ជាតិ
សង្គមជាតិ
ការរើសអើងលើអ្នកស្រលាញ់ភេទដូចគ្នា នៅតែមាន ដោយសារមិនទាន់មានសិទ្ធិស្របច្បាប់រៀបការ
18, Mar 2023 , 9:01 am        
រូបភាព
ចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសារ របស់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា។ រូបភាពពីទំព័រហ្វេសប៊ុក សហគមន៍ឥន្ទធនូកម្ពុជា (Rock)
ចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសារ របស់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា។ រូបភាពពីទំព័រហ្វេសប៊ុក សហគមន៍ឥន្ទធនូកម្ពុជា (Rock)
ភ្នំពេញ៖ មន្ត្រីអង្គការសហគមន៍ឥន្ទធនូកម្ពុជា (Rock) មើលឃើញថា ការរើសអើងមកលើអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅតែមាន ស្របពេលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមិនទាន់មានច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់ឡើយ។ បើទោះជាមិនទាន់មានច្បាប់រៀបអាពាហ៍ពិពាហ៍ អ្នកសម្របសម្រួលអង្គការនេះ មានសុទិដ្ឋិនិយមថា អ្នកស្រឡាញ់ភេទដូចគ្នាប្រាកដជាអាចទទួលបានសិទ្ធិនេះ។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី និង កញ្ញា លី ពិសី អ្នកសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជារ៉ុកដូចតទៅ៖ 
 
 
មិនថាជាជនសាមញ្ញ,អ្នកទទួលបានការអប់រំ និងអ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមជាដើម ការរើសអើង ដោយសារពួកគេជាអ្នកស្រឡាញ់ភេទដូចគ្នានៅតែមាន។ ថ្វីបើពួកគេ មានចំណេះដឹងប៉ុណ្ណា ជាមនុស្សល្អប៉ុណ្ណា ជួយការងារសង្គមប៉ុណ្ណាក៏ដោយ ក៏សាធារណជនមួយចំនួន ប្រើប្រាស់ពាក្យសម្ដីរើសអើងទៅលើពួកគេ ជាពិសេសនៅលើបណ្ដាញសង្គម។ នេះជាការលើកឡើងរបស់ កញ្ញា លី ពិសី អ្នកសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជា។ 
 
ទោះបីការរើសអើងនៅតែមានទៅលើអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា កញ្ញា លី ពីសី ក៏ទទួលស្គាល់ផងដែរថា ស្ថានភាពរើសអើងនៅកម្ពុជាមានភាពប្រសើរ ដោយពលរដ្ឋបានយល់ដឹងពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ កញ្ញារៀបរាប់ថា៖«(តាម)បណ្ដាញសង្គមហ្វេសប៊ុក តិកតុក អ៊ីនស្ត្រាក្រាម សាធារណជនលេងបណ្ដាញសង្គមទាំងនោះច្រើន យើងឃើញការផ្ដល់មតិខ្លះនៅតែមានភាពរើសអើង មាកងាយ ការប្រើពាក្យមិនសមរម្យ បន្ទោសបង្អាប់អ្នកស្រឡាញ់ភេទដូចគ្នា»។ 
  
កញ្ញា លី ពិសី អ្ននសម្របសម្រួលនៃអង្គការសហគមន៍ឥន្ទធនូ(Rock)។ រូបភាពដោយ ស៊ុល រ៉វី។ 

តែយ៉ាងណាកញ្ញា លី ពិសី ក៏មើលឃើញភាពវិជ្ជមានពីសំណាក់អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាល មកលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។
 
កញ្ញារៀបរាប់បន្ថែមទៀតថា៖«អាជ្ញាធររដ្ឋ ទាំងថ្នាក់មូលដ្ឋាន ក្រុមបឹក្សាឃុំ សង្កាត់ ស្រុក ក្រសួង តែងតែចេញមុខគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ហើយលោកមានប្រសាសន៍ពេញៗមាត់ថា កម្ពុជាឈរលើជំហរមិនរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា»។ 
 
ទោះបីមានការគាំទ្រ និងឈរលើគោលជំហរមិនរើសអើងក៏ដោយ ប៉ុន្តែសិទ្ធិទទួលបានការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ជាអ្វីដែលអ្នកស្រឡាញ់ភេទដូចគ្នាត្រូវការ។ ត្រង់ចំណុចនេះ កញ្ញា លី ពិសី អះអាងថា បច្ចុប្បន្នកំពុងដំណើរការទៅមុខ នៃការទាមទារឱ្យមានសិទ្ធិទទួលបានការរៀបអាពាហ៍ពិពាហ៍ ដូចពលរដ្ឋអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរ។ 
 
កញ្ញាក៏មានសុទិដ្ឋិនិយមផងដែរថា អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុចា ក៏នឹងអាចទទួលបានច្បាប់រៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដោយសំអាងលើការទទួលយកអនុសាសន៍«ការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់» (UPR) កាលពីឆ្នាំ២០១៩ របស់រដ្ឋាភិបាលកម្ពុជា  ដោយពេលនោះ កម្ពុជាទទួលអានុសាសន៍ចំនួន៩ អំពីការការពារសិទ្ធិ LGBTIQ»។ 
 
អនុសាសន៍ទាំងនោះផ្ដោតលើកំណែទម្រង់ច្បាប់ និងគោលនយោបាយ៣ចម្បង។ ទី១ វិសោធនកម្ម មាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតសមភាពអាពាហ៍ពិពាហ៍ស្របច្បា់សម្រាប់ដែគូភេទដូចគ្នា។ ទី២ បង្កើតច្បាប់និងគោលនយោបាយប្រឆាំងការរើសអើងផ្អែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ។ ទី៣ បង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រសម្រាប់អ្នកប្ដូរយេនឌ័រ។ 
 
ជុំវិញអនុសាសន៍ខាងលើដែលកម្ពុជាទទួលយកនេះ កញ្ញា លី ពិសី ចង់ឱ្យរាជរដ្ឋាភិបាលពន្លឿន លើការធ្វើវិសោធនកម្មច្បាប់នោះ ស្របទៅនឹង ការទទួលយកអនុសាសន៍ UPR នេះផងដែរ។ 
 
គួរជម្រាបផងដែរថា អង្គការសហគមន៍ឥន្ទធនូកម្ពុជា Rock  ត្រូវបានផ្ដួចផ្ដើមតាំងពីឆ្នាំ២០០៩ ដោយកើតចេញពីសប្ដាហ៍មោទនភាព។ ក្រោយមកនៅឆ្នាំ២០១៤ Rock បានក្លាយជាអង្គការមិនមែនរដ្ឋាភិបាលរបស់អ្នកស្រឡាញ់ភេទដូចគ្នាដំបូងនៅកម្ពុជា។ បច្ចុប្បន្នអង្គការមួយនេះ មានសមាជិកជាអ្នកស្រឡាញ់ភេទដូចគ្នាជាង ២៥០០នាក់៕ 

Tag:
 ThmeyThmey
  សហគមន៍ឥន្ទធនូ
  អ្នកស្រឡាញ់ភេទដូចគ្នា
  UPR
  លី ពិសី
© រក្សាសិទ្ធិដោយ thmeythmey.com