កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហ្វីលីពីន នឹងបញ្ជូនប្រតិភូកីឡា ១ ១៦២ មកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា
19, Mar 2023 , 10:20 pm        
រូបភាព
ប្រតិភូកីឡាហ្វីលីពីន រូបពីហ្វេសបុក លោក Bambol Tolentino
ប្រតិភូកីឡាហ្វីលីពីន រូបពីហ្វេសបុក លោក Bambol Tolentino
លោក Bambol Tolentino ប្រធានគណៈកម្មការជាតិអូឡាំពិកហ្វីលីពីន (POC) បានបញ្ជាក់ថា POC នឹងបញ្ជូនអត្ដពលិក ៩០៥នាក់ និងមន្ដ្រីកីឡា ២៥៧នាក់ មកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ក្នុងកិច្ចប្រជុំសន្និបាតកាលពីថ្ងៃទី១៥ ខែមីនា នៅទីក្រុង Pasay ប្រធានPOCរូបនេះ បញ្ជាក់ថា ប្រទេសហ្វីលីពីន នឹងប្រកួតគ្រប់វិញ្ញាសាកីឡាទាំងអស់ ដែលម្ចាស់ផ្ទះបានរៀបចំ។



ម្ចាស់ផ្ទះ កម្ពុជា បានរៀបចំ ៣៦ប្រភេទកីឡា និង កីឡាសម្ដែង ១ប្រភេទ (Demonstration Sport) ក្នុងព្រឹត្តិការណ៍នេះ។ លោក Bambol Tolentino មានទំនុបចិត្តជាខ្លាំទៅលើអត្ដពលិកជម្រើសជាតិហ្វីលីពីន ថានឹងអាចធ្វើបានល្អគ្រប់វិញ្ញាសាកីឡាទាំងអស់។ យោងទៅលើការចុះផ្សាយរបស់ CNN ប្រធាន POC រូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំជឿជាក់ថាអ្នកទាំងនេះសុទ្ធតែជាអត្តពលិក មានឆន្ទៈប្រកួតប្រជែង។ ពួកគេនឹងប្រកួតប្រជែងគ្រប់ព្រឹត្តិការណ៍ទាំងអស់។»។
  

Bambol Tolentino ប្រធានគណៈកម្មាការជាតិអូឡាំពិកហ្វីលីពីន រូបពីហ្វេសបុក Bambol Tolentino

ហ្វីលីពីន ដូចជាមានឆន្ទៈប្រកួតប្រជែងយកមេដាយខ្ពស់ក្នុងព្រឹត្តិការណ៍នៅកម្ពុជានេះ ព្រោះអត្តពលិក ចំនួន ៩០៥នាក់ ដែលនឹងបញ្ជូនកម្ពុជា គឺច្រើនជាងអត្ដពលិកប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយមានចំនួនត្រឹមតែ៦៥៦នាក់។ 
 
អត្ដពលិកហ្វីលីពីន ធ្វើបានលទ្ធផលល្អប្រសើរ ចំពោះការប្រកួតស៊ីហ្គេម លើកទី៣១ ដោយដណ្ដើមបានលេខ៤ ឈ្នះមេដាយសរុប ២២៦ ក្នុងនោះ មាស៥២ ប្រាក់៧០ និងសំរិទ្ធ១០៤ ប្រកួតលើ៣៨ប្រភេទកីឡា។ រីឯកម្ពុជា ម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឈ្នះមេដាយសរុប៦៣ ក្នុងនោះមាស៩ ប្រាក់១៣ និងសំរិទ្ធ៤១ ក្នុងព្រឹត្តិការណ៍នៅវៀតណាម។
 
គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣៕

Tag:
 (ស៊ីហ្គេម
  ប្រតិភូកីឡា)
© រក្សាសិទ្ធិដោយ thmeythmey.com