ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរ កុំឱ្យស្លន់ស្លោ ដោយសារធនាគារអាម៉េរិកដួលរលំ
16, Mar 2023 , 9:14 am        
រូបភាព
នាពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុប ៤,៥៦៦នាក់ នាព្រឹកថ្ងៃទី១៦ មីនា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឱ្យមានការព្រួយបារម្ភលើបញ្ហាសាច់ប្រាក់ដែលកំពុងដំណើរការនៅក្នុងធនាគារ នៃកម្ពុជា ក្រោយពីធនាគារអាម៉េរិកចំនួន២ បានដួលរលំ។



«កុំភិតភ័យ កុំស្លន់ស្លោចំពោះមុខ ដោយសារការដួលរលំធនាគារអាម៉េរិក»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលអំពាវនាវកុំពលរដ្ឋនាំគ្នាសម្រុកដកប្រាក់ចេញពីធនាគារ ដែលនាំឱ្យខាតបង់អត្ថប្រយោជន៍ផ្ទាល់ខ្លួន ពីអត្រាការប្រាក់បញ្ញើរ។ មូលហេតុដែលសម្ដេច អំពាវនាវបែបនេះ ដោយសារតែពលរដ្ឋខ្មែរ កន្លងមកធ្លាប់ជ្រួលច្របល់ដកប្រាក់ចេញពីធនាគារ ដោយសារបញ្ហាសេដ្ឋកិច្ច កាលពីអំឡុងឆ្នាំ២០០៨។
 
សម្ដេច ហ៊ុន សែន បានបន្ថែមថា បញ្ហាធនាគារអាម៉េរិកដួលរលំនេះ មិនប៉ះពាល់អ្វីដល់ចរន្តសាច់ប្រាក់ធនាគារនៅកម្ពុជានោះទេ។ ម្យ៉ាងទៀតបញ្ហាធនាគារនៅអាម៉េរិកនេះ ធ្លាប់បានកើតឡើងម្ដងមកហើយ កាលពីវិបត្តិសេដ្ឋកិច្ចសាកល នាអំឡុងឆ្នាំ២០០៨ ប៉ុន្តែអាម៉េរិកអាចដោះស្រាយបញ្ហានេះបាន ។ ចំណែកធនាគារនៅកម្ពុជា ក៏មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដែរ នៅអំឡុងពេលនោះ។
 
គួរបញ្ជាក់ថា ធនាគារធំៗចំនួនពីរនៅអាម៉េរិកគឺ Silicon Valley Bank និង Signature Bank បានដួលរលំ។ អ្នកជំនាញជាច្រើនបានបង្ហាញពីមូលហេតុនៃការដួលរលំរបស់ SVB និង Signature Bank ដោយសារតែ FED បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ស្កាត់អតិផរណាដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារភាគហ៊ុន។ ដូច្នោះហើយ អ្នកជំនាញរំពឹងថា FED ប្រហែលជាត្រូវផ្អាកគោលនយោបាយបច្ចុប្បន្ន ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com