កីឡាអន្តរជាតិ
អន្តរជាតិ
FA ពិន័យ គ្រូ Fulham និង Mitrovic ​បន្ថែម ចំពោះការប្រើពាក្យប្រមាថលើអាជ្ញាកណ្តាល
21, Mar 2023 , 11:35 am        
រូបភាព
លោក Marco Silva អ្នកចាត់ការទូទៅក្រុម ​Fulham និងខ្សែប្រយុទ្ធ Aleksandar Mitrovic ប្រឈមការដាក់ពិន័យយៈពេលយូបន្ថែមទៀតចំពោះអាកប្បកិរិយាមិនសមរម្យ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បាននិយាយថា ការពិន័យកាតក្រហមអំឡុងពួកគេប្រកួតចាញ់ Manchester United ៣-១ ក្នុងជំនួប FA Cup មិនគ្រប់គ្រាន់នោះទេ។


អំឡុងការប្រកួតកាលពីថ្ងៃទី១៩ ខែមីនា នៃពានរង្វាន់ FA Cup រវាង Fulham និង Manchester United ក្នុងវគ្គទីមួយក្រុមទាំងពីរបានបញ្ចប់ទៅត្រឹមលទ្ធផល ០-០ តែយ៉ាងណាក្នុងវគ្គទីពីរ Mitrovic បានស៊ុតបើកឆាកនាំមុនលើក្រុមម្ចាស់ផ្ទះ។ ឈានដល់នាទី៧២ កីឡាករ Willian ទទួលបានកាតក្រហមចំពោះការយកដៃរារាំងបាល់ពីការស៊ុតរបស់ Sancho។ 
 
មុនពេល Willian ទទួលនបានកាតក្រហម លោក Silva ដែលជាគ្រូបង្វឹកក៏ទទួលបានកាតក្រហមភ្លាមៗដូចគ្នាចំពោះការតវ៉ាដោយប្រើប្រាស់ពាក្យប្រមាថទៅលើអាជ្ញាកណ្តាលការប្រកួតទីបួន បន្ទាប់ពីលោកបានតវ៉ារឿងការពិន័យលើ Willian។
 
ចំណែកខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Metrovic ទទួលបានកាតក្រហមសម្រាប់ការកាយវិការមិនសមរម្យដោយរុញស្មាមន្ត្រីអាជ្ញាកណ្តាលការប្រកួត បន្ទាប់ពីការពិនិត្យប្រព័ន្ធ VAR រកឃើញកំហុសរបស់ Willian។
 
«រឿងនេះត្រូវបានរកឃើញថាលោក Marco Silva បានប្រើពាក្យប្រមាថនិងអាកប្បកិរិយាមិនសមរម្យចំពោះមន្ត្រីអាជ្ញាកណ្តាលទីបួន មុនពេលត្រូវបណ្តេញចេញពីទីលាន។ គ្រូបង្វឹកដដែលក៏រងការចោទប្រកាន់បន្ថែមទៀតថា បានគប់ដបទឹកសុទ្ធក្នុងទិសដៅទៅលោកអាជ្ញាកណ្តាលទីបួន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FA។
 
សម្រាប់ Metrovic វិញ FA បានបញ្ចាក់ថាការបណ្តេញកីឡាករខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី ព្រោះតែអាកប្បកិរិយារបស់គេ និងកាយវិការបង្កការគំរាមកំហែងដល់មន្ត្រីការប្រកួត។
 
លើបញ្ហារបស់ Metrovic ស្ថាប័ន FA បានលើកឡើងថា៖«ការដាក់ទណ្ឌកម្មតាមស្តង់ដារដែលនឹងអនុវត្ថលើ Aleksandar Mitrovic គឺសំដៅលើទង្វើរបង្ហាញអំពីហិង្សា ដែលធ្វើលើមន្ត្រីអាជ្ញាកណ្តាល ហើយការពិន័យលើរូបគេមិនគ្រប់គ្រាន់ឡើយ។»។
 
ការចោទប្រកាន់ផ្សេងទៀតពីសំណាក់ FA ដោយចោទក្លិប Fulham បរាជ័យក្នុងការមើលការខុសត្រូវលើកអាកប្បកិរិយារបស់កីឡាករ និងក្រុមមន្ត្រីខ្លួនក្នុងការប្រកួត។ តែយ៉ាងណា FA មិនទាន់បានប្រកាសអំពីការដាក់ទណ្ឌកម្មអ្វីឡើយចំពោះការប្រព្រឹត្តិខុសទាំងនេះ៕
 
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com