កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ៖ Man United ទោះមានប្រៀបតែមិនបន្ធូរឡើយសម្រាប់ Real Betis
16, Mar 2023 , 8:29 pm        
រូបភាព
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថាទោះមានប្រៀបដល់ ៣គ្រាប់ ប៉ុន្តែក្រុមនឹងមិនបន្ធូរបន្ថយឡើយ ពេលលេងប៉ះ Real Betis ជើងទីពីរនៃជំនួប Europa League រាត្រីថ្ងៃទី១៦ ខែមីនា។



កាលពីការប្រកួតជើងទីមួយក្នុងទឹកដី Old Trafford ក្រុមបិសាចក្រហមជាម្ចាស់ផ្ទះបានលុត Real Betis មកពីអេស្ប៉ាញលទ្ធផល​ ៤-១ ដោយកីឡាករ Marcus Rashford, Antony, Bruno Fernandes និង Wout Weghorst ជាអ្នកស៊ុតបាល់បញ្ចូលទី ក្រោយ ៤ថ្ងៃ បន្ទាប់ពីរងបរាជ័យធំក្រោមថ្វីជើង Liverpool លទ្ធផល ៧-០ ក្នុង Premier League រួច។
 
ទោះជាមានគ្រាប់បាល់ចំណេញនាំមុខច្រើន តែអ្នកចាត់ការសញ្ជាតិហូឡង់និយាយថា រាល់ការប្រកួតក្រុមគឺត្រូវមត់ចត់ ព្រោះលទ្ធផលអាចប្រែប្រួលគ្រប់ពេល ប្រសិនក្រុមមានភាពធ្វេសប្រហែស។
 
«គ្រប់ការប្រកួតគឺត្រូវតែមត់ចត់បំផុត ហើយយើងនឹងលេងនូវអ្វីជាក្រុមរបស់យើង ទោះនាំមុខក្តី។ ប្រាកដណាស់យើងត្រូវតែបង្កើតក្រុមដែលអាចសម្របខ្លួនបានអំឡុងពេលប្រកួត យើងក៏ដឹងថាគូប្រកួតរបស់យើងក៏អាចធ្វើបានដូចគ្នា ព្រោះពួកគេមានកីឡាករល្អៗច្រើនដូចគ្នា និងការតាំងចិត្ត ដូច្នេះយើងត្រូវដឹងថាត្រៀមខ្លួនរួចរាល់សម្រាប់តទល់ពួកគេ។»។ លោក ten Hag និយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
 
សម្រាប់ការប្រកួតទល់ Real Betis កីឡាករខ្សែបម្រើ Casemiro ដែលទទួលបានកាតក្រហមនៅ Premier league កាលពីសប្តាហ៍មុន ក៏នឹងមានវត្តមានជាមួយក្រុមប្រកួតនៅទឹកដីអេស្ប៉ាញ រួមជាមួយ Bruno Fernandes។ ចំណែក Antony គ្មានឈ្មោះប្រកួតព្រោះរបួស ។ ចំណែកកីឡាករស្ថិតក្នុងបញ្ជីរបួសស្រាប់ Anthony Martial, Christian Eriksen និង Donny van de Beek៕
 
ការប្រកួតវគ្គ ១៦ក្រុមជើងទីពីរ Europa League គូរដទៃទៀត៖
 
Fenerbahce ទទួល Sevilla​
Feyenoord ទទួល Shakhtar Donetsk
Freiburg ទទួល Juventus
Arsenal ទទួល Sporting
Ferencvaros ទទួល Bayer Leverkusen
Real Sociedad ទទួល Roma
Union St.Gilloise ទទួល Union Berlin
 

Tag:
 Erik ten Hag
  Manchester United
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com