ជាតិ
សង្គមជាតិ
ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍ដែលប្រើស៊ីម ត្រូវយកទៅចុះបញ្ជីអត្តសញ្ញាណដាច់ខាត
15, Mar 2023 , 8:59 pm        
រូបភាព
រូបភាពដោយ pexels។
រូបភាពដោយ pexels។
ភ្នំពេញ៖ ថ្មីៗនេះ រាដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្ដីពី «ការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគនាគមន៍ប្រើស៊ីម»។ ការចុះបញ្ជីអត្តសញ្ញាណនេះ គឺសម្រាប់ប្រភេទឧបករណ៍ទំនាក់ទំនងប្រើស៊ីម ដូចជាទូរស័ព្ទឆ្លាត(smart phone)ប្រើស៊ីម ឬអ៊ីស៊ីម(E-SIM), ទូរស័ព្ទធម្មតាប្រើស៊ីម, ទូរស័ព្ទអចល័តឥតខ្សែប្រើស៊ីម, កំព្យូទ័របន្ទះប្រើស៊ីម, កំព្យូទ័រប្រភេទភីឌីអេ និងកុំព្យូទ័រ(លើតុ) និងកំព្យូទ័រយួរដៃដែលប្រើស៊ីម។



ក្រៅពីទូរស័ព្ទ និងកំព្យូទ័រ ឧបករណ៍មួយចំនួនទៀតដែលត្រូវយកចុះបញ្ជីដែរនោះរួមមាន ឧបករណ៍ដងហ្គោលប្រើស៊ីម, ម៉ូដឹមដែលប្រើស៊ីម, ឧបករណ៍រ៉ោទ័រដែលប្រើស៊ីម, សៀវភៅអេឡិចត្រូនិកប្រើស៊ីម, សម្ភារៈ ឬឧបករណ៍ផ្សេងៗទៀត ដែលកំណត់ដោយក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ 
  
លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍។ 

យោងតាមអនុក្រឹត្យ ក្រោមហត្ថលេខានាយករដ្ឋមន្ត្រី នៅថ្ងៃទី០៣កុម្ភៈ ការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគនាគមន៍ប្រើស៊ីមនេះ ដើម្បីទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនោះ ដោយប្រើស៊ីមក្លែងក្លាយ, ឧបករណ៍ជារបស់ចោរលួច និងនាំចូលខុសច្បាប់, ការពារអ្នកប្រើប្រាស់, បង្កើនគុណភាពសេវាទូរគមនាគមន៍, លើកកម្ពស់ការប្រកួតប្រជែងដែលមានតម្លាភាពនិងស្មោះត្រង់ និងចូលរួមរកចណូលថវិកាជាតិ។ 
 
ដោយឡែកការចុះបញ្ជីនេះ លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពីកាលបរិច្ឆេទនៃការអនុវត្ត និងការយកថ្លៃសេវាផ្សេងៗនោះ។ លោកផ្ញើសារអក្សរតាមតេឡេក្រាម នៅថ្ងៃទី១៣មីនាថា ចំពោះនីតិវិធីក្នុងចុះអត្តសញ្ញាណនេះ ក៏ដូចជា(ថ្លៃ)សេវាជាដើមនោះ ក្រសួងនឹងរៀបចំប្រកាស និងជូនដំណឹងដល់សាធារណៈជននាពេលខាងមុខ។ 
 
ពាក់ព័ន្ធនឹងការចុះបញ្ជីឧបករណ៍នេះ ធ្វើឡើងតាមប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (National Equipment Identity Registration System – National EIRS) ដែលមុខងាររបស់វា គឺគ្រប់គ្រង និងធ្វើឯកសណ្ឋានភាពជាមួយប្រព័្ធន EIR (Equipment Identity Register) ដែលដំឡើងដោយប្រតិបត្តិករទូរស័ព្ទចល័ត ស្របតាមបទប្បញ្ញត្តិជាធរមាន។
 
អ្នកនាំពាក្យ លោក លីវ សុផាណារិទ្ធិ បានបញ្ជក់ទៀតថា ការចុះបញ្ជីអត្តសញ្ញាណនេះ គឺត្រូវអនុវត្តប្រើប្រាស់ទាំងប្រតិបត្តិករទូរសព្ទ, អ្នកនាំចូលឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ក៍ដូចជាអ្នកប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមទាំងអស់ ដើម្បីចូលរួមចុះបញ្ជីនេះ តាមប្រព័ន្ធនេះ។ 
 
នៅក្នុងអនុក្រឹត្យក៏បានចែងថា ក្នុងករណីរកឃើញថា បុគ្គលណាមួយមិនធ្វើតាមអនុកក្រឹត្យដែលបានចែង ពាក់ព័ន្ធនឹងការចុះអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម នឹងរងពិន័យទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍។ ពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី២លានរៀល រហូតដល់៥រយលានរៀល៕ 
 

Tag:
 ThmeyThmey
  ការចុះបញ្ជីអត្តសញ្ញាណ
  ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម
  ក្រសួងប្រៃសណីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com