អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសG7 ថ្កោសទោសការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង
20, Mar 2023 , 12:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅថ្ងៃទី១៩ ខែមីនា បានចេញសេចក្តីថ្លែងការណ៍រួមមួយ រិះគន់ការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ជាថ្មីពីសំណាក់កូរ៉េខាងជើង ដែលខុសនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

 
កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែមីនាកន្លងទៅ បានបាញ់មីស៊ីល Hwasong-17 ទៅសមុទ្រខាងកើត។ មីស៊ីលប្រភេទនេះ បានហោះបានកម្ពស់ ៦០៧៥គីឡូម៉ែត្រ និងហោះបានចម្ងាយ ១ពាន់គីឡូម៉ែត្រ។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏បានត្រួតពិនិត្យលើការបាញ់មីស៊ីលអន្តរទ្វីប ដែលត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះផង។
 
ក្រោយការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មីបែបនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ បានសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៩ ខែមីនា ដើម្បីថ្កោសទោស និងជំរុញឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ រួមទាំងអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងៗ។ 
 
«យើង...សូមរិះគន់យ៉ាងខ្លាំងបំផុតលើការបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបជាថ្មីនៅថ្ងៃទី១៦ ខែមីនា ដែលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ រួមទាំងអន្តរជាតិ»។ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយបន្តថា ក្រុងព្យុងយ៉ាង មាន​បំណងធ្វើឱ្យភាពតានតឹងកាន់តែរីកសាយ តាមរយៈការបាញ់មីស៊ីលជាច្រើនលើក និងបន្តប្រើពាក្យសម្តីដោយគ្មានការទទួលខុសត្រូវ និងបង្កអស្ថិរភាព ពាក់ព៏ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ 
 
ទន្ទឹមនេះ ប្រមុខការទូតក្រុមប្រទេស G7 បានបញ្ជាក់ផងដែរថា​ កូរ៉េខាងជើងនឹងមិនអាចទទួលបានឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរឡើយ ដោយផ្អែកលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។
 
ត្រង់ចំណុចនេះ ក្រុមប្រទេស G7 មានជំរុញឱ្យកូរ៉េខាងជើងចូលតុចរចាឡើងវិញ ពាក់ព័ន្ធនឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ និងទទួលយកសំណើកិច្ចចរចាម្តងហើយម្តងទៀតពីសំណាក់ជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូង។ លើសពីនេះ ក្រុមប្រទេស G7 ក៏បានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិផ្សេងទៀតចូលរួមអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខផង ដើម្បីបន្តដាក់សម្ពាធលើកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធ។ 
 
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងមុនពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិកអន្តរទ្វីប៕ 
 
 

Tag:
 G-7
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com