កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីអង់គ្លេស Ratcliffe ថាមិនល្ងង់យកលុយទិញក្លិប Man United ឡើយ
22, Mar 2023 , 10:40 am        
រូបភាព
មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe មិនខ្ចះខ្ចាយប្រាក់ដោយភាពឆោតល្ងង់សម្រាប់ទិញក្លិប Manchester United នោះទេ ខណៈដែលកាលបរិច្ឆេទនៃការដេញថ្លៃដំណាក់កាលចុងក្រោយខិតជិតមកដល់។



លោក ​Ratcliffe ជាបុគ្គលមួយរូបដែលមានឥទ្ធិពលខ្លាំងក្នុងនាមជាមហាសេដ្ឋីអង់គ្លេស និងជាម្ចាស់ក្រុមហ៊ុន INEOS។ លោកក៏ជាអ្នកគាំទ្រក្រុមបិសាចក្រហមម្នាក់ផងដែរ។ មហាសេដ្ឋីអង់គ្លេសរូបនេះបានដាក់ការដេញថ្លៃលើក្លិបបិសាចក្រហមកាលពីខែកុម្ភៈកន្លងទៅ។



ក្លិបបិសាចក្រហមត្រូវបានម្ចាស់កម្មសិទ្ធិបច្ចុប្បន្នគ្រួសារ ​Glazer សម្រេចចិត្តដាក់លក់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយលោក Ratcliffe ត្រូវបានគេដឹងថាជាមនុស្សដំបូងដែលបង្ហាញការចាប់អារម្មណ៍លើក្លិប Man United។ បន្ទាប់មកការប្រជែងដេញថ្លៃក្លិបបិសាចក្រហមក៏មានការចូលរួមជាច្រើនភាគីដែលជាក្រុមហ៊ុនមកពីអាម៉េរិក ក៏ដូចជាពីសំណាក់ព្រះអង្គម្ចាស់ Sheikh Jassim bin Hamad Al Thani ដែលជាម្ចាស់ធនាគាដ៏ធំរបស់កាតា។
 
ខណៈពេលដែលតម្លៃនៃការដេញថ្លៃពិតប្រាកដមិនទាន់ច្បាស់លាស់ ប៉ុន្តែរបាយការណ៍បានឱ្យដឹងថាគ្រួសារ Glazer ចង់បានប្រាក់ប្រមាណជាង ៥,៩ពាន់លានផោន (៧,២ពានលានដុល្លារ) ប្រសិនបើពួកគេត្រូវលក់ក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះ។ 
 
តម្លៃ ៧,២ពានលានដុល្លារនេះ នឹងអាចក្លាយជាតម្លៃបំបែកកំណត់ត្រាពិភពលោក ក្នុងនាមក្លិបកីឡាមានតម្លៃថ្លៃបំផុត។ តែយ៉ាងណាបើតាមការសែត Forbes ដ៏ល្បីរបស់អាម៉េរិកបានប៉ាន់ស្មានតម្លៃរបស់ក្រុមបិសាចក្រហមថាមានតម្លៃប្រមាណជាង ​៥,២ពាន់លានដុល្លារបូករួមទាំងបំណុល។
 
នាកិច្ចសម្ភាសមួយជាមួយកាសែត Wall Street Journal លោក Ratcliffe បានពណ៌នាពីដំណើរនៃការទិញក្លិបបិសាចក្រហមថាគួរតែគិតតម្លៃក្លិបជាទ្រព្យសម្បត្តិសហគមន៍ ជាជាងផ្នែកហិរញ្ញវត្ថុ។
 
ការលើកឡើងខាងលើ មហាសេដ្ឋីអង់គ្លេស វ័យ៧០ឆ្នាំ ចង់បានន័យថាការចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញយកក្លិប Man Utd ជាការខ្ជះខ្ជាយសម្រាប់ខ្លួន។
 
«តើអ្នកសម្រេចចិត្តលើតម្លៃរបស់គំនូររបៀបណា? តើអ្នកសម្រេចចិត្តលើតម្លៃរបស់ផ្ទះមួយរបៀបណា? វាមិនទាក់ទងទៅនឹងតម្លៃនៃការសាងសង់ ឬក៏មិនទាក់ទងទៅនឹងតម្លៃនៃការលាបពណ៌នោះទេ។ អ្វីដែលអ្នកមិនចង់ធ្វើនោះគឺមិនចង់ខ្ចះខ្ចាយប្រាក់ដោយឆោតល្ងង់សម្រាប់របស់អ្វីមួយនោះដែលគ្មានប្រយោជន៍ ហើយអ្នកនឹងស្តាយក្រោយ។»។ លោក Jim Ratcliffe បាននិយាយបែបនេះ៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com