កីឡាអន្តរជាតិ
អន្តរជាតិ
Man United ​មិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តល់កាតក្រហមទៅ Casemiro ឡើយ
14, Mar 2023 , 4:36 pm        
រូបភាព
Manchester United នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ពិន័យហាម ៤ប្រកួត លើ Casemiro ឡើយ បន្ទាប់ពីកីឡាករខ្សែបម្រើរូបនេះ ទទួលបានកាតក្រហមទល់ក្រុម Southampton។



ការប្រកួតក្របខណ្ឌ Premier League នាទឹកដី Old Trafford កាលពីថ្ងៃទី១២ មីនា បន្ទាប់ពី Casemiro បានប៉ះទង្គិចលើកីឡាករ Carlos Alcaraz ក្រុម Southampton ក្រោយមក​អាជ្ញាកណ្តាលការប្រកួតបានផ្តល់កាតក្រហមដល់ Casemiro ក្រោយពីបានពិនិត្យប្រព័ន្ធ VAR រួច។ Man United បានត្រឹមប្រកួតស្មើលទ្ធផ​ល​ ០-០ ទល់ក្រុមបាតតារាង។
 
កាលពីខែកុម្ភៈ Casemiro ធ្លាប់ទទួលបានកាតក្រហមម្តងរួចមកហើយនាការប្រកួតទល់ Crystal Palace និងជាលើកដំបូងចាប់តាំងពីចូលរួមជាមួយ Man United។ ទទួលបានកាតក្រហមម្ដងនេះ Casemiro ក្លាយជាកីឡាករក្រុមបិសាចក្រហមដំបូង ដែលទទួលបានកាត់ក្រហម ២ដងក្នុងមួយរដូវកាលនៃ Premier League បន្ទាប់ពីកីឡាករខ្សែការពារ Nemanja Vidic ក្នុងរដូវកាល ២០១៣-១៤។
 
កាតក្រហម ២ដងក្នុងមួយរដូវកាល បានន័យថា Casemiro នឹងត្រូវរងការពិន័យហាមឃាត់ ៤ប្រកួត ដោយរូបគេនឹងត្រូវខកខានការប្រកួត FA Cup វគ្គ ៨ក្រុមចុងក្រោយទល់ Fulham ខណៈជំនួបក្នុង Premier League ទល់ Newcastle United, Brentford និង Everton។
 
ទោះជាយ៉ាងណាថ្ងៃទី១៣ មីនា Man United បានបញ្ជាក់ថាក្លិបនឹងមិនប្តឹងឧទ្ធរណ៍លើរឿងហាមឃាត់លើកីឡាករសញ្ជាតិប្រេស៊ីលឡើយ ដោយក្លិបលើកហេតុផលថា ទោះតវ៉ាក៏គ្មានឱកាសចោលបម្រាមឡើយ។ «វាគ្មានឱកាសខ្ពស់នោះទេដើម្បីលុបចោលបម្រាមនោះ។»។ នេះអ្វីដែលក្លិបបិសចក្រហមបានលើកឡើង។
 
ក្នុងការប្រកួត ៧លើកក្នុងក្របខណ្ឌ Premier League ដែល Man United គ្មានវត្តមាន Casemiro លទ្ធផលការប្រកួតទាំងនោះរកបានជ័យជម្នះត្រឹម ៣លើក ស្មើ១ និងចាញ់ ៣លើក។ មួយវិញទៀតភាគរយនៃជ័យជម្នះរបស់ក្រុមបានធ្លាក់ពី ៦៣,២ភាគរយ មកនៅត្រឹម ៤២,៩ភាគរយពេលអវត្តមានខ្សែបម្រើប្រេស៊ីលរូបនេះ។
 
យ៉ាងណាមិញក្រោយការប្រកួតទល់ក្រុម Southampton បានបញ្ចប់ភ្លាមៗកាលពីថ្ងៃទី១២ មីនា លោក Erik ten Hag ក៏បានលើកឡើងថាខ្សែបម្រើ Casemiro ទទួលបានកាតក្រហមដោយអយុត្តិធម៌បំផុត និងបានស្តីបន្ទោសមន្ត្រីអាជ្ញាកណ្តាលថាធ្វើឱ្យការប្រកួតរបស់បិសាចក្រហមបញ្ចប់ទៅត្រឹមលទ្ធផលស្មើ៕
 

Tag:
 Manchester United
  Casemiro
© រក្សាសិទ្ធិដោយ thmeythmey.com