កីឡាជាតិ
ជាតិ
នាយកបច្ចេកទេសកីឡាអុកចត្រង្គ៖ ការដាក់ពិន្ទុប្រកួតជាតិ និងអន្ដរជាតិ ប្រើស្ដង់ដារតែមួយ
17, Mar 2023 , 11:18 am        
រូបភាព
លោក ប៊ិន គាសេង នាយកបច្ចេកទេសកីឡាអុកចត្រង្គ
លោក ប៊ិន គាសេង នាយកបច្ចេកទេសកីឡាអុកចត្រង្គ
លោក ប៊ិន គាសេង នាយកបច្ចេកទេសកីឡាអុកចត្រង្គកម្ពុជា បានបញ្ជាក់ប្រាប់ថា បច្ចេកទេសក្នុងការដាក់ពិន្ទុប្រកួតព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ គឺប្រើស្ដង់ដារតែមួយ។ ស្ដង់ដារតែមួយនោះ គឺសម្ដៅទៅលើពេលវេលា ប្រើប្រាស់សម្រាប់កីឡាករម្នាក់ៗ, ពិន្ទុ សម្រាប់អ្នកឈ្នះ និងស្មើ ហើយការព្រមព្រៀងឈ្នះឬចាញ់រវាងគូប្រកួត​នីមួយៗ។


 
លោក ប៊ិន គាសេង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ ពីបច្ចេកទេស នៃការដាក់ពិន្ទុកីឡាអុកចត្រង្គថា ទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ គឺត្រូវប្រើប្រាស់ស្ដង់ដាក់ពិន្ទុតែមួយប៉ុណ្ណោះ ។ នាយកបច្ចេកទេសរូបនេះ បកស្រាយថា ការប្រកួតរវាងគូនីមួយៗ មាន២ក្ដារ ហើយក្នុងមួយក្ដារ កីឡាករ អាចមានសិទ្ធប្រើប្រាស់ពេលវេលាត្រឹមតែ ៦០នាទីប៉ុណ្ណោះ។ ប្រសិនជាភាគីណាមួយប្រាស់ពេលវេលាផុតនាទី ដែលកំណត់នោះ ចាត់ទុកថាចាញ់។ 
 
ម្យ៉ាងវិញទៀត មួយក្ដា នៃការប្រកួតមានតែមួយពិន្ទុប៉ុណ្ណោះ បានន័យថា ប្រសិនជាកីឡាករណាឈ្នះ ទទួលបាន១ពិន្ទុ ហើយអ្នកចាញ់ទទួលបាន ០ពិន្ទុ។ ក្នុងករណីស្មើគ្នា កីឡាករ ទទួលបានតែកន្លះពិន្ទុប៉ុណ្ណោះ។ ការប្រកួតត្រូវផ្លាស់ប្ដូប្រើកូន ស និងកូនខ្មៅ ម្នាក់មួយក្ដារ។ ហើយភាគី ដែលប្រើកូនស ត្រូវចេញកូនអុកដើរមុន។ នេះបើតាមលោក ប៊ិន គាសេង។
 
លោក ប៊ុន គាសេង ក៏បានពន្យល់បន្ថែមពីការដាក់ពិន្ទុទៀតថា ការចាញ់ ឬឈ្នះ ក៏អាចសម្រេ​ចលើគូប្រកួតរបស់កីឡាករផងដែរ ក្នុងករណី ដែលដឹងច្បាស់ថាចាញ់ប្រៀបកូនអុកនៅលើក្ដារ។ នោះ មានន័យថាការប្រកួតអុកចត្រង្គ គឺប្រើប្រាស់ទៅលើការគិត ហើយចំពោះកីឡាករ គឺដឹងច្បាស់ខ្លួនឯងហើយ ប្រសិនជាចាញ់ប្រៀបខ្លាំងនៅលើក្ដារ។ ឧទាហរណ៍ថា ភាគីណាមួយ បានបាត់កូនអុកសំខាន់ ដូចជា សេះ ទូក ឬគោ ហើយនៅកូនអ៊ុកតូចៗ ដូចជាត្រីធម្មតា មិនមែនជាត្រីបក។ ច្បាស់ណា ភាគីនោះ អាចសុំចុះចាញ់។ ប៉ុន្ដែ ភាគីចាញ់ប្រៀបកូនអុកនោះ អាចមិនសុំចាញ់ក៏បាន ហើយប្រកួតដល់អស់កូន ឬភាគីម្ខាងទៀតអុកស៊ីស្ដេច។
 
រីឯលក្ខខណ្ឌ ចាញ់ប្រៀបកូនលើក្ដារអុកដែរ ប៉ុន្ដែអាចចាត់ទុកថាស្មើ នោះគឺ ការរាប់ក្រឡាដើរ។ ឧទាហរណ៍ ភាគីម្ខាង នៅសល់តែស្ដេចអុក ហើយនិងត្រីមួយ ហើយភាគីឈ្នះប្រៀប ត្រូវរាប់ចំនួនក្រឡាដើរ។ ចំនួន នៃការដើរ កំណត់តាមកូនអុកដែលនៅក្នុងក្ដារ។ ប្រសិនការដើរ ត្រូវរាប់៦៤ដង ពេលគ្រប់៦៤ដងហើយ នៅតែមិនស៊ីខុន (គ្រាប់អុកស្ដេច) នោះមានន័យថា ក្ដារនេះ ភាគីទាំងសងខាង គឺស្មើគ្នា។
 
ចំពោះការប្រើប្រាស់ពេលកំណត់ ៦០នាទី កីឡាករ ត្រូវដឹងថាខ្លួនគេ អាចប្រើប្រាស់ពេលវេលាក្នុងការគិតពីជំហានកូនអុករបស់គេ និងភាគីប្រកួត ប៉ុន្ដែធ្វើយ៉ាងការប្រកួតមួយក្ដារ មិនអាចលើសនាទីកំណត់។ បើទោះជាមានប្រៀបបន្ដិចចំពោះកូនអុកលើក្ដារ ប៉ុន្ដែ គេក៏អាចកាត់សេចក្ដីថាចាញ់បានដែរ ព្រោះអស់ពេលវេលា។ មួយវិញទៀត ភាគីប្រកួតទាំងសងខាង អាចព្រមព្រៀងគ្នាយកលទ្ធផលស្មើ ក្នុងក្ដាទី១ និងក្ដារទី២ ប្រសិនជាការប្រកួតនោះ ប្រដំប្រសងគ្នា។ ប៉ុន្ដែប្រសិនជាចូលក្ដារទី៣ ច្បាស់ណាស់ គឺត្រូវតែមានអ្នកចាញ់ និងឈ្នះ។ ការប្រកួតអុកនេះ អាចឈានចូលដល់ការប្រកួតក្ដារទី៣ បានលុះត្រាតែ ២ក្ដារ ដំបូងកីឡាករទាំងពីរ គឺស្មើគ្នា។
 
នាយកបច្ចេកទេសនេះ បាននិយាយថា កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាប្រកួត ១ទល់១។ ដូច្នេះ គេតម្រូវឲ្យដាក់ពិន្ទុ លេងដូចស្ដង់ដារអន្ដរជាតិ៕
 

Tag:
 អុកចត្រង្គ
  ប៊ិន គាសេង
© រក្សាសិទ្ធិដោយ thmeythmey.com