ជាតិ
សង្គមជាតិ
អ្នកស្រី អ៊ឹង កន្ថាផាវី ៖«ការបំបាត់ហិង្សាលើស្រ្តី ជាកិច្ចការចម្បងក្នុងការអភិវឌ្ឍសុខដុមរមនា»
07, Mar 2023 , 5:49 pm        
រូបភាព
ក្នុងពិធីអបអរទិវាសិទ្ធិនារី ដែលត្រូវបានរៀបចំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងពីស្ថានភាពរបស់ស្រ្តីកម្ពុជាថា ស្រ្តីមួយចំនួន នៅតែប្រឈមនឹងអំពើហិង្សា ដែលដាក់បន្ទុកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់គ្រួសារផង និងសង្គមជាតិផង។



រដ្ឋមន្រ្តីកិច្ចការនារី ជម្រាបប្រមុខរដ្ឋាភិបាលកម្ពុជា និងអង្គពិធីទាំងមូលដូច្នេះថា៖«ការលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី នៅតែជាកិច្ចការអាទិភាពចម្បង ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងភាពសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ»។ 
 
ជាមួយគ្នានេះ អ្នកស្រីរដ្ឋមន្រ្តី បង្ហាញការមើលឃើញរបស់ខ្លួនថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខុសគោលដៅ បណ្តាលឲ្យមានការលេចឡើងនូវរូបភាពថ្មីៗនៃអំពើហិង្សា និងការកេងប្រវ័ញ្ចលើស្រ្តីនិងកុមារ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្រ្តី និងសីលធម៌សង្គម។ 
 
សូមបញ្ជាក់ខ្លីថា ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ គឺជាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១២។ កម្ពុជា ជ្រើសរើសយកប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» សម្រាប់ការអបអរសាទរទិវាសិទ្ធិនារីក្នុងឆ្នាំនេះ៕ 
 

Tag:
 ទិវាសិទ្ធិនារី
  អ៊ឹង កន្ថាវី
© រក្សាសិទ្ធិដោយ thmeythmey.com