FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Infantino ជាប់ឆ្នោតបន្តជាប្រធាន FIFA ដល់ឆ្នាំ ២០២៧ ដោយគ្មានសំឡេងជំទាស់
17, Mar 2023 , 2:39 pm        
រូបភាព
លោក Gianni Infantino ត្រូវបានជាប់ឆ្នោតបន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ដោយគ្មានការជំទាស់ក្នុងកិច្ចប្រជុំរបស់សហព័ន្ធ នៅថ្ងៃទី១៦ ខែមីនា ក្នុងប្រទេសរវ៉ាន់ដា។



បុរសវ័យ ៥២ឆ្នាំ សញ្ជាតិស្វ៊ីសដែលធ្លាប់ធ្វើជាមេធាវី បានចូលមកកាន់កាប់តំណែង ជាប្រធានស្ថាប័នបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៦ ជំនួសលោក Sepp Blatter ដែលកាលនោះពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។ 
 
ការជាប់ឆ្នោតលើកនេះរបស់លោក Infantino ក្លាយជាអាណត្តទីបីហើយ ក្នុងការធ្វើជាប្រធាន FIFA ។ បុរសវ័យ ៥២ឆ្នាំរូបនេះ នៅតែទទួលបានការសាទរខ្លាំងពីសំណាក់សហព័ន្ធបាល់ទាត់ជាសមាជិកចំនួន ២១១ ដូចកាលពី ៤ឆ្នាំមុន ដែលលោកបានជាប់ឆ្នោតជាលើកទីពីរ។
 
បន្ទាប់ពីការប្រកាសដោយទទួលបានសំឡេងនៃការគាំទ្រទាំងអស់ ក្នុងកិច្ចប្រជុំនាកណ្តាលទីក្រុងនៃប្រទេសរវ៉ាន់ដា លោក Infantino បានអរគុណទៅកាន់សមាជិក ដោយបាននិយាយដូច្នេះថា៖«ខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នា។»។
 
លក្ខន្តិកៈរបស់ FIFA កំណត់ថា ប្រធានគ្រប់គ្រងស្ថាប័នបាល់ទាត់ពិភពលោក កំណត់ឱ្យកាន់កាប់ត្រឹមតែរយៈពេល ៣ ឬ ៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោក Infantino វិញ កាន់កាប់តំណែងនេះ មានរយៈពេល ៧ឆ្នាំហើយ។ លោក Infantino បច្ចុប្បន្ននេះបានរៀបចំយ៉ាងល្អក្នុង FIFA ដើម្បីបន្តកាន់តំណែងនេះ រហូតដល់ឆ្នាំ ២០៣១ ។ កាលពីខែធ្នូ ឆ្នាំ ២០២២ ប្រធានស្ថាប័នរូបនេះ បាននិយាយថា រយៈពេល ៣ឆ្នាំដំបូងនៃតំណែងរបស់លោក មិនត្រូវបានរាប់បញ្ចូលជាការកាន់តំណែងពេញលេញទេ។
 
ស្ថិតក្រោមការដឹកនាំរបស់លោក Infantino ព្រឹត្តិការណ៍ World Cup នឹងត្រូវកែប្រែទម្រង់នៃការប្រកួតដោយបន្ថែមក្រុមពីចំនួន ៣២ក្រុម ឡើងទៅ ៤៨ក្រុម ដែលការប្រកួតនឹងធ្វើឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក។ World Cup 2026 មានការប្រកួតដល់ទៅ​ ១០៤ ដែល FIFA ទើបតែសម្រេចដាក់បញ្ចូល។
 
ចំណែកការប្រកួតរបស់ក្រុមនារីវិញ ក៏មានការកើនឡើងចំនួន ៣២ក្រុមលើកដំបូងផងដែរ ក្នុងប្រវត្តិសាស្ត្រនៃ FIFA។ Women World Cup 2023 ធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។
 
មិនតែប៉ុណ្ណោះលោក Infantino ក៏បានប្រកាសអំពីគម្រោងការនៃការទទួលបានប្រាក់ចំណូល ១១ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ ២០២៦ បើធៀបទៅនឹងចំណូល ៧,៥ពាន់លានដុល្លារអំឡុងរយៈពេល ៤ឆ្នាំត្រឹម ឆ្នាំ ២០២២៕
 

Tag:
 FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com