កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហុក សុចិត្រា ប្ដេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់វិស័យកីឡាបាល់ទាត់កម្ពុជា
15, Mar 2023 , 8:59 am        
រូបភាព
សមាជិក៣រូប ជាប់ឆ្នោតក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់លើកទី១៧ រូបពី Cambodian Premier League
សមាជិក៣រូប ជាប់ឆ្នោតក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់លើកទី១៧ រូបពី Cambodian Premier League
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា បានប្ដេជ្ញាថានឹងប្រើសមត្ថភាពខ្លួន ជួយវិស័យបាល់ទាត់កម្ពុជា តាមរយៈការជួយបណ្ដុះបណ្ដាលសមត្ថភាព និងធនធានកីឡាករ។ ការប្ដេជ្ញា ចិត្តនេះ ធ្វើឡើងក្រោយពីរូបលោក ត្រូវបានជាប់ជាសមាជិកគណ:កម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិថ្មី ២០២៣-២០២៧ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Garden City។



លោក ហុក សុចិត្រា សមាជិកគណៈកម្មការប្រតិបត្តិអាណត្តិថ្មី បានប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា រូបលោក ពិតជាសប្បាយចិត្ត ចំពោះសមាសភាពមួយនេះ ហើយក៏បានតាំងចិត្តថា នឹងប្រឹងប្រែងជួយវិស័យបាល់ទាត់កម្ពុជាឲ្យអស់ពីសមត្ថភាព ដែលអាចធ្វើទៅបាន។ 
  

លោក ហុក សុចិត្រា នៅខាងស្ដាំដៃ ក្នុងមហាសន្និបាតលើកទី១៧ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សមាជិកគណៈកម្មការរូបនេះ បាននិយាយដូច្នេះថា៖«ការជាប់ជាគណះកម្មការប្រតិបត្ត FFC នេះ សំរាប់ការចូលរួមចំណែករបស់ខ្ញុំដើម្បីជំរុញវិស័យបាល់ទាត់ឲ្យបានលឿនទៅមុខ ក្នុងនោះផងដែរ នឹងជំរុញ នៅកម្រិតនៃការអភិវឌ្ឃន៍សមត្ថភាព របស់ក្រុមជម្រើសជាតិ និងការប្រកួតរបស់កីឡាករ និងជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ចូលរួមជាមួយបាល់ទាត់។»។
 
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើមហាសន្និបាតលើកទី១៧ នៅសណ្ឋាគារ Garden City កាលពីថ្ងៃទី១១ ខែមីនា។ មហាសន្និបាតនេះ មានសមាជិកមកពីសមាគម និងក្លិបបាល់ទាត់មកពីបណ្ដាល់ខេត្ត-រាជធានី ទាំង២៥ មានចំនួន ៣៨។ លោក ហុក សុចិត្រា បានទទួលសំឡេងឆ្នោតគាំទ្រ ៣៨/៣៨ ធ្វើជា សមាជិកគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិថ្មី ២០២៣-២០២៧។
 
ក្នុងមហាសន្និបាតនេះផងដែរ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និង លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត  ទទួលបានសំឡេងគាំទ្រ ១០០ភាគរយ ឲ្យបន្ដធ្វើជាសមាជិកគណ:កម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិថ្មី ២០២៣-២០២៧៕


លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា
 

Tag:
 បាល់ទាត់
  ហុក សុចិត្រា
© រក្សាសិទ្ធិដោយ thmeythmey.com