ជាតិ
សង្គមជាតិ
ព្រះមាតាជាតិ ទតឃើញថា កំណើនសេដ្ឋកិច្ច មានការរួមចំណែករបស់ស្រ្តីខ្មែរ
07, Mar 2023 , 11:09 am        
រូបភាព
ព្រះឆាយាល័ក្ខណ៍នៃព្រះមាតាជាតិខ្មែរ ពីក្រសួងព័ត៌មាន
ព្រះឆាយាល័ក្ខណ៍នៃព្រះមាតាជាតិខ្មែរ ពីក្រសួងព័ត៌មាន
ដូចរាល់ឆ្នាំ នាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២ ដែលនឹងមកដល់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតិជាតិខ្មែរ ដែលប្រជាជនទូទៅនិយមហៅទ្រង់ថាជាសម្តេចម៉ែ ឬសម្តេចយាយ ទ្រង់បានចេញព្រះរាជសារមួយ ដែលមានព្រះបន្ទូលអំពីស្រ្តី ជាពិសេសស្រ្តីខ្មែរ។


 
ព្រះវររាជមាតិជាតិខ្មែរ បង្ហាញការទតឃើញទ្រង់ដូច្នេះថា៖«ខ្ញុំម្ចាស់ ខ្ញុំ បានកាត់សម្គាល់ឃើញថា ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្រ្តី មានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងក្នុងតំបន់ […]»។ 
 
បន្ថែមពីនេះ សម្តេចម៉ែ ទ្រង់មានព្រះបន្ទូលថា តួនាទីរបស់ស្រ្តីកម្ពុជា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ទ្រង់ មានព្រះរាជតម្រិះថា ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដែលធានាថា ប្រជាជនគ្រប់រូប មានសិទ្ធិ និងឱកាសពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ 
 
ជាមួយគ្នានេះ ព្រះមហាក្សត្រី ទ្រង់អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើស្រ្តី ហើយបង្កឱកាសឲ្យស្រ្តី បានចូលរួម និងបានទទួលប្រយោជន៍ក្នុងយុគសម័យឌីជីថល ដើម្បីវិបុលភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា។ 
 
សូមបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិនារីនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕ 
 

Tag:
 ព្រះមហាក្សត្រី
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com