ជាតិ
កញ្ញា ហោ គីមមួយ ជ្រើសរើសជំនាញទេសចរណ៍ ព្រោះប្រាថ្នាចង់ជ្រោងវិស័យនេះ ឱ្យកាន់តែរីកចម្រើន
12, Mar 2023 , 8:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ កញ្ញា ហោ គីមមួយ បានជ្រើសរើសជំនាញទេសចរណ៍ ព្រោះចង់ជ្រោងវិស័យនេះ នាថ្ងៃអនាគត។ ជាពិសេសពង្រីកសក្ដានុពលទេសចរណ៍កម្ពុជា និងជួយបង្កើតការងារដល់ប្រជាជនឱ្យកាន់តែរីកចម្រើន ក្នុងតំបន់នានា ។ 

ដោយសារតែក្ដីស្រមៃ និងចំណង់ចំណូលចិត្តកម្សាន្ត បានជំរុញឱ្យកញ្ញា ហោ គីមមួយ សម្រេចចិត្តសិក្សាជំនាញទេសចរណ៍ ដើម្បីមានឱកាសចូលរួមចង់អភិវឌ្ឍវិស័យនេះ។ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កញ្ញា ហោ គីមមួយ យល់ថា វិស័យទេសចរណ៍ត្រូវការធនធានមនុស្ស ដើម្បីចូលរួមផ្សព្វផ្សាយ និងស្ដារផលប៉ះពាល់នានា។ 
  
កញ្ញា ហោ គីមមួយ និស្សិតទេសចរណ៍។

មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ គីមមួយ បានតាំងចិត្តថា នឹងប្រើប្រាស់ជំនាញទេសចរណ៍ ដែលខ្លួនកំពុងរៀននៅសាកលវិទ្យាល័យ យកទៅប្រើប្រាស់ឱ្យមានល្អ និងមានប្រសិទ្ធភាពក្នុងពេលអនាគត។ កញ្ញា ហោ គីមមួយ ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះថា៖ « ជំនាញដែលនាងខ្ញុំបានរៀនសព្វថ្ងៃនេះ ពិតជាអាចជួយស្ដារវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ជំនាញនេះ នឹងអាចឱ្យខ្ញុំចូលរួមកាត់បន្ថយវិបត្ដិសេដ្ឋកិច្ច រួមទាំងផ្ដល់ការងារដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កើតកន្លែងទេសចរណ៍បែបធម្មជាតិ និងបែបកែច្នៃផង ហើយផ្សព្វផ្សាយពីសក្ដានុពលរបស់ប្រទេស »។ 
 
វិស័យទេសចរណ៍ក៏មិនមែនពឹងផ្អែក និងមានទំនាក់ទំនងតែទៅលើភោជនីយដ្ឋាន និងសណ្ឋាគារតែមួយនោះទេ។ ការដឹកជញ្ជូន ការទាក់ទាញ ការចែកចាយ ក៏មានលក្ខណៈផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ផងដែរ។ កញ្ញា គីមមួយ បានយល់ច្បាស់ពីចំណុចនេះ ហើយកំពុងយកពេលវេលាផ្ទាល់ខ្លួន ទៅបង្កើតបណ្ដាញនានា ដើម្បីត្រៀមដើរលើផ្លូវមួយនេះ។
 
យុវតីវ័យ១៩ឆ្នាំរូបនេះ ក៏បានមើលឃើញឱកាសការងារជាច្រើនក្នុងវិស័យការងារមួយនេះ។ «ខ្ញុំមិនបារម្ភរឿងការងារទេ ព្រោះវិស័យទេចរណ៍ត្រូវការធនធានច្រើន ដើម្បីផ្សព្វផ្សាយ អភិវឌ្ឍឱ្យកាន់តែរីកចម្រើន និងមានទេសចរមកកម្សាន្តច្រើននៅកម្ពុជា។ ខ្ញុំមិនគិតអីទេ! ឱ្យតែមានការខិតខំប្រឹងប្រែង គឺយើងនឹងអាចជ្រោងវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន»។ នេះបើតាម គីមមួយ ដែលមានបំណងចង់ធ្វើមគ្គទេសក៍មួយរូប ដែលអាចផ្សព្វផ្សាយ និងណែនាំកន្លែងទេសចរណ៍នៅកម្ពុជា ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ មុននឹងឈានទៅដល់គោលដៅបន្ទាប់របស់ខ្លួន។ 

កញ្ញា ហោ គីមមួយ និស្សិតទេសចរណ៍។

បច្ចុប្បន្នវិស័យទេសចរណ៍ ពឹងផ្អែកទៅលើប្រភពធនធានដែលមានស្រាប់ ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ជាពិសេសពោរពេញទៅដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ ដែលជាអាទិភាពនៅក្នុងវិស័យនេះ។ ប៉ុន្តែមិនទាន់មានការកែច្នៃ និងការអភិវឌ្ឍន៍ឱ្យដល់កម្រិត ដូចជាប្រទេសជិតខាងឡើយ។ មូលហេតុទាំងនេះហើយ ធ្វើឱ្យកញ្ញា គីមមួយ ជ្រើសរើសជំនាញទេសចរណ៍ ដើម្បីជាស្ពានចម្លងខ្លួនទៅក្នុងវិស័យនេះ។
 
«ខ្ញុំអាចនិយាយបានថាប្រទេសកម្ពុជាគឺពោរពេញទៅដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌។ ហេតុដូច្នេះ សក្តានុពលរបស់ពួកយើងក្នុងការធ្វើឱ្យវិស័យទេសចរណ៍យើងមានលក្ខណៈចម្រុះនោះមានទំហំធំណាស់»។ នេះជាការមើលឃើញរបស់កញ្ញា គីមមួយ ដែលប្ដេជ្ញាប្រើប្រាស់ពេលវេលា ក្នុងការរៀនសូត្រអំពីវិស័យមួយនេះ ដើម្បីរកដំណោះស្រាយឱ្យបានកាន់តែល្អនាពេលអនាគត។ ​ 
 
 
 
 
 

Tag:
 ThmeyThmey25
 និស្សិតទេសចរណ៍
 បទសម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com