ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ប្រកាសជាថ្មីពីការប្តេជ្ញាចិត្តធ្វើការជាមួយចិន ដើម្បីប្រយោជន៍ប្រជាជនទាំងសងខាង
13, Mar 2023 , 11:22 am        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីហ្វេសប៊ុករបស់សម្តេច, រូបលោក លី ឈាំង ពី AFP
រូបសម្តេច ហ៊ុន សែន ពីហ្វេសប៊ុករបស់សម្តេច, រូបលោក លី ឈាំង ពី AFP
ដោយ៖ ទេពញាណ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ពង្រឹងកិច្ចសហប្រតិបត្តិការ «គ្រប់ជ្រុងជ្រោយ» លើកកម្ពស់សហគម៍វាសនារួមគ្នា និងដើម្បីប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំង២។



ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរទៅកាន់លោក លី ឈាំង ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ចិន។ ក្នុងលិខិតដែលចុះកាលបរិច្ឆេទ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ មេដឹកនាំកម្ពុជា វាយតម្លៃថា ការតែងតាំងលោក លី ឈាំង ជានាយករដ្ឋមន្រ្តី បង្ហាញឲ្យពីការជឿទុកចិត្តរបស់រដ្ឋាភិបាលចិនទៅលើលោក។ 

«ខ្ញុំ ជឿជាក់យ៉ាងមុតមាំថា តាមរយៈភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងបទពិសោធច្រើនឆ្នាំរបស់ឯកឧត្តម ប្រទេសចិន នឹងសម្រេចបានគោលដៅអភិវឌ្ឍយូរអង្វែងរបស់ខ្លួន ជំរុញភាពរុងរឿងដ៏អស្ចារ្យ និងដើរតួនាទីកាន់តែសំខាន់ថែមទៀត នៅលើឆាកអន្តរជាតិ»។ នេះជាសំណេរ១ឃ្លាក្នុងលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលផ្ញើទៅកាន់លោក លី ឈាំង។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ី ជិនភីង ត្រូវបានសភាប្រជាជនចិន បោះឆ្នោតគាំទ្រឲ្យបន្តកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តចិន ខណៈលោក លី ឈាំង ជាប់ជានាយករដ្ឋមន្រ្តី ជំនួសលោក លី ខឹឈាំង។ ព្រះករុណាជាម្ចាស់ជីវិតលើត្បូងនៃប្រជាជនខ្មែរ ក៏បានប្រទានព្រះរាជសារទៅអបអរសាទរលោក ស៊ី ជិនភីង ដែរ៕ 

 

Tag:
 កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com