អន្តរជាតិ
ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី ប្រធានាធិបតីចិនជំរុញឱ្យមានកិច្ចចរចាដោយសន្តិភាពនៅអ៊ុយក្រែន
20, Mar 2023 , 9:59 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព AFP
ស្របពេលការចាកចេញពីប្រទេសដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនៅថ្ងៃទី២០ ខែមីនា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជំរុញជាថ្មីឱ្យមានការកិច្ចចរចា និងការពិភាក្សាប្រកបដោយសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយលើវិបត្តិអ៊ុយក្រែន។ នេះជាដំណើរទស្សនកិច្ចរបស់លោកស៊ីលើកដំបូងទៅរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។



ក្នុងពេលចាប់ផ្តើមបំពេញទស្សនកិច្ចនៅរុស្ស៊ី​ លោកស៊ី ជិនភីង ប្រធានាធិបតីចិន បានបញ្ចេញអត្ថបទមួយស្តីពី «ការពង្រឹងទៅមុខលើការបើកជំពូកថ្មីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរួមចិន-រុស្ស៊ី» ដែលត្រូវបានចេញផ្សាយដោយកាសែតរុស្ស៊ី Russian Gazette នៅថ្ងៃទី២០ ខែមីនា។ ក្នុងអត្ថបទនោះ ប្រធានាធិបតីចិន បានជំរុញជាថ្មីឱ្យមានកិច្ចចរចាសន្តិភាពជាថ្មី ដើម្បីដោះស្រាយវិបត្តិ។ 
 
«យើងជឿថា ទាល់តែភាគីទាំងអស់ប្រកាន់យកចក្ខុវិស័យនៃសន្តិសុខប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការ ទូលំទូលាយ និងរួមគ្នា ហើយស្វែងរកកិច្ចចរចា និងការពិភាក្សាប្រកបដោយស្មើភាព រួមទាំងហេតុផល ពួកគេនឹងអាចស្វែងរកហេតុផល ក្នុងការដោះស្រាយវិបត្តិរួម ក៏ដូចជាវិថីឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងសន្តិសុខរួម»។ លោក ស៊ី បានបញ្ជាក់បែបនេះ ដោយបានត្រឹមតែលើកឡើងពីវិបត្តិ ជំនួយឱ្យពាក្យសង្រ្គាមនៅអ៊ុយក្រែន។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋចិន ក៏បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍គោលជំហរ ១២ចំណុចរបស់ចិនលើវិបត្តិនៅអ៊ុយក្រែនផង។ បើតាមប្រធានាធិបតីចិន ដំណោះស្រាយទាំង ១២ចំណុចនេះ នឹងជួយកាត់បន្ថយការរីកសាយនៃវិបត្តិ ក៏ដូចជាជួយសម្របសម្រួលការដោះស្រាយផ្នែកនយោបាយ។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលចិនជំរុញឱ្យភាគីអ៊ុយក្រែន និងរុស្ស៊ីស្វែងរកកិច្ចចរចា ដើម្បីបញ្ឈប់សង្រ្គាម។ កន្លងមក រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក៏បាននិយាយទូរសព្ទជាមួយសមភាគីអ៊ុយក្រែនផងដែរ ជុំវិញសង្រ្គាមដែលអូសបន្លាយជាង ១ឆ្នាំមកនេះ។ 
 
ក្រៅពីកិច្ចចរចាខាងលើ មេដឹកនាំចិន បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងក្រុងមូស្គូ និងក្រុងប៉េកាំង។ ត្រង់ចំណុចនេះ លោកស៊ី បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនៅរុស្ស៊ី នឹងជាដំណើរនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។ 
 
មិនតែប៉ុណ្ណោះ លោកស៊ី ក៏រំពឹងនឹងធ្វើកិច្ចការបន្ថែមជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដើម្បីដាក់ចេញចក្ខុវិស័យរួម, ផែនការថ្មី ក៏ដូចជាវិធានការថ្មី សម្រាប់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ នៅឆ្នាំខាងមុខ។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ី មានទំហំលើសពី១៩០ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១១៦ភាគរយ ពីរយៈពេល ១០ឆ្នាំមុន។ មិនតែប៉ុណ្ណោះ ការវិនិយោគទៅវិញទៅមកក៏មានការកើនឡើងផងដែរ៕ 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com