ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-ឡាវ នឹងប្រើផែនថ្មីខ្នាត ១/២៥ ០០០
20, Mar 2023 , 1:59 pm        
រូបភាព
បុរសម្នាក់ បើកមើលផែនទីឋានលេខាខ្នាត ១/២៥ ០០០ ដែលកំណត់អំពីព្រំដែនកម្ពុជា-វៀតណាម។ ផែនទីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា រៀបចំចែកជូនទៅតាមស្ថាប័ននានា នៅវិមានសន្តិភាព កាលពីឆ្នាំ២០២០។ រូបពីគេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា
បុរសម្នាក់ បើកមើលផែនទីឋានលេខាខ្នាត ១/២៥ ០០០ ដែលកំណត់អំពីព្រំដែនកម្ពុជា-វៀតណាម។ ផែនទីនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា រៀបចំចែកជូនទៅតាមស្ថាប័ននានា នៅវិមានសន្តិភាព កាលពីឆ្នាំ២០២០។ រូបពីគេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា
ដោយ៖ ទេពញាណ  

នៅថ្ងៃមុខ កម្ពុជា និងឡាវ ដែលជាប្រទេសជាប់របងជាមួយគ្នា នឹងប្រើប្រាស់ផែនទីប្រភេទថ្មីរួមគ្នា គឺ ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ (១លើ២៥ពាន់)។ ផែនទីប្រភេទថ្មីនេះ គឺជាផែនទី ដែលកំណត់អំពីព្រំដែននៃប្រទេសទាំង២។


តាមរយៈអង្គប្រជុំពេញអង្គ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គណៈរដ្ឋមន្រ្តីកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីសទ្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«ភាគីទាំង២ នឹងផលិតផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ […]»។ 
 
ទីស្តីការគណៈរដ្ឋមន្រ្តី ប្រាប់ថា ផែនទីប្រភេទថ្មីនេះ នឹងត្រូវផលិតឡើង នៅពេលដែលកិច្ចការមួយចំនួនអំពីព្រំដែនកម្ពុជា-ឡាវ ត្រូវបានបញ្ចប់រួចរាល់។ ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ភាគីទាំង២ នឹងចំណាយថវិកាស្មើគ្នាលើការផលិតផែនទីប្រភេទថ្មី និងលើការងារនានាដែលពាក់ព័ន្ធនឹងរឿងព្រំដែន។ 
 
បច្ចុប្បន្ន កម្ពុជា-ឡាវ បោះបង្គោលព្រំដែនជាមួយបាន៨៦ភាគរយហើយ ដែលមានប្រវែង៤៦៥គីឡូម៉ែត្រ។ ទីស្តីការគណៈរដ្ឋមន្រ្តី អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា កំណាត់ព្រំដែននៅសល់១៤ភាគរយទៀត (ដែលមានប្រវែង៧៥គីឡូម៉េត្រ) ភាគីទាំង២ នឹងបន្តដោះស្រាយ ហើយបោះបង្គោលឲ្យបានឆាប់។ 
 
សូមរម្លឹកថា កាលពីឆ្នាំ២០២០ កម្ពុជា-វៀតណាម បានសម្រេចជាមួយគ្នាក្នុងការប្រើផែនទីខ្នាត ១/២៥ ០០០ នេះ។ ជាមួយវៀតណាម កម្ពុជា បានបោះបង្គោលព្រំដែនបាន៨៤ភាគរយហើយ ដោយនៅសល់១៦ភាគរយទៀត។ 
 
ផ្អែកតាមមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា ផែនទី ដែលកម្ពុជាប្រើប្រាស់ គឺផែនទីខ្នាត ១/១០០ ០០០។ ផែនទីខ្នាត ១/១០០ ០០០ នេះ ហៅថា ផែនទីបោន ដែលបារាំងគូរឲ្យកម្ពុជាតាំងពីអតីតកាលមក។ 
 
គួរដឹងថា បើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែធំ គឺផែនទីកាន់តែតូច ហើយបើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែតូច គឺផែនទីកាន់តែធំ។ ជាក់ស្តែង ផែនទីបោនខ្នាត ១/១០០ ០០០ គឺមានទំហំតូចជាងផែនទីថ្មីខ្នាត ១/២៥ ០០០៕ 
 

Tag:
 ព្រំដែនកម្ពុជា-ឡាវ
  ផែនទីខ្នាត ១/២៥ ០០០
© រក្សាសិទ្ធិដោយ thmeythmey.com