ជាតិ
សេដ្ឋកិច្ច
«សុខ ស្រីមុំ» និង «មាន មាន» ​ទទួលបានពានរង្វាន់ស្តង់ដារផ្ទះស្នាក់អាស៊ាន
12, Mar 2023 , 3:39 pm        
រូបភាព
ប្តីប្រពន្ធ ជាម្ចាស់ផ្ទះស្នាក់«សុខ ស្រីមុំ» ទទួលបានពានង្វាន់ ​ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥ កំពុងឈរថតជាមួយពានរង្វាន់ដែលទទួលបានកាលពីថ្ងៃទី៥កុម្ភៈ និងជាមួយបុរសដែលជាអ្នកទេសចរក្នុងស្រុកម្នាក់។ រូបថត៖ Contemporary  Sustainable Tourism
ប្តីប្រពន្ធ ជាម្ចាស់ផ្ទះស្នាក់«សុខ ស្រីមុំ» ទទួលបានពានង្វាន់ ​ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥ កំពុងឈរថតជាមួយពានរង្វាន់ដែលទទួលបានកាលពីថ្ងៃទី៥កុម្ភៈ និងជាមួយបុរសដែលជាអ្នកទេសចរក្នុងស្រុកម្នាក់។ រូបថត៖ Contemporary Sustainable Tourism
ម្ចាស់ផ្ទះស្នាក់(Homestay)ចំនួន២នៅសហគមន៍អេកូទេសចរណ៍ជីផាត ទទួលបានពានរង្វាន់​លើ​ស្តង់ដារ​ផ្ទះ​ស្នាក់​នៅ​អាស៊ាន(ASEAN Homestay Standard )ឆ្នាំ២០២៣-២០២៥។ ផ្ទះស្នាក់ទាំងពីរ ដែលទទួលបានពានរង្វាន់នោះមានឈ្មោះថា «សុខ ស្រីមុំ» និង «មាន មាន»។



ម្ចាស់ផ្ទះស្នាក់«សុខ ស្រីមុំ»និង«មាន មាន» ​នៅសហគមន៍អេកូទេសចរណ៍ជីផាត​នៃស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានពានរង្វាន់ ​ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥ កាលពីថ្ងៃទី៥កុម្ភៈ​។ លោក ពាន់ រិទ្ធី  ម្ចាស់ផ្ទះស្នាក់នៅ«សុខ ស្រីមុំ» បានលើកឡើងថា ការទទួលបានពានរង្វាន់នេះ​ គឺជាមោកទភាព និងភាពជោគជ័យមួយសម្រាប់គ្រួសារលោក លើការ​ផ្តល់កន្លែងស្នាក់នៅដ៏ល្អ តែសាមញ្ញក្នុងការរស់នៅសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ។
 
«ខ្ញុំសប្បាយចិត្តណាស់ ដែលទទួលបានពានរង្វាន់នេះ! ហើយខ្ញុំនឹងខំប្រឹងអនុវត្ត និងគោរពតាមណែនាំរបស់អ្នកជំនាញផ្នែកទេសចរណ៍បន្ថែមទៀត​ ដើម្បីផ្តល់សេវាកម្មដល់ភ្ញៀវដែលមកស្នាក់នៅផ្ទះខ្ញុំ ឱ្យទទួលបានភាពកក់ក្តៅដូចការរស់នៅក្នុងគ្រួសារដែរ»។​ លោក រិទ្ធី  រៀបរាប់ទាំងក្តីរំភើបបែបនេះ​មកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី១២មីនានេះ។​
 
បើតាមលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត ពានរង្វាន់​លើ​ស្តង់ដារ​ផ្ទះ​ស្នាក់​នៅ​អាស៊ាន ត្រូវបានធ្វើឡើងរាល់៣ឆ្នាំម្តង។​ ក្នុងនោះ ផ្ទះស្នាក់របស់សហគមន៍ជីផាត ទទួលបានពានរង្វាន់​លើ​ស្តង់ដារ​ផ្ទះ​ស្នាក់​នៅ​អាស៊ាននេះ ចំនួន​​២លើក ពោលគឺលើកទីមួយឆ្នាំ២០១៧-២០១៩ និងលើកទីពីរឆ្នាំ២០២៣-២០២៥ ដែលមាន២ផ្ទះទទួលបានពានរង្វាន់នេះ។  
 
ផ្ទះដែលទទួលបានពានរង្វាន់ ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥នេះ ក្រៅតែមានបន្ទប់ទូលាយ​ មានសួនផ្កា​និងបរិស្ថានល្អហើយនោះ ម្ចាស់ផ្ទះក៏មានការរៀបចំនូវបទបញ្ជាផ្ទៃក្នុង ការណែនាំ និងបំរាមផ្សេងៗសម្រាប់អ្នកស្នាក់នៅអនុវត្ត ផងដែរ។ លោក សុវណ្ណ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖« ផ្ទះស្នាក់នីមួយៗរបស់ប្រជាសហគមន៍យើងគឺមានលក្ខណៈស្អាតរៀងៗខ្លួន គ្រាន់តែម្ចាស់ផ្ទះខ្លះភ្លេចនូវការរៀបចំបទបញ្ជាផ្ទៃក្នុង និងបំរាមនានាតាមការណែនាំរបស់សហគមន៍ ទើបធ្វើឱ្យពួកគាត់បាត់ពិន្ទុពីអ្នកវាយតម្លៃ»។ 
 
ចំពោះផ្ទះស្នាក់នៅ«សុខ ស្រីមុំ»និង«មាន មាន» ដែលទទួលបានពាន ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥ ត្រូវបានលោកប្រធានសហគមន៍អេកូទេសចរណ៍ជីផាត អះអាងថា ម្ចាស់ផ្ទះស្នាក់ទាំងពីរបានគោរពតាមការណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ ដែលធ្វើឱ្យផ្ទះរបស់ពួកគាត់ទទួលបានទទួលពិន្ទុបន្ថែមខ្ពស់ ពីគណៈកម្មការវាយតម្លៃ ASEAN Tourism។ 
 
លោក ពាន់ រិទ្ធី និងភរិយា ម្ចាស់ផ្ទះស្នាក់ «សុខ ស្រីមុំ» ទទួលបានពានរង្វាន់​ស្តង់ដារ​ផ្ទះ​ស្នាក់​នៅ​អាស៊ាន  ឆ្នាំ២០២៣-២០២៥។ រូបថត៖ Contemporary Sustainable Tourism

លោក អន សុវណ្ណ នឹងបន្តខិតខំគោរពតាមណែនាំរបស់ក្រសួងទេសចរណ៍ ព្រមទាំងគោលនយោបាយរបស់អាស៊ាន ស្តីពីស្តង់ដារសហគមន៍ និងស្តង់ដារផ្ទះស្នាក់របស់អាស៊ាន ដើម្បីឱ្យផ្ទះស្នាក់នៅក្នុងសហគមន៍ជីផាត មានលទ្ធភាពទទួលបានពានរង្វាន់ ASEAN Homestay Standard​ កាន់តែច្រើន។ ទន្ទឹមនេះ លោកនឹងបន្តពង្រឹងគុណភាពផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍បន្ថែម ជាពិសេសលើកទឹកចិត្តពលរដ្ឋផ្សេងទៀត ដែលមានបំណងចង់ក្លាយជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ។ បច្ចុប្បន្ន សហគមជីផាត មានផ្ទះស្នាក់ចំនួន១៤ខ្នង ។ 
 
«យើងនឹងបំពាក់បំប៉ន និងបណ្តុះបណ្តាលដល់ប្រជាសហគមន៍យើងបន្ថែម ជាពិសេសម្ចាស់ផ្ទះស្នាក់ សម្រាប់ការប្រឡងប្រណាំងយកពានរង្វាន់ស្តង់ដារ​ផ្ទះ​ស្នាក់​នៅ​អាស៊ានឆ្នាំ២០២៦-២០២៨»។ នេះជាការប្តេជ្ញារបស់លោក អន សុវណ្ណ ដោយបន្តនិយាយថា ការទទួលពានរង្វាន់អាស៊ាន គឺជាចំណុចដ៏ល្អមែនទែន សម្រាប់សហគមន៍អេកូទេសចរណ៍ជីផាត​ ក៏ដូចជាវិស័យទេសចរណ៍របស់កម្ពុជាទាំងមូល ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ​ឱ្យមកលេងកម្សាន្ត។ 
 
​លោក សុវណ្ណ បានបន្ថែមយ៉ាងខ្លីថា ទេសចរអន្តរជាតិដែលមកលេងកម្សាន្តនៅជីផាត បានចំណាយពេលជាមធ្យមគឺ២យប់៣ថ្ងៃ។ 
 
សូមជម្រាបថា ពានរង្វាន់ ​ASEAN Homestay Standard​​ ឆ្នាំ២០២៣-២០២៥ ត្រូវបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣(ASEAN Tourism Forum 2023/ATF2023)កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាទទួលជ័យលាភី និង ពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្ត ចំនួន៨ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តកោះកុង។
 
សម្រាប់ខេត្តកោះកុង ទទួលបានជ័យលាភីចំនួន៤ ពីស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ដែលនៅក្នុង នោះគឺមានពានរង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ានបានទៅលើស្ថានីយ៍ប្រេង PTT Station Koh Kong ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ, ពានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន៣ គឺ ផ្ទះស្នាក់ ឥន្ទ្រី Eagle Homestay  ស្ថិតនៅឃុំជំនាប់,  ផ្ទះស្នាក់«សុខ ស្រីមុំ» ស្ថិតនៅឃុំជីផាត និងផ្ទះស្នាក់«មាន មាន» ស្ថិតនៅឃុំជីផាត នៃស្រុកថ្មបាំង។ 
 
កោះកុងត្រូវបានចាត់ទុកថាជាខេត្តដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិយ៉ាងសម្បូរបែប តំបន់ឆ្នេរសមុទ្រដែលវែងជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រជុំកោះជាច្រើន៕ 
 

Tag:
 ទេសចរណ៍
  ជីផាត
© រក្សាសិទ្ធិដោយ thmeythmey.com