ជាតិ
សមរាត្រី (អយនកាល)! កូនខ្មែរស្ងើចសរសើរពីមហស្ចារ្យនៃអង្គរវត្តដែល​បុព្វបុរស​បាន​សាងសង់
22, Mar 2023 , 6:59 pm        
រូបភាព
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ រួមនឹងទេសចរជាតិទៅទស្សនាព្រឹត្តិការណ៍នោះ។
ព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ រួមនឹងទេសចរជាតិទៅទស្សនាព្រឹត្តិការណ៍នោះ។
សៀមរាប៖ ព្រឹត្តិការណ៍«សមរាត្រី ឬ អយនកាល»(Equinox) ជាផលិតផលទាក់ទាញទេសចរណ៍មួយ ទៅកាន់រមណីយដ្ឋានអង្គរ​ ជាពិសេសប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ ជាឱកាសដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាង្គអង្គរវត្ត នាបច្ចូសកាល។ ទេសចរជាតិ និង​អន្តរជាតិ ទន្ទឹមរង់ចាំទស្សនា យ៉ាងរំភើបរីករាយ។ សម្រាប់កូន​ខ្មែរទាំងនៅក្នុងស្រុក និង​មក​ពី​ក្រៅប្រទេស ពួក​គេ​សុទ្ធតែបានស្ងើច​សរសើរពីភាពអស្ចារ្យ​ដែល​កើត​នៅ​ចំ​ប្រាង្គ​ប្រាសាទបេតិកភណ្ឌពិភពលោក ស្នាដៃល្អឯក​របស់​បុព្វបុរស។

 
ដើម្បីជ្រាបច្បាស់សូមលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 

 
ចំណាយពេលមិនដល់កន្លះម៉ោង ព្រះអាទិត្យបានបញ្ចេញរស្មីបន្ទាប់ពីទេសចរទន្ទឹមរង់ចាំរាប់ម៉ោង ដើម្បីទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត។អ្នកខ្លះធ្វើដំណើរមកតាំងពីម៉ោង៤ព្រឹក។ ឯខ្លះទៀតក៏មកម៉ោង៥ព្រឹកជាដើម។
 
រយៈពេលទស្សនាខ្លី តែវាពិតជាសាកសម ដែលបានទស្សនាព្រឹត្តិការណ៍ «សមរាត្រី»នៅប្រាសាទអង្គរវត្ត ស្របពេលដែលមនុស្សមួយចំនួនប្រាថ្នាមក
តែពួកគេមិនអាចមកបាន ក្រោមហេតុផលផ្ទាល់ខ្លួនណាមួយ។ 
 
នៅព្រឹកថ្ងៃទី២២ ខែមីនានេះមនុស្សរាប់ពាន់នាក់បានមកទស្សនាព្រឹត្តិការណ៍ «សមរាត្រី»នៅប្រាសាទអង្គរវត្ត។ ម្នាក់ក្នុងចំណោមនោះ ក៏មានអ្នកស្រី ង៉ាន គីមយ៉ុង ជាជនជាតិខ្មែររស់នៅនូវែលសេឡង់។ព្រឹត្តិការណ៍ថ្ងៃនេះ​ ជាលើកដំបូងបង្អស់សម្រាប់អ្នកស្រីដែលបានមកទស្សនាដោយផ្ទាល់ ត្បិតអីអ្នកស្រី រស់នៅឯបរទេស។ ម្យ៉ាងទៀតពេលមកលេងនៅកម្ពុជាម្ដងៗ អ្នកស្រីមកមិនដែលប៉ះចំព្រឹត្តិការណ៍នេះដែរ។ 
 
មកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះជាដំណើរកម្សាន្តឥតព្រាងទុក របស់ស្ត្រីវ័យ៧០ប្លាយរូបនេះ។ បន្ទាប់ពីបានទស្សនារួចមកអ្នកស្រីលាន់មាត់ថា៖«យើងនេះវាប្លែក
ម៉េចបានវា(ព្រះអាទិត្យរះ)ចំកន្លែងហ្នឹង! សង់យ៉ាងម៉េច បានចំថ្ងៃរះហ្នឹង។ឥឡូវថាមនុស្សឥឡូវវាពូកែ ប៉ុន្តែពីដើមពូកែ»។
 
អង្គុយនៅលើបំណែកថ្ម ជិតខឿនប្រាសាទ នោះគឺអ្នកស្រី សៃ ហួយ។ អ្នកស្រីបានអង្គុយនៅទីនេះបន្ទាប់ពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទទំនងមកពីរួយជើងដោយសារចាំឈរមើលយូរពេក។ ការមកទស្សនាថ្ងៃរះនៅចំកំពូលប្រាសាទនេះជាបំណងប្រាថ្នារបស់អ្នកស្រី។ ដូច្នោះហើយ ទេសចរអ្នករាជធានីភ្នំពេញរូបនេះបានធ្វើដំណើរតាមឡានគេងយប់ ដើម្បីឱ្យទាន់ព្រឹត្តិការណ៍កម្រនេះ។ 
 
ជាលើកដំបូងផង និងមានបំណងប្រាថ្នាយូរឆ្នាំមកហើយនោះបានធ្វើឱ្យអ្នកស្រីរំភើបចិត្តយ៉ាងខ្លាំង ដែលបណ្ដាលឱ្យស្ត្រីរូបនេះរកពាក្យអ្វីមកបកស្រាយពីទិដ្ឋភាព ដែលខ្លួនបានឃើញនោះឡើយបានត្រឹមទឹកភ្នែករលេងរលោងប៉ុណ្ណោះ។ 
 
 

ក្រោមពន្លឺព្រះសុរិយានាពេលព្រឹក ដែលមិនមានកម្ដៅនោះស្ត្រីវ័យ៥៦ឆ្នាំបានរៀបរាប់ដូច្នេះ៖«ចុះពីឡានមកតែម្ដង។ អូនអើយសប្បាយណាស់ សប្បាយមែនទែនសប្បាយណាស់»។ អ្នកស្រីបន្ថែមថាទិដ្ឋភាពនេះពិតជាអស្ចារ្យណាស់សម្រាប់អ្នកស្រី ហើយអ្នកស្រីក៏សប្បាយចិត្តដែរដែលបានឃើញវត្តមាន ទេសចរជិតឆ្ងាយ រួមទាំងបរទេសបានមកកាន់ទឹកដីអង្គរនេះ។ 
 
ទាំងខ្មែររស់នៅនូវែលសេឡង់ ទាំងខ្មែររស់នៅរាជធានីភ្នំពេញពួកគេទាំងពីរនេះ មានក្ដីបំណង នឹងមកកាន់ប្រាសាទអង្គរវត្តម្ដងទៀតជាពិសេសនៅពេលព្រឹត្តិកាណ៍ «សមរាត្រី»នេះ។ 
 
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ «សមរាត្រី»( Equinox) ត្រូវបានឃើញកើតឡើងតាំងពីថ្ងៃទី២០មីនា ឆ្នាំ២០២៣មកម្លេះ។ប៉ុន្តែទេសចរច្រើនកុះករ បានមកទស្សនាច្រើនគឺនៅថ្ងៃទី២១មីនា ហើយនឹងបន្តនៅថ្ងៃទី២២និងទី២៣ខែមីនានេះផងដែរ។ យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២១មីនាមានទេសចរជាង៨ពាន់នាក់ ក្នុងនោះបរទេសជាង២ពាន់នាក់ ដែលបានមកទស្សនាព្រឹត្តិការណ៍នេះ៕
 
 
 

Tag:
 ThmeyThmey
  សមរាត្រី
  ប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com