ពុជា បាននិយាយថា ការនាំចេញទំនិញរបស់សហគ្រាសធុនតូច និងមធ្យម ពីកម្ពុជាទៅចិន វាមិនងាយស្រួលទេ ទោះភាគីទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាជាងមួយឆ្នាំហើយក្តី។
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI ដូចតទៅ៖
កញ្ញា សុង សុធាវី៖ លោក ឃឹម ប៊ុនឡែន នាងខ្ញុំឃើញថាមានដៃគូ JCI នៅខាងក្រៅប្រទេសច្រើនមែនទែន ហើយថ្មីៗនេះ ឃើញថារាជរដ្ឋាភិបាលកម្ពុជាបានទៅប្រទេសចិន ដើម្បីចរចារស្វែងរកការផ្តល់ប្រយោជន៍រវាងប្រទេស និងប្រទេស! ក្នុងនាមលោកជាអ្នកដឹកនាំសហគ្រិន ហើយមានសមាជិកច្រើនក្នុងដៃផង ដែលសុទ្ធតែជាអ្នកជំនួញ តើចាប់អារម្មណ៍ចង់ចាប់ដៃគូជាមួយចិនទេ ហើយបើសិនជាអាចធ្វើបាននឹងធ្វើឡើងដោយរូបភាពបែបណា?
លោក ឃឹម ប៊ុនឡែន ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រូបភាពរបស់ សារព័ត៌មានថ្មីៗ
លោក ឃឹម ប៊ុនឡែន៖ បាទ មែនទែនទៅ យើងពិតជាបានឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងកិច្ចសហការអន្តរជាតិបានយ៉ាងល្អ ជាមួយប្រទេសជាច្រើន ពិសេសជាមួយ ចិន។ ចិន ជាទីផ្សារមួយធំមែនទែន ហើយអ្នកណាក៏ចង់រកស៊ីជាមួយចិនដែរ តែយើងមានឱកាសពិសេសដែលមានទំនាក់ទំនងទៅចិនល្អ អ៊ីចឹង លើសពីហ្នឹង យើងមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីជាមួយកូរ៉េ និងជប៉ុន ហើយតាមរយៈសមាជិក យុវសភាពាណិជ្ជករអន្តរជាតិ JCI ដែលយើងមានកូរ៉េ និង ជប៉ុន ច្រើនជាងគេ រហូតដល់ ៣ម៉ឺននាក់ជាង សុទ្ធសឹងតែអ្នករកស៊ី ក៏ដូចជាអ្នកវិនិយោគ។ នេះហើយជាឱកាសមួយដែលយើងអាចទាក់ទាញពួកគាត់មក ដែលយើងសុទ្ធតែមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីជាមួយគ្នារួចស្រេចទៅហើយ ព្រមទាំងសមាជិកក្នុងតំបន់អាស៊ានផងដែរ។ ការមករកស៊ីក្នុងស្រុកខ្មែរជាការល្អមួយ ដែលអាចពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោកបាន ព្រោះយើងជាប្រទេសកំពុងអភិវឌ្ឍន៍ យើងមានគុណសម្បត្តិ លើពន្ធ និងដីធ្លីរបស់យើងក៏នៅធូរថ្លៃ ហើយកម្លាំពលកម្មនៅខាងយើងក៏នៅធូរថ្លៃ។ ខ្ញុំនិយាយបែបនេះ ដោយសារខ្ញុំជាអ្នកវិនិយោគលើការដាំទុរេន ហើយទុរេនជាទីផ្សារធំរបស់ចិនហើយ។
លោក ឃឹម ប៊ុនឡែន ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រូបភាពរបស់ សារព័ត៌មានថ្មីៗ
កញ្ញា សុង សុធាវី៖ ចំនុចពីរ ដែលពិបាកនាំទំនិញទៅចិន តាមអ្វីដែលនាងខ្ញុំបានទទួលព័ត៌មានមកគឺ ទី១ ទាល់តែអាជីវកម្មហ្នឹងធំហើយស្តង់ដារដែលត្រូវអនុញ្ញាតិដោយភាគីចិន ហើយមួយទៀត ទាក់ទងនឹងការរឹតត្បិតលើកត្តាមួយចំនួនទៀត តើលោកបារម្ភដែរ ឬ ទេ ថាកិច្ចព្រមព្រាងនេះមិនបានដល់គោលដៅ?
លោក ឃឹម ប៊ុនឡែន៖ យើងតូចយើងធ្វើតាមតូច ហើយបើយើងជាកសិករ តែចង់នាំចេញផលិតផលទៅក្រៅដោយខ្លួនឯង វាមិនអាចទេ ទាល់តែយើងចងក្រងជាសហគមន៍ ហើយមួយរយៈនេះរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ខ្លាំងជាមួយកសិកម្ម និងកសិករ។ រីឯ រដ្ឋមន្រ្តីថ្មី ក៏ឃើញគាត់ព្យាយាជំរុញដែរ ទី១ គឺការចងក្រងសហគមន៍ហ្នឹងតែម្តង។ អ៊ីចឹង យើងជាកសិករ សូមកុំនៅតែឯង ព្រោះយើងដូចជាអ្នករកស៊ីដែរ បើនៅតែឯងគឺមិនកើតទេ ដូចនេះត្រូវចូលរួមជាមួយគេ ដើម្បីកៀរគរជាសំឡេង កម្លាំង បញ្ញា ។ល។ ក្នុងការដោះសា្រយជាមួយគ្នា។ ខ្ញុំជឿថា បញ្ហា ឧបសគ្គតែងតែមាន ហើយបើអត់មានឧបសគ្គទើបចម្លែក! ប៉ុន្តែមួយរយៈនេះ ឃើញថារដ្ឋាភិបាលមានការយកចិត្តទុកដាក់ជាមួយវិស័យឯកជន ដោយគាត់មានការស្តាប់ច្រើន ហើយគាត់ព្យាយាមវែកផ្លូវច្រើន គ្រាន់តែថាអ្វីៗត្រូវការពេលវេលា និងត្រូវការចូលរួមឱ្យបានទាំងអស់គ្នា តែខ្ញុំពិតជាមើលឃើញ ឱកាសច្រើន សម្រាប់ការងាររកស៊ី ទាំងការនាំចេញទៅក្រៅ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជាយើង៕
លោក ឃឹម ប៊ុនឡែន ប្រធានយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា JCI Cambodia. រូបភាពរបស់សារព័ត៌មានថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com