ជាតិ
ទីលានទុកដាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានដាក់ឱ្យពលរដ្ឋ​ប្រើប្រាស់
20, Mar 2023 , 7:59 pm        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តបាត់ដំបង
រូបភាពពី រដ្ឋបាលខេត្តបាត់ដំបង
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ស្របតាមបទដ្ឋានបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហានទី២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់។ ទីលានដាក់សំរាមនេះ ចំណាយថវិកាសាងសង់អស់ប្រមាណ ៦លានដុល្លារអាម៉េរិក។



ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីតាំងនោះ ត្រូវបានធ្វើ​ឡើងក្នុងរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគីប។  
  

ទិដ្ឋភាពទីលានទុកដាក់សំរាមខេត្តបាត់ដំបង។ រូបភាពពី៖រដ្ឋបាលខេត្តបាត់ដំបង
 
បើតាម​រដ្ឋបាលខេត្ត​បាត់ដំបង​ គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ៦ ២៨៣ ៧៤៧ដុល្លារ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២។ ទឹកប្រាក់សម្រាប់​សង់ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបងនេះ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
 
ការដាក់សម្ពោធទីលានទុកដាក់សំរាមនេះ គឺសម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបរិស្ថាន។
 
ក្រៅពីនោះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ក្នុងនោះរួមមាន  រណ្តៅកប់សំរាម, រណ្តៅប្រព្រឹត្តកម្ម, អគារស្នាក់នៅ, អគារញែកសំរាម, អគារទុកដាក់កាកសំណល់គ្រោះថ្នាក់, បណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងតំបន់  ថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕


ទីលានទុកដាក់សំរាមខេត្តបាត់ដំបង។ រូបភាពពី៖ រដ្ឋបាលខេត្តបាត់ដំបង
 
 


Tag:
 ទីលានដាក់សំរាម
 ខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com