ជាតិ
សង្គមជាតិ
លោកស្រី សោភ័ណ៖ ស្ត្រីនៅតែជួបការរើសអើង និងវិសមភាពនៅកន្លែងការងារ និងសហគមន៍
08, Mar 2023 , 4:29 pm        
រូបភាព
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបផ្ដលជូនពី អុកស្វាម
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបផ្ដលជូនពី អុកស្វាម
ភ្នំពេញ៖ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា មើលឃើញថា សព្វថ្ងៃ ស្ត្រីនៅតែជួបបញ្ហាប្រឈមជាច្រើនពិសេស គឺភាពមិនស្មើគ្នានៅក្នុងគ្រួសារ កន្លែងការងារ និងសហគមន៍។

 
បច្ចុប្បន្នភាពជាតំណាងរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្តប្រសើរជាងមុន នៅស្ថាប័នថ្នាក់ជាតិ និងថ្នាកក្រោមជាតិ ក៏ដូចជានៅក្នុងវិស័យឯកជន និងសង្គមស៊ីវិល។ ជាមួយគ្នាដែរ គេឃើញស្ត្រីបានចូលរួមក្នុងការងារនយោបាយ ការងារសង្គម ការសម្រេចចិត្តក្នុងគ្រួសារ និងឱកាសការងារផ្សេងៗ។ 
 
ទាំងនេះ ជាការផ្ដល់សេចក្ដីសម្រេចចិត្ត និងតម្លៃដល់ស្រ្តី ដែលនាយិកាអង្គការអុកស្វាមយល់ឃើញ ហើយក៏ពិនិត្យឃើញដែរថា រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិនារីរតនៈ រៀបចំឡើងដោយក្រសួងកិច្ចការនារី ដើម្បីជំនួយដល់អ្នករៀបចំគោលនយោបាយ អ្នកធ្វើសេចក្ដីសម្រេចនៅគ្រប់វិស័យ។ លើសពីនេះ គឺយល់ដឹងពីបញ្ហាយេនឌ័រ និងការបញ្ជ្រាបយេនឌ័រទៅក្នុងវិស័យការងាររៀងខ្លួន។
 
ដ្បិតមានច្បាប់ក្នុងការគាំពារស្ត្រី រួមទាំងការទទួលស្គាល់តម្លៃដល់ស្ត្រី មានភាពប្រសើរក៏ពិតមែន ប៉ុន្តែការងារជួយជ្រោមជ្រែងដល់ស្ត្រីនៅសន្ធឹកសន្ធាប់ ដែលភាគីពាក់ព័ន្ធត្រូវធ្វើ ដើម្បីជំរុញស្ត្រីឲ្យចូលរួមកាន់តែច្រើន។ លោក សោភ័ណ ចាត់ទុកការងារនេះ ចលករមួយផ្នែកដ៏ធំក្នុងការជំរុញឲ្យមានការរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយនិរន្តរភាព។
 
ទន្ទឹមនឹងនេះ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ក៏មើលឃើញពីបញ្ហាប្រឈមដែលស្ត្រីជួបដែរ។ «ជារៀងរាល់ថ្ងៃនៅគ្រប់ប្រទេសទូទាំងពិភពលោក ស្ត្រីជួបប្រទះបញ្ហាជាច្រើនដូចជាការរើសអើង និងវិសមភាព។ ស្រ្តីជួបប្រទះអំពើហិង្សា ការបំពាន ភាពមិនស្មើគ្នានៅផ្ទះ នៅកន្លែងធ្វើការ និងនៅសហគមន៍ ហើយខ្លះមិនមានឱកាសក្នុងការរៀនសូត្រ រកទទួលទាន និងដឹកនាំ។ ស្ត្រីជាច្រើនរស់នៅក្នុងភាពក្រីក្រ មានធនធាន និងអំណាចតិចតួច»។ លោកស្រី សោភ័ណ សង្កេតឃើញបែបនេះ ហើយបន្ថែមថា គោលការណ៍បរិយាប័ន្ន មិនទាន់បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យមានសមភាពយេនឌ័រ នៅគ្រប់ស្ថាប័ន និងគ្រប់វិស័យ។
 
នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានពន្យល់ថា ក្នុងមួយវដ្តជីវិត ស្ត្រីជួបប្រទះភាពងាយរងគ្រោះខាងផ្នែកសុខភាព និងងាយបាត់បង់ឱកាសជាងបុរស។ ជាក់ស្ដែង ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ការពរពោះ និងថែទាំទារកក្រោយសម្រាលជាដើម។ កម្មករជាស្ត្រី អាចបាត់បង់ការងារនៅពេលមានផ្ទៃពោះ ដោយសារសុខភាពមិនអំណោយផល។ ដូច្នេះពួកគេបាត់បង់ប្រាក់ចំណូល មិនមានប្រាក់ទ្រទ្រង់នាពេលចាំបាច់សម្រាប់ពួកគេផ្ទាល់ និងសម្រាប់កូនដែលទើបនឹងកើតផងដែរ។ លើសពីនេះ តម្រូវការចិញ្ចឹមជីវិត បានបង្ខំឲ្យស្ត្រីទាំងនោះ ត្រលប់ទៅធ្វើការវិញទាំងមិនទាន់មានសុខភាពមាំមួន។ 
 
ទាក់ទិននឹងភាពមិនស្មើភាពគ្នានេះ លោកស្រី សោភ័ណ សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «គំនិតបិតាធិបតេយ្យ នៅតែមានក្នុងសង្គមកម្ពុជា ហើយនៅមានការប្រតិបត្តិប្រពៃណីទំនៀមទម្លាប់សង្គមជាច្រើន ដែលធ្វើឲ្យស្ត្រីកាន់តែងាយរងគ្រោះជាងបុរស ហើយធ្វើឲ្យពួកគេមិនអាចទទួលបានការងារសមរម្យ»។ ជាងនេះទៅទៀត លោកស្រីអះអាងថា បន្ទុកការងារផ្ទះប្រចាំថ្ងៃ និងការថែទាំគ្រួសារ នៅតែជាបន្ទុកដ៏ធំសម្រាប់ស្រ្តី ហើយបន្ទុកនេះ ក៏ក្លាយជារនាំងមិនឱ្យស្រ្តីចូលរួមក្នុងកិច្ចការសង្គម មិនមានពេលវេលាដើម្បីពង្រឹងសមត្ថភាពខ្លួន ឬទទួលការបណ្តុះបណ្តាល និងថែទាំសុខភាពផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ការងារថែទាំនេះ មិនត្រូវបានគេឱ្យតម្លៃ ដូចជាការងាររកប្រាក់ចំណូលនោះទេ។
 
ជុំវិញការគាំពារដល់ស្ត្រី លោកស្រី សោភ័ណ តំណាងឲ្យ អង្គការអុកស្វាម និងដៃគូផ្សេងទៀត ស្នើដល់រាជរដ្ឋាភិបាលពិនិត្យ និងរៀបចំនូវច្បាប់ និងបទប្បញ្ញត្ដិការងារឲ្យកាន់តែប្រសើរ ដោយស្របជាមួយនឹងអនុសញ្ញា១៨៣ ស្តីអំពីកិច្ចគាំពារមាតុភាពរបស់អង្គការពលកម្មអន្តរជាតិ។ បទប្បញ្ញត្ដិនេះ មានគោលការណ៍គំរូស្នូល៥ គឺការសម្រាកលំហែមាតុភាព អត្ថប្រយោជន៍ជាសាច់ប្រាក់ ការព្យាបាលផ្នែកវេជ្ជសាស្រ្ដ ការការពារសុខភាពនៅកន្លែងការងារ និងការពារមិនឲ្យរើសអើង។ 
 
«អង្គការអុកស្វាមសូម​អំពាវនាវដល់ អ្នកប្រកបធុរកិច្ចទំាងអស់ ឱ្យចូលរួមគាំទ្រដល់ស្រ្ដីកម្មករឲ្យបានប្រសើរជាងមុន ដោយផ្ដល់នូវការគាំពារមាតុភាពឲ្យបានពេញលេញ និងលើកកម្ពស់គោលនយោបាយគ្រួសារ ក៏ដូចជាមានបែងចែកនូវការងារថែទាំដែលមិនទទួលបានប្រាក់ឈ្នួលនៅ ក្នុងគ្រួសារផងដែរ»។ លោកស្រី សោភ័ណ លើកឡើងបែបនេះ ហើយបញ្ជាក់ថា ការអំពាវនាវនេះ គឺដើម្បីផ្លាស់ប្តូរគោលគំនិតចាស់ ដែលចាត់ទុកស្រ្ដី គឺជាអ្នកទីមួយដែលត្រូវនៅថែទាំគ្រួសារ។
 
កន្លងមក ចំពោះបញ្ហាខាងលើ អុកស្វាមបានផ្ដោតសំខាន់ ដោយមានគោលការណ៍មាតាធិបតេយ្យ និងក្របខណ្ឌសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម និងជនមានពិការភាព (Gender Equality and Disability and Social Inclusion/GEDSI) ក្នុងការតម្រង់ទិសការងារ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងស្រ្តីភាពជាអ្នកដឹកនាំ។ ការងារយេនឌ័រ និងស្រ្តីភាពជាអ្នកដឹកនាំ ជាសកម្មភាពចម្បងដែលអង្គការអុកស្វាមកំពុងធ្វើ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងការចូលរួមរបស់ពួកគេ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ការងារទាំងនេះ អុកស្វាម សង្គមស៊ីវិល និងរដ្ឋាភិបាល បានសហការគ្នាជាដៃគូ ដើម្បីដោះស្រាយ តាមរយៈការពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា៕ 
 

Tag:
 យេនឌ័រ
  ស្ត្រី
 ទិវាអន្តរជាតិនារី
  ភាណ សោភ័ណ
  អង្គការអុកស្វាម
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com