ជាតិ
សិល្បះ
តើ​ការ​ច្នៃម៉ូត​សម្លៀក​បំពាក់​របស់​សិល្បករ​ ឯម រៀម នឹង​បំផ្លាញ​វប្បធម៌​ខ្មែរ​ទេ?
20, Mar 2023 , 9:09 pm        
រូបភាព
រូបពី Popular Magazine
រូបពី Popular Magazine
ភ្នំពេញ​៖  មាន​ទាំង​ប្រជា​ជន​ និងមន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​​​ បាន​បញ្ចេញ​មតិយោបល់​អំពី​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ ​របស់​លោក​សិល្បករ​ ឯម រៀម​។ មតិយោបល់​ទាំង​នោះ​ មាន​ទាំង​គាំទ្រ ,​រិះ​គន់​ និង​ការ​ជេប្រមាថជាដើម​។ តើ​ឈុត​សម្លៀក​បំពាក់ច្នៃ​ពី​ហូល រំលេច​គោម​ផ្កាចន្ទ​ ដែល​មើល​ផ្នែក​ខាង​ក្រោម​ កាត់​​ទម្រង់​ស្រដៀង​នឹង​​ខោក្នុង​(ខោលីអូ) ហើយ​នៅ​ផ្នែក​ខាង​លើ​ បិទ​បាំ​ត្រឹម​ចុង​ដង្ហើម​ ជា​គ្រោះ​មហន្តរាយ​សម្រាប់​វប្បធម៌​ខ្មែរ​ឬ​ទេ?​



នៅ​លើ​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក បាន​ក្លាយ​ជា​ទីលានបញ្ចេញ​យោបល់​​​ដ៏ក្ដៅ​ ជុំ​វិញ​ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ខាង​លើ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​រិះ​គន់​របស់​មហាជន​ភាគ​​ច្រើន ផ្ដោត​លើ​ការ​បញ្ចេញសាច់​​ដើម​ទ្រូង​។
 
ផ្ដើម​ចេញ​ពី​មតិរិះ​គន់​​។ លោក ជា​ច័ន្ទបរិបូណ៍ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌​មាន បាន​បញ្ចេញ​មតិ​​​​លើ​ហ្វេស​ប៊ុក​របស់​លោក ហាក់​បង្ហាញ​ការ​មិន​គាំទ្រ​ ចំពោះ​ការ​ច្នៃ​ម៉ូត​របស់​លោក​ ឯម រៀម ឡើយ​​​​។ លោក​បាន​ប្រៀប​ធៀបថា ​​ការ​សាង​សង់​អគារ ប្រសិន​គណនា​​​​ខុស​គឺ​គ្រោះ​ថ្នាក់ ​ត្រឹម​អគារ​​មួយនោះ​​ប៉ុណ្ណោះ ប៉ុន្តែ​សិល្បៈ​​​ជា​វិស្វក​រ​ព្រលឹង​វិញ្ញាណ បើ​គណនា​ខុស​គឺ​ស្លាប់​ព្រលឹង​អស់​មួយ​នគរ​ ហើយ​នឹង​បន្ត​ច្រើ​ន​ជំនាន់​ទៀត​។ ​យ៉ាង​ណា​លោក​ ជា​ច័ន្ទ​បរិបូណ៍ ពុំ​បាន​សម្រាយ​បន្ថែម​ឡើយ​ ថា​ម៉ូត​សម្លៀក​បំពាក់​នោះ​ ប៉ះ​ពាល់​ដល់​ដួង​ព្រលឹង​ដោយ​របៀប​ណា​។
  

លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន (រូបពីហ្វេសប៊ុក Chea Chanboribo)

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ ក៏​បាន​ឆ្លើយ​តប​ថា​ សាធារណជន​ ត្រូវ​បែង​ចែក​ឱ្យ​ច្បាស់ ថា​​អ្វី​ជា​គំនិត​សិល្បៈច្នៃ​ប្រឌិត​​​ថ្មី​​ ហើយ​អ្វី​ជា​ការ​បង្ហាញ​​ពី​វប្បធម៌​។ 
 
លោក សំបូរ មាណ្ណារ៉ា​ ពន្យល់​៖«សម្លៀក​បំពាក់​មិន​មាន​កំហុស​ទេ កំហុសអ្នក​ស្លៀក។ តើ​យើង​ស្លៀក​នៅ​ពេល​ណា​ តើ​យើង​ស្លៀក​ដើម្បី​ផល​ប្រយោជន៍​អី?​ ដើម្បី​បង្ហាញ​ប្រាប់​ពី​សម្លៀក​បំពាក់? ឬ​បង្ហាញ​ប្រាប់​ពី​អរិយធម៌ ឬ​វប្បធម៌​របស់​ជាតិ​ខ្លួន​ឯង​? បើ​គិត​ថា​បង្ហាញ​ប្រាប់​អំពី​សម្លៀក​បំពាក់​ នោះ​មិន​ខុស​ឆ្គង​អ្វី​ទេ​ ជា​រឿង​ធម្មតា​ទេ វា​គឺ​ជា​សិល្បៈ​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ សំខាន់​ទីតាំង​នៃ​ការបង្ហាញ​ពី​ការ​​ស្លៀក​ពាក់​នោះ​»។  
  

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ និង​ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន

ចំណែក​លោក ឯម រៀម​ ដែល​ជា​ម្ចាស់​ស្នាដៃបាន​អះអាង​ថា សម្លៀកបំពាក់​ដែល​លោក​ច្នៃ​នោះ​ គឺ​កើត​ចេញ​ពី​គំនិត​​សិល្បៈច្នៃ​​​បង្កើត​ថ្មី​។ លោក​ចង់​បង្ហាញ​អំពី​សម័យ​កាល​ នៃ​សម្លៀក​បំពាក់​សម័យ​ទំនើប​​។  ដ្បិត​តែ​ជា​ស្នាដៃ​​សហសម័យក៏​ពិត​​មែន ប៉ុន្តែ​​លោក​ រៀម ថា​ម៉ូត​សម្លៀក​បំពាក់​នោះ​ លោក​ក៏​យក​តាម​ម៉ូត​សម័យ​អង្គរ​ដែរ​។ 
 
លោក ឯម រៀម ពន្យល់​បន្ថែម​៖«ឈុត​នោះខ្ញុំ​​ស្រង់​ចេញ​ពី​សម័យ​អង្គរ។​ ការ​ចេញ​ដើម​ទ្រូង​សម័យ​ណា​ក៏​មាន​ដែរ​​ ហើយ​ម៉ូត​បុរាណសម័យ​អង្គរ​​ក៏​មាន​​ដែរ​។ មក​ដល់​សម័យ​ឥឡូវ​នេះ គេ​ចូល​ចិត្ត​ពាក់​អាវ​ហ្គេន​(អាវ​រឹប​រាង​) ខ្ញុំ​ច្នៃ​ម៉ូត​តាម​នោះ​ដែរ​។​ ដើរ​កម្ម​វិធី​កម្រាល​ព្រំ​ ជា​កម្ម​វិធី​សប្បាយ​ៗ ឱ្យ​ស្លៀក​បុរាណ​យ៉ាង​ម៉េច​កើត​»។ 
  

សិល្បករច្នៃម៉ូតសហសម័យ ឯម រៀម (រូប​ពីហ្វេសប៊ុក EM Riem

មានការ​បញ្ចេញ​មតិយោបល់ ​លើ​បណ្ដាញ​សង្គម​ថា ការ​ច្នៃ​ម៉ូត​បែប​លោក​ ឯម រៀម​ នឹង​ធ្វើ​ឱ្យ​ក្មេង​ជំនាន់១០០​ឆ្នាំ​​ក្រោយ​ធ្វើ និង​ស្លៀក​ពាក់​តាម​។ ហើយ​នោះ​គឺ​​ជា​រឿង​គួរឱ្យ​អាសូរ និង​អាម៉ាស​បំផុត​​។
 
ឆ្លើយ​តប​នឹង​គំនិត​ខាង​លើ​ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​លើក​ឡើង​ថា វាមិន​ប្រាកដ​ថា​គេក្មេង​ជំនាន់​ក្រោយ​ នឹង​​យក​តាម ឬ​ស្លៀក​តាម​នោះ​​ទេ​។ លោក​ថា​​មនុស្ស​សម័យ​ទំនើប​មាន​ឯកសារ​ ដូច្នេះពួក​គេ​អាច​ស្រាវ​ជ្រាវ​បាន ​ថា​អ្វី​ជា​វប្បធម៌ ហើយ​អ្វី​ជា​សិល្បៈ​ច្នៃប្រឌិត​។ លោក មាណ្ណារ៉ា ថែម​ទាំង​ថា ស្នាដៃ​របស់​លោក ឯម រៀម អាច​នឹង​​ក្លាយ​ជា​អច្ឆរិយ​ប្រវត្តិសាស្ត្រ​មួយ​ នៃ​សម្លៀក​បំពាក់ច្នៃ​ប្រឌិត​​​ ថែម​ទៀត​ផង​។ 
 
«អប្សរា​នៅ​អង្គរ​ យើង​ស្រឡាញ់​គ្រប់​គ្នា​ ​មក​ដល់​ពេល​បច្ចុប្បន្ន​ មាន​អ្នក​ណា​ម្នាក់​ យក​សម្លៀក​បំពាក់​ទាំង​នោះ​មក​ស្លៀក​ ក្នុង​​ជីវភាព​ប្រចាំ​ថ្ងៃទេ​​? អត់ទេណា​? គ្រាន់​តែ​គេ​ដឹង​ថា​ នោះ​គឺ​ជា​ប្រពៃណី​វប្បធម៌​ខ្មែរ​សម័យ​នោះ ដោយ​គេ​បាន​កត់​ត្រា​ទុ​ក​។ ដូច​គ្នាក្រោយ​ពី​អត់​ពី​ប្អូន​ ឯម រៀម គេ​​​គិត​ថា​សម័យ​ហ្នឹង​មាន​ការ​កើន​ឡើង​វប្បធម៌​សហសម័យ​ វប្បធម៌​ទំនើប​នៃ​សម្លៀក​បំពាក់​ ហើយ​មាន​ម្នាក់ឈ្មោះ ឯម រៀម បាន​ច្នៃ​កាល​សម័យ​នោះ»​។ នេះ​ជា​ការ​យល់​ឃើញ​របស់​លោក សំបូរ មាណ្ណារ៉ា​។
 
ចំណែក​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ក៏​បាន​បញ្ចេញ​មតិយោបល់​របស់​លោក​ផង​ដែរ ដោយលោក​បាន​​ឱ្យ​លោក​ ឯម រៀម យក​គំរូច្នៃ​ម៉ូត​​តាម​លោក វ៉ាន់ដា ដែល​ជា​តារា​ចម្រៀងរ៉េប​ កំពុង​ល្បីល្បាញ​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ពី​សាធារណជនក្នុង​និង​ក្រៅ​ប្រទេស​​។
 
«បង​ ឯម រៀម គួរ​យក​មតិរិះគន់​ទៅ​ពិចារណា​ ហើយ​បង​ធ្វើ​យ៉ាង​ណា​ច្នៃ​ឱ្យ​ដូច​ក្មួយ​ វ៉ាន់​ដា​ បាន​ច្នៃ​ចាប៉ី​ដង​វែង​ឱ្យ​បរទេស​ស្គាល់​ ហើយ​មាន​សេចក្ដី​ថ្លៃថ្នូរ​ តាម​បែប​ទម្រង់​ដើម​នៃ​ចាប៉ី​ដងវែង​​។ សូម​បងកុំ​ច្នៃ​ហួស​ខ្នាត​ខ្មែរ​ពេក​អី»។ នេះ​ជា​មតិរបស់លោក ស្រស់​។


លោក ពេជ្រ ស្រស់ ប្រធានគណបក្រយុវជនកម្ពុជា (រូបពីហ្វេសប៊ុក Pich Sros ពេជ្រ ស្រស់)

ឯ​លោក ឯម រៀម អះអាង​ថា លោក​ទទួល​យក​ការ​រិះ​គន់​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​។ ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​យក​មិន​បាន​ គឺ​ការ​ផ្ដល់​យោបល់​ឱ្យ​លោក​ច្នៃ​ម៉ូត​តាម​​គេ។ 
 
«អ្នក​ខ្លះ​ឱ្យ​ខ្ញុំ​ធ្វើ​ឱ្យ​ដូច​ វ៉ាន់​ដា ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​។ ធម្មតាសិល្បៈ​ មាន​ភាព​ជារបស់​​ខ្លួន​ បើ​ឱ្យ​ខ្ញុំ​ចម្លង​ពី​គេ ខ្ញុំ​យល់​ថា​សាលា​សិល្បៈ​​ទាំង​អស់​គួរ​តែ​បិទ​ទៅ ហើយ​ចាំ​តែ​ចម្លង​គេ​ទៅ​បាន​ហើយ​​​​»។​ នេះ​ជា​ការ​អះអាង​របស់​លោក ឯម រៀម​។
 
យ៉ាង​ណា​ក៏​ដោយ​ សិល្បករ​ដែល​បាន​បញ្ជប់​ការ​សិក្សា ​ថ្នាក់​បណ្ឌិត​ផ្នែក​សិល្បៈ​ ពី​ប្រទេស​បារាំង​រូប​នេះ​ អះ​អាង​ថា នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ឡើយ​សម្រាប់​លោក​ ដែល​សាធារណជន​រិះ​គន់​ ពោលគឺតាំង​ពី​លោក​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ដើរ​ម៉ូត​មក​ម្ល៉េះ​ ធ្លាប់ជួបរឿងបែបនេះហើយ។ ចំពោះការ​រិះ​គន់​ទាំង​នោះ​ ក៏​ធ្វើ​ឱ្យ​សិល្បៈ​ករ​ច្នៃ​ម៉ូត​សហសម័យ​រូប​នេះ​ បាក់​ទឹក​ចិត្ត​​មិន​ចង់​ដើរ​ទៅ​មុខ​ម្ដង​ម្កាល​ដែរ។
 
លោក រៀម រំលឹក​៖«​គេ​​រិះ​គន់​​​តាំង​ពីខ្ញុំ​ចូល​សិល្បៈ​ដើរ​ម៉ូត​ម្ល៉េះ​។ គេ​ថា​ខ្ញុំ​ខ្មៅ ទាប សក់​កន្ទើង ស្គម​។​ ខ្ញុំ​ទទួល​យក​ ព្រោះ​ខ្ញុំ​នៅ​ក្នុង​សិល្បៈ​។​ ​បាក់​ទឹក​ចិត្ត​ចេះ​តែ​មាន​ ប៉ុន្តែ​ម្ដេច​គេ​ហៅ​ថាស៊ូៗ​។ ដើរ​លើ​វិថី​ហ្នឹង​ វា​តែង​តែ​ធ្លាក់​ទឹក​ ធ្លាក់​ផុក លិច​ទូក​អី​ម្ដង​ម្កាល​ ប៉ុន្តែ​យើង​អាច​ស្ដារ​បាន​។ មិន​ថា​សិល្បៈ​ស្រុក​យើង​ឬ​ស្រុក​គេ​ទេ វា​តែង​តែ​បាក់​ទឹក​ចិត្ត​។ មិន​អាន​ការ​បញ្ចេញ​យោបល់​​(Comment) មិន​អី​ទេ ប៉ុន្តែ​ពេល​អាន​(អួល)​វា​ចេញ​មក​ ប៉ុន្តែ​ទុក​មួយ​រយៈ​ធូរ​ហើយ​មិន​អី​ទេ​។ ម្សិល​មិញ​និង​ថ្ងៃ​នេះ​ព្យុះ​មែនទែន​ តាំង​ពី​ថ្នាក់​ដឹក​នាំ​ធំ​ៗ​»។ 
 
សម្រាប់​សិល្បករ​ច្នៃម៉ូត​បែបសកល​រូប​នេះ គឺ​មាន​ច្រើន​ស្នាដៃ​​មក​ហើយ​ ដែល​ទទួល​រង​ការ​រិះគន់ តាំង​ពី​ការ​ច្នៃ​ម៉ូត​​ឈុត​អប្សរាឱ្យ​មនុស្ស​ប្រុស​ស្លៀកពាក់​​ និង​ការ​ច្នៃ​សម្លៀក​បំពាក់​ផ្សេង​ៗ​ទៀត ដែល​សាធារណជន​យល់​ថា ទង្វើ​ទាំង​នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​ជាតិ​។​ ប៉ុន្តែ​ក្រសួង​វប្បធម៌​មិន​បាន​បង្ហាញ​ប្រតិកម្ម​អ្វី​ឡើយ។ 
 
នៅ​ថ្ងៃ​ទី​២០​ ខែមីនា ឆ្នាំ​២០២៣​នេះ​ សារព័ត៌​មាន​ថ្មី​ៗ ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ឡើយ​ ជុំវិញ​ការ​ច្នៃម៉ូត​របស់​លោក ឯម រៀម ដែល​ធ្វើ​ឱ្យ​សាធរណជន​ថ្នាំង​ថ្នាក់​នោះ​ ។


លោក ឯម រៀម សិល្បករសហសម័យ (រូបពីហ្វេសប៊ុក EM Riem

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក ឯម រៀម ក៏​បាន​អះអាង​ថា កន្លង​ទៅ​ក្រសួង​មិន​ដែល​កោះ​ហៅ​ ឬ​​ឱ្យលោក ​បញ្ឈប់​សកម្ម​ភាព​ច្នៃ​ម៉ូត​ ដែល​រង​​ការ​រិះ​គន់​ឡើយ​។ លោក​ថា​ទំនង​ជា​ក្រសួង​ យល់​ពី​អ្វី​ដែល​ហៅ​ថា​ការ​​ច្នៃ​ប្រឌិត​តាម​សម័យ​កាល​ ទើប​បាន​ជា​ក្រសួង​ពុំ​ដែល​កោះ​ហៅ​លោក​។
 
«ក្រសួង​មិន​ដែល​ទាក់​ទង​មកខ្ញុំ​​ផង​ និង​មិន​ដែល​មាន​ប្រតិកម្ម​អ្វី​ទាំង​អស់ ប្រហែល​ជា​គាត់​យល់​ថា​ អ្វី​ដែល​ហៅ​ថាការ​​ច្នៃ​ម៉ូត​។ យើង​នៅ​ក្នុង​វិចិត្រ​សិល្បៈ ហើយ​អ្នក​នៅ​ក្នុង​វប្បធម៌​ ចេញ​ពី​វិចិត្រ​សិល្បៈ​ ដូច្នេះ​យើង​​​យល់​ពី​អ្វី​ដែល​ហៅ​ថា​​សម័យ​កាល។ យើង​មានម៉ូត​តាម​​សម័យ​កាល​នីមួយ​ៗ សម័យ​នេះ​គេ​ចូល​ចិត្ត​ពាក់​ហ្គេន​ ចូល​ចិត្ត​ពាក់​រឹប​រាង​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែមរបស់​លោក ឯម រៀម​។
 
ចំណែក​លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ​ យុវជន​ និ​ង​កីឡា​ ក៏​បាន​បញ្ចេញ​​មតិ​យោបល់​លើ​ហ្វេស​ប៊ុក​របស់​លោកដែរ​ ដោយ​ហាក់​បង្ហាញ​ពី​ការ​រក​ច្រក​ចេញ​ ដើម្បីកុំឱ្យ​បង្ករ​ការ​បែក​បាក់​​សាមគ្គី​។ លោក​ក៏​សង្ឃឹម​ថា ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ នឹង​ចូល​ខ្លួន​ជួយ​សម្រប​សម្រួល​រឿង​នេះ​ដែរ​​។
 
«​​ការ​បញ្ចេញ​ទស្សនៈ​ទាំងអស់​ ពិត​ជា​មាន​តម្លៃ​ ប៉ុន្តែ​មិន​គួរ​ឱ្យ​ការ​បញ្ចេញ​មតិយោបល់​ទាំង​នោះ ក្លាយ​ជា​ទំនាស់​ការរឹត​ត្បិត​ ឬ​ការ​បែក​បាក់​ណា​មួយ​ក្នុង​សង្គម​ឡើយ​។ ខ្ញុំ​សង្ឃឹម​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ជា​ពិសេស​ក្រសួង​សេនា​ធិការ​ អ្នក​រៀប​ចំ​កម្ម​វិធី​ រួម​ទាំង​បុគ្គល​ដែល​ជា​កម្ម​វត្ថុ​ផ្ទាល់​ និង​សហការ​សម្រប​សម្រួល​លើ​កិច្ច​ការ​នេះ ដើម្បី​រក​ចំណុច​រួម ដែល​ជា​ប្រយោជន៍​សម្រាប់​​ជាតិ​​»។ ​នេះ​ជា​ការ​បន្ថែម​របស់​លោក ម៉ានី​។
 
យ៉ាង​ណា​ក៏​ដោយ​ ​លោក សំបូរ មាណ្ណារ៉ា ទីប្រឹក្សា​សម្ដេចនាយករដ្ឋមន្ត្រី បាន​លើក​ទឹកចិត្ត​លោក​ ឯម រៀម ឱ្យ​បន្ត​ស្នាដៃ​របស់​ខ្លួន​ទៅ​មុខ​​ទៀត ។ ​សាស្រ្តាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​​រូប​នេះ​ ថា​អ្វី​ដែល​លោក​ ឯម រៀម ធ្វើ​គឺ​ជាគំនិត​លូត​លាស់​នៃ​សិល្បៈ​ខ្មែរ​។ លោក​ក៏​បាន​​​អំពាវ​នាវ​ដល់​សាធារណជន​ សូម​ឱ្យ​តម្លៃ​និង​កម្លាំង​ចិត្ត​ដល់​កលោក​ ឯម រៀម​ និង​លើក​​តម្កើង​សមត្ថភាព និង​ការ​ច្នៃ​ប្រឌិត​​នេះ។ លោក​ថា​សាធារណជន​ គួរ​​​ចាត់​ទុក​ស្នាដៃ​របស់​លោក រៀម ​​ជា​ការ​បង្ហាញ​បែប​សិល្បៈ​ មិន​មែន​ជា​ការ​បង្ហាញ​បែប​ប្រពៃណី​ទេ​។ 
 
«សូម​ដើរ​ទៅ​មុខ​ជា​និច្ច កុំ​ជំពប់ជើង​ជា​មួយ​មនុស្ស​ស្អប់យើង​​ ប៉ុន្តែ​ត្រូវ​បំពេញ​បង្គ្រប់​ដល់​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​យើង​។ សូម​បញ្ជាក់​ថា​មនុស្ស​ខ្មែរ​ មិន​រាថយ​ក្នុង​ការ​ច្នៃ​ប្រឌិតដើម្បី​បង្កើត​​ថ្មី​ទេ​ ប៉ុន្តែ​សុំ​កុំ​ឱ្យ​ភ្លេចថា របស់​ថ្មី​​គឺ​បែប​នេះ ហើយរបស់​​ចាស់​គឺ​បែប​នោះ»​។ នេះ​ជា​ការជំរុញ​លើក​ទឹក​ចិត្ត​របស់​ លោក សំបូរ មាណ្ណារ៉ា​៕
 
 

Tag:
 សិល្បៈ​
  សហសម័យ​
  សម្លៀបំពាក់​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com