កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្តពលិក ប្រតិភូ ចូលរួមស៊ីហ្គេមនៅកម្ពុជា មានចំនួនលើសពាក់កណ្តាលបើធៀបនៅវៀតណាម
21, Mar 2023 , 10:29 am        
រូបភាព
លោក ថោង ខុន អនុប្រធានគណៈកម្មាធិការជាតិ CAMSOC ថ្លែងក្នុងព្រះរាជពិធីប្រទានព្រះអគ្គីកីឡា។ រូប Capture ពី Facebook
លោក ថោង ខុន អនុប្រធានគណៈកម្មាធិការជាតិ CAMSOC ថ្លែងក្នុងព្រះរាជពិធីប្រទានព្រះអគ្គីកីឡា។ រូប Capture ពី Facebook
ដោយ:
នាព្រះរាជពិធីប្រទានព្រះអគ្គីកីឡាសម្រាប់ភ្លើងគប់កីឡា នៅព្រឹកថ្ងៃទី២១ ខែមីនា ក្នុងបរិវេណប្រាសាទអង្គរវត្ត នាខេត្តសៀមរាប លោក​ ថោង ខុន បានប្រកាសពីចំនួនអត្តពលិក ប្រតិភូ ចូលរួមកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា មានចំនួនច្រើនជាងពាក់កណ្តាលបើធៀបព្រឹត្តិការណ៍នៅវៀតណាមឆ្នាំ២០២១។អនុប្រធាន CAMSOC រូបនេះបន្ថែមថាការចូលរួមរបស់ប្រតិភូកីឡានៃប្រទេសក្នុងតំបន់ ជាសញ្ញានៃកម្លាំងសាមគ្គីភាព និងសហប្រតិបត្តិការចលនាមហាគ្រួសារកីឡាអូឡាំពិកក្នុងតំបន់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

 
«ការចូលរួមពីប្រតិភូគ្រប់ប្រទេស គ្រប់ប្រភេទកីឡាជាសញ្ញា នៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមហាគ្រួសារចលនាអូឡាំពិកក្នុងតំបន់ និងជាសក្ខីភាពនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។ លោក ថោង ខុន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថ្លែងបែបនេះ មុនលោកបញ្ជាក់ពីសមាសភាពប្រតិភូ និងអត្តពលិកកីឡាតាមប្រទេសនីមួយៗដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា។
 
ម្ចាស់ផ្ទះកម្ពុជា មានប្រតិភូ និងអត្តពលិកកីឡាចំនួន ១៣១២នាក់, ប្រតិភូ និងអត្តពលិកកីឡាប្រទេសព្រុយណេ មានចំនួន ៨២នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសឥណ្ឌូណេស៊ី មានចំនួន ១៧៣៩នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសឡាវ មានចំនួន ៥៨៣នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសម៉ាឡេស៊ី មានចំនួន ១៤៤០នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសវៀតណាម មានចំនួន ១២២៣នាក់។
 
ប្រតិភូ និងអត្តពលិកកីឡា ប្រទេសហ្វ៊ីលីពីន មានចំនួន ១១២១នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសសិង្ហបុរី មានចំនួន ១២៧១នាក់, ប្រតិភូ និងអត្តពលិកកីឡា ប្រទេសមីយ៉ាន់ម៉ា មានចំនួន ៦៣នាក់,ប្រតិភូ និងអត្តពលិកកីឡា ប្រទេសទីម័រខាងកើត មានចំនួន ១៦៧នាក់ និងប្រតិភូ និងអត្តពលិកកីឡា ប្រទេសថៃ មានចំនួន ១៧៥៥នាក់ សរុបមានចំនួន ១១៥៤៣នាក់ (អាចនឹងមានការប្រែប្រួលចុងក្រោយណាមួយ)។ បើធៀបទៅនឹងចំនួនដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២ មានចំនួនត្រឹមតែ ៥៤៣៥នាក់ប៉ុណ្ណោះ។ 
 
គួបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ពោលមុនការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២ រយៈពេល១ខែ៕
 
 

Tag:
 កីឡាស៊ីហ្គេម២០២៣
 ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com