កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Haaland ជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រស៊ុតបញ្ចូលទី ៥គ្រាប់ ជួយ Man City ឡើងវគ្គ ៨ក្រុម
15, Mar 2023 , 10:18 am        
រូបភាព
Haaland ក្លាយជាកីឡាករទី៣ ក្នុងប្រវត្តិសាស្ត្រ Champions League ដែលស៊ុតបាល់ ៥គ្រាប់ក្នុងមួយប្រកួត តាមស្មើកំណត់ត្រា Lionel Messi និង Luiz Adriano ។ រូបគេបានជួយក្រុម Manchester City បន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ឈ្នះ RB Leipzig ៧-០។ រីឯ Inter Milan ឈ្នះ FC Porto ដោយគ្រាប់ចំណេញកាលពីជើងទីមួយ ដ្បិតជំនួបជើងទីពីរត្រឹមស្មើ ០-០។



គ្រាប់បាល់ ៥គ្រាប់ ដែលជាកំណត់ត្រាថ្មីសម្រាប់ ​Haaland ក្នុងអាជីព ធ្វើបាននៅនាទី២២, ៤៤, ៤៥+២, ៥៣ និង ៥៧ ខណៈពីគ្រាប់ផ្សេងទៀត Ilkay Gundogan និង Kevin De Bruyne ជាអ្នកសម្រេចទី បញ្ចប់លទ្ធផលការប្រកួត Man City ឈ្នះ ៧-០ ក្នុងកីឡដ្ឋាន Etihad ។
  


ក្រោយនាំជ័យជម្នះដ៏ធំសម្រាប់ Man City ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បានក្លាយជាកីឡាករទី៣ ប្រចាំប្រវត្តិសាស្រ្តការប្រកួត UEFA Champions League បន្ទាប់ពីខ្សែប្រយុទ្ធ Lionel Messi ក្នុងឆ្នាំ ២០១២ ដោយកាលនោះក្រុម Barcelona ឈ្នះ ៧-១ លើ Leverkusen និងកីឡាករ ​Luiz Adriano ក្រុម Shakhtar Donetsk ឈ្នះ BATE Borisov ៧-០ ។ មួយវិញទៀត ៥គ្រាប់នេះ ក៏ជាការរកបានគ្រាប់បាល់ចំនួន ១០គ្រាប់ ក្នុងការប្រកួត Champions league រដូវកាលនេះសម្រាប់ ​Haaland ផ្ទាល់។
 
សម្រាប់រដូវកាលដំបូងជាមួយ Man City ទៀតសោត ខ្សែប្រយុទ្ធសញ្ជាតិន័រវែស រកបានគ្រាប់បាល់ Hat-trick លើកទី៥ ក្នុងការប្រកួតក្របខណ្ឌ Premeir League ។ រដូវកាល ២០២២-២៣ នេះ Haaland រកបានគ្រាប់បាល់ ៣៩គ្រាប់ ធ្វើឱ្យកីឡាករវ័យ ២២ឆ្នាំនេះ បានបំបែកកំណត់ត្រាលោក Tommy Johnson ប្រចាំក្លិប Man City ឆ្នាំ ១៩២៨-២៩ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បាន ៣៨គ្រាប់ក្នុងមួយរដូវកាល។



Haaland ក៏ក្លាយជាកីឡាករវ័យក្មេង និងជាកីឡាករលឿនបំផុតដែលរកបានគ្រាប់បាល់ ៣០គ្រាប់ប្រចាំ Champions League។ 
 
ចំណែកការប្រកួតមួយគូរផ្សេងទៀតក្រុម Inter Milan ដណ្តើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីបានប្រកួតស្មើត្រឹមលទ្ធផល ០-០ ទល់ក្រុម FC Porto។ កាលប្រកួតជើងទីមួយនៅទឹកដីប្រទេសអ៊ីតាលី Inter Milan មានប្រៀបដោយបានយកឈ្នះការប្រកួតក្នុងទឹកដីខ្លួនលទ្ធផល ១-០ រួចជាស្រេច ដើម្បីប្រជែងក្នុងជើងទីពីរដោយទំនុចិត្ត។
 
នេះក៏ជាលើកដំបូងសម្រាប់ Inter Milan ដែលចូលរួមជាមួយក្រុមគូប្រជែងទីក្រុងតែមួយ ​AC Milan ចាប់ដៃគ្នាឆ្លងទៅកាន់វគ្គ ៨ក្រុមចុងក្រោយលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៦ ដែលជាឆ្នាំក្រុមទាំងពីរឈានដល់វគ្គនេះចុងក្រោយបង្អស់៕
 

Tag:
 UEFA
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com