កីឡាអន្តរជាតិ
អន្តរជាតិ
រត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋាន៖ គ្រួសារជនរងគ្រោះខឹងតុលាការ ដែលលើកលែងទោសមន្ត្រីបូលិស ២នាក់
17, Mar 2023 , 8:29 pm        
រូបភាព
តុលាការឥណ្ឌូណេស៊ី ថ្ងៃទី១៦ ខែមីនា បានសម្រេចលើកលែងទោសមន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួន ២រូប ដែលត្រូវបាន​ចោទប្រកាន់ពីបទធ្វើការងារធ្វេសប្រហែស ជុំវិញការប៉ះទង្គិចរត់ជាន់គ្នាស្លាប់មនុស្សចំនួន ១៣៥នាក់ ក្នុងកីឡដ្ឋាននៅខេត្តច្វារខាងកើត កាលពីឆ្នាំមុន។

ការដោះលែងនេះធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ផ្ទុះកំហឹងខ្លាំង។ ក្នុងចំណោមមន្ត្រីប៉ូលិស ៣រូប មានមន្ត្រី ២នាក់ ត្រូវបានលើកលែងទោស ខណៈមន្ត្រីប៉ូលិសម្នាក់ទៀត ត្រូវបានចោទប្រកាន់នឹងសម្រេចដាក់គុករយៈពេល ១៨ខែ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ការកាត់ទោសនេះស្រាលពេក។
 
មន្ត្រីប៉ូលិសក្នុងទីក្រុង Malang ខេត្តច្វាខាងកើត រងការស្តីបន្ទោស សម្រាប់ការបង្កឱ្យមានមនុស្សស្លាប់ដោយរត់ជាន់គ្នា ក្នុងកីឡដ្ឋាន Kanjuruhan ដោយការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបង ដើម្បីបំបែកហ្វូងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Arema FC អុកឡុកក្នុងទីលានប្រកួត ក្រោយបរាជ័យលទ្ធផល ៣-២ ទល់ក្រុមមកពីទីក្រុងតែមួយ Persebaya Surabaya។
 
សាច់ញាតិជនរងគ្រោះដែលស្លាប់ចំនួន ១៣៥នាក់ បានស្រក់ទឹកភ្នែកនៅពេលចៅក្រមបានអានសាលក្រម នៅថ្ងៃចុងក្រោយនៃការកាត់ក្តីលើកលែងទោសនេះ។  មេធាវីតំណាងសាច់ញាតិជនរងគ្រោះ បាននិយាយថាវាជារឿងអយុត្តិធម៍បំផុត។
 
លោក Bambang Sidik Achmadi មន្ត្រីប៉ូលិសទីក្រុង Malang ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានរកឃើញថា គ្មានទោសពីសំណាក់តុលាការក្នុងទីក្រុង ​Surabaya។ មន្ត្រីប៉ូលីសម្នាក់ទៀតឈ្មោះ Wahyu Setyo Pranoto ក៏រកឃើញថាមិនមានទោសដែរ។
 
ប្រធានចៅក្រមលោក Abu Achmad Sidqi Amsya បាននិយាយថា ការចោទប្រកាន់នេះ មិនត្រូវបានបញ្ជាក់ណាមួយឡើយ ហើយចុងចោទទទួលបានសេរីភាព ក្នុងដំណើរនេះ៕
 
 
 
 
 

Tag:
 រត់ជាន់គ្នា
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com