អន្តរជាតិ
លោក គីម ជុងអ៊ុន​ ប្រាប់ឱ្យកងកម្លាំងត្រៀមលក្ខណៈវាយបកដោយអាវុធនុយក្លេអ៊ែរលើសត្រូវ
20, Mar 2023 , 3:52 pm        
រូបភាព
លោក គីម ជុងអ៊ុយ មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
លោក គីម ជុងអ៊ុយ មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន​ បានប្រាប់ឱ្យកងកម្លាំងរបស់ប្រទេសត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការវាយបកអាវុធនុយក្លេអ៊ែរ ហើយចោទប្រកាន់អាម៉េរិក និងកូរ៉េខាងត្បូងថា កំពុងពង្រីកសមយុទ្ធយោធារួមគ្នាប្រឆាំងនឹងខ្លួន។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២០ ខែមីនា។

 
កូរ៉េខាងជើងនៅថ្ងៃទី១៨ និង១៩ ខែមីនា បានធ្វើសមយុទ្ធយោធាមួយ ក្នុងគោលបំណងពង្រឹងការប្រឆាំងសង្គ្រាម និងសមត្ថភាពវាយបកដោយអាវុធនុយក្លេអ៊ែរ​។ សមយុទ្ធយោធានេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងអាម៉េរិកនិងកូរ៉េខាងត្បូង។ 
 
នៅក្នុងសមយុទ្ធយោធានេះ កូរ៉េខាងជើងបានប្រើប្រាស់មីស៊ីលបាលីស្ទិកដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ​គំរូ ហោះបានចម្ងាយ ៨០០ គីឡូម៉ែត្រ មុនពេលបាញ់ដល់គោលដៅនៅរយៈកម្ពស់ ៨០០ ម៉ែត្រ ក្រោមរូបភាពនៃការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
 
​សមយុទ្ធយោធានេះ បានចូលរួមអង្កេតដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន​ ផ្ទាល់។ ទន្ទឹមនឹងនេះលោក គីម បានមានប្រសាសន៍ថា សមយុទ្ធនេះបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពធ្វើសង្គ្រាមជាក់ស្តែង​​របស់យោធា និងបានគូសបញ្ជាក់ពីតម្រូវការដើម្បីធានានូវជំហរត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការប្រើប្រាស់អាវុធក្លេអ៊ែរជាបន្ទាន់។ 
 
«ក្នុងស្ថានភាពបច្ចុប្បន្ន សត្រូវកាន់តែបង្ហាញច្បាស់នូវចលនារបស់ពួកគេសម្រាប់ការឈ្លានពានប្រឆាំងនឹងកូរ៉េខាងជើង ដែលទាមទារជាបន្ទាន់ឱ្យកូរ៉េខាងជើងពង្រឹងការទប់ស្កាត់សង្គ្រាមដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន»។ លោក គីម បានបញ្ជាក់បែបនេះ ដោយបន្តថា កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងរារាំង ហើយគ្រប់គ្រងការគំរាមកំហែងរបស់សត្រូវជាមួយនឹងការត្រៀមខ្លួនខ្ពស់ក្នុងការធ្វើសង្រ្គាម និងអនុវត្តបេសកកម្មដ៏សំខាន់របស់ខ្លួនដោយមិនស្ទាក់ស្ទើរ។ 
 
គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង នៅចុងសប្តាហ៍មុននេះ កើតឡើងក្រោយពេលអាម៉េរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នា​ទាំងសមយុទ្ធផ្លូវអាកាស និងសមុទ្រ។ កូរ៉េ​ខាង​ជើង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ក្ដៅ​គគុក ពាក់ព័ន្ធនឹងសមយុទ្ធយោធា​រួម​គ្នា​រវាង​កូរ៉េ​ខាង​ត្បូង និង​អាម៉េរិក ដោយហៅសកម្មភាពនេះថាជាការ​ហាត់សម​សម្រាប់​ការ​ឈ្លានពាន​ប្រឆាំង​នឹង​ខ្លួន៕
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com