ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន បញ្ជូនទ័ពជាង២០០នាក់ មកធ្វើសមយុទ្ធនៅកម្ពុជា
20, Mar 2023 , 4:19 pm        
រូបភាព
នាវាដឹកសម្ភារៈយោធារបស់ចិន ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិកម្ពុជា
នាវាដឹកសម្ភារៈយោធារបស់ចិន ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ រូបពីក្រសួងការពារជាតិកម្ពុជា
ដោយ៖ ទេពញាណ 
 
នាវាដឹកសម្ភារៈយោធារបស់ភាគីចិន សម្រាប់ធ្វើសមយុទ្ធជាមួយភាគីកម្ពុជា បានមកដល់ហើយ ដោយចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។ ក្រសួងការពារជាតិកម្ពុជា ប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សម្ភារៈយោធារបស់ភាគីចិន នឹងត្រូវបញ្ជូនបន្តទៅកាន់តំបន់យោធាភ្នំជុំរីករាយ ក្នុងខេត្តកំពង់ឆ្នាំ ដែលជាទីលានសមយុទ្ធ។

 
បើតាមក្រសួងការពារជាតិកម្ពុជាដដែល សមយុទ្ធយោធាកម្ពុជា-ចិន ហៅថា សមយុទ្ធនាគមាសឆ្នាំ២០២៣។ ក្រសួងការពារជាតិកម្ពុជា បន្ថែមថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ មានរយៈពេល១៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ 
 
ដោយឡែក ក្រសួងការពារជាតិចិន បានផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា ថា កងទ័ពកម្ពុជា-ចិន ដែលត្រូវចូលរួមធ្វើសមយុទ្ធ មានសរុបជាង៣០០នាក់ ដោយក្នុងនោះ កងទ័ពចិន មានជាង២០០នាក់។ ក្រសួងការពារជាតិចិន បញ្ជាក់ថា សមយុទ្ធនាគមាសនេះ គឺជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំ រវាងប្រទេសទាំង២។ 
 
ក្រសួងការពារជាតិកម្ពុជា សរសេរលើទ័ពហ្វេសប៊ុកថា គោលបំណងនៃការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងឆ្នាំ២០២៣នេះ គឺដើម្បីការពារសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានា។ 
 
សូមរម្លឹកថា សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ នៅឆ្នាំ២០១៧ សមយុទ្ធនេះ ត្រូវបានផ្អាកម្តង ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ហើយក្រោយមក ត្រូវបានផ្អាក២ដងទៀត គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជំងឺកូវីដ-១៩៕ 
 

Tag:
 កម្ពុជា-ចិន
  សមយុទ្ធនាគមាស
© រក្សាសិទ្ធិដោយ thmeythmey.com