ជាតិ
សង្គមជាតិ
កំពង់ផែពហុបំណងកំពង់ឆ្នាំង ចំណាយថវិកាយ៉ាងតិច៣០០លានដុល្លារ នឹងជួយសេដ្ឋកិច្ចជាតិថែមទៀត
10, Mar 2023 , 11:28 am        
រូបភាព
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងនឹងចូលរួមផ្តល់ឱកាសការងារប្រមាណ ១៥០០កន្លែង។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងនឹងចូលរួមផ្តល់ឱកាសការងារប្រមាណ ១៥០០កន្លែង។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
កំពង់ឆ្នាំង៖ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង អាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋប្រមាណ ១៥០០កន្លែង ដែលក្នុងនោះនឹងមានផ្ដល់សេវាកម្មរួមមាន កំពង់ផែដឹកជញ្ជូនទំនិញ, មណ្ឌលសន្និធិប្រេង, រមណីយដ្ឋានទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស។

 
លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ជួយសម្រួលការដឹកជញ្ជូនទំនិញ នាំចេញកសិផល ពីខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងនឹងចូលរួមផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ១៥០០កន្លែង។

កំពង់ផែពហុបំណង នឹងត្រូវចំណាយថវិកាសាងសងចន្លោះពី ៣០០លានដុល្លារទៅ ៥០០លានដុល្លារ ដែលក្នុងនោះមានតំបន់ឡូជីស្ទីក ឃ្លាំងស្តុកទុកត្រជាក់ និងឃ្លាំងធម្មតាជាដើម។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពេលចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ៩មីនា។ 
 
លោក ស៊ុន ចាន់ថុល បន្ថែមថា ការរៀបចំឱ្យមានកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ នឹងទាក់ទាញអ្នកវិនិយោគទុនមកកម្ពុជា ជាពិសេសនាំយកផលិតផល កសិផលរបស់កម្ពុជា ទៅលក់នៅទីផ្សារបរទេស ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនបន្ថែមទៀត។ 
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖«ការដឹកជញ្ជូនតាមផ្លូវទឹក ជួយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយ។ ពិសេស ជួយកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត»។
 
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ, មណ្ឌលសន្និធិប្រេង, រមណីយដ្ឋានទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស៕
 

Tag:
 កំពង់ផែពហុបំណង
© រក្សាសិទ្ធិដោយ thmeythmey.com