កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើម​ចេញដំណើរហើយ
21, Mar 2023 , 9:44 am        
រូបភាព
ព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ភ្លើងគប់កីឡា។ រូបថត SPM
ព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ភ្លើងគប់កីឡា។ រូបថត SPM
ដោយ: រួបរួម
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី២១ ខែមិនា នេះ ស្តេចបានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងបំផុតនៅកម្ពុជា។ ព្រះរាជពិធីបានប្រព្រឹត្តទៅនៅប្រាសាទអង្គរវត្ត ដោយមានវត្តមានចូលរួមផងដែរពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។



អត្ថបទទាក់ទង

ព្រឹត្តិការណ៍ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា រៀបចំឡើងស្របពេលនៃព្រឹត្តិការណ៍ធម្មជាតិ អយនកាល (Equinox) ដោយព្រះអាទិត្យរះចំកំពូលបាកាន (កណ្តាលកំពូល) នៃប្រាសាទអង្គរវត្ត ហើយមានទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ បានផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះផងដែរ។
 


លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឡើងថ្លែងសន្ទរកថា ជាបន្តបន្ទាប់។ ក្រោយមក សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានដុតអគ្គិជ័យកីឡាថ្វាយដល់ព្រះមហាក្សត្រ។
 
នាវេលាម៉ោងជិត៩ព្រឹក ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។ កីឡាករតេក្វាន់ដូរ WT វ៉ា មិថុនា ម្ចាស់មេដាយមាសស៊ីហ្គេមនៅវៀតណាម និងកីឡាការិនី វ៉ិត ចន្ថា ម្ចាស់មេដាយមាស២ និងប្រាក់១ ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី បានទទួលភ្លើងគប់ បន្តព្រះមហាក្សត្រ ដើម្បីរត់ដង្ហែជុំវិញវង់តូច។
 
លើចម្ងាយសរុប១៨,៣គីឡូម៉ែត្រ ដោយប្រើរយៈពេលពី៣ទៅ៧ម៉ោង អត្តពលិកជាតិប្រមាណ១០០នាក់ បានរត់កាន់ភ្លើងគប់ បណ្តាក់គ្នាជាបន្តបន្ទាប់។ តាមកម្មវិធី ភ្លើងគប់នឹងត្រូវតម្កល់នៅព្រះវិហារវត្តរាជបូណ៌ មុននឹងដង្ហែទៅកាន់ប្រទេសវៀតណាម និងបណ្តាសមាជិកផ្សេងទៀតដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ការដង្ហែភ្លើងគប់ ទៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេម នឹងបន្តរហូតដល់ថ្ងៃទី៥ ខែឧសភា ដែលជាកាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការ៕
 





 

© រក្សាសិទ្ធិដោយ thmeythmey.com