ជាតិ
សេដ្ឋកិច្ច
៣ឆ្នាំនេះ កម្ពុជា រកចំណូលពីការលក់លេខ​រថយន្តបានជាង ៥៤លានដុល្លារ
07, Mar 2023 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកចំណូលពីការលក់លេខចុះប​ញ្ជី​រថយន្តបានជាង ៥៤លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ នេះបើលោកស្រី កុយ សុដានី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន នៅសួនវត្តបទុម នាថ្ងៃទី៧ ខែមីនា ។

 
លោកស្រី កុយ សុដានី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាល បានប្រើប្រាស់ថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្តមួយចំណែក ជូនទៅមូលនិធិកាត់បន្ថយភាពក្រីក្រ និងមួយចំណែកទៀតបង់ចូលថវិកាជាតិ។ 
 
លោកស្រី កុយ សុដានី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពយកពីក្រសួងសាធារណការ

រដ្ឋលេខាធិការរូបនេះ បានបន្តថា ៣ឆ្នាំនេះ ក្រសួងសាធារណការ បានអនុវត្តលក់លេខចុះបញ្ជីរថយន្តសរុប ១១៨ពាន់លេខ ទទួលបានថវិកាជាង ៥៤លានដុល្លារអាម៉េរិក។ ក្នុងនោះក្រសួង លក់លេខពិសេសបានជាង ១០ម៉ឺនលេខ ទទួលថវិកាជិត ២៦លានដុល្លារអាម៉េរិក និងលក់លេខពិសេសផ្ទាល់ខ្លួនបានជាង ១៦ពាន់លេខ ទទួលថវិកាបានជាង ២៨លានដុល្លារអាម៉េរិក។
 
លោកស្រីបន្ថែមថា នៅឆ្នាំ២០២២ លទ្ធផលនៃការប្រមូលចំណូលពីការលក់ចុះបញ្ជីរថយន្ត បាន ២១លានដុល្លារអាម៉េរិក ដែលកើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ២០២១។
 
កន្លងមក ក្រសួងសាធារណការ បានបរិច្ចាគថវិកាចំណូលពីការលក់លេខចុះបញ្ជីរថយន្ត ជូនមូលនិធិកាត់បន្ថយភាពក្រីក្រ​ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន។ ក្រសួង ក៏បាន រៀបចំដាក់ឱ្យដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន កម្ពុជា SAMNANG9 និងបានលក់លេខ កម្ពុជាលេខ-5 ដើម្បីបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងបានរៀបចំកម្មវិធីផ្សេងៗទៀតផងដែរ។ នេះបើតាមលោកស្រី កុយ សុដានី៕
 



© រក្សាសិទ្ធិដោយ thmeythmey.com