ជាតិ
សង្គមជាតិ
និស្សិតជាង៤០នាក់នៅសៀមរាប ឈ្វេងយល់ពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ 
និស្សិតចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «យុវជន និងការប្រើប្រាស់បណ្ដាញសង្គមប្រកប ដោយការទទួលខុសត្រូវ»។
×![]()
សៀមរាប៖ និស្សិតចំនួន៤៤នាក់ នៅក្រុងសៀមរាប ខេត្តសៀមរាបបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពី «យុវជននិងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ»។ការចែករំលែកចំណេះដឹង និងបទពិសោធន៍រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៣ នេះ រៀបចំដោយសារព័ត៌មានឌីជីថលថ្មីៗ នៅបណ្ណាល័យអាមេរិក (AmericanCorner) ក្នុងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាប។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
វគ្គបណ្ដុះបណ្ដាលដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃនេះ ជាការចែករំលែកបទពិសោធន៍ប្រចាំថ្ងៃរបស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗដែលមានគេហទំព័រព័ត៌មាន ThmeyThmey, ThmeyThmey25 និង Cambodianess ជាភាសាអង់គ្លេស។
ប្រធានបទសំខាន់ៗដែលក្រុមការងារបានចែករំលែកដល់និស្សិតក្នុងខេត្តសៀមរាប ជាង៤០នាក់នោះ មានដូចជា ឥទ្ធិពលនៃព័ត៌មាន, ការពារ និងទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត, ប្រុងប្រយ័ត្នព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត, អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន, ហេតុអ្វីការផលិតព័ត៌មានតាមទូរស័ព្ទដៃ(MoJo)មានសារសំខាន់? និងការណែនាំពីការទាញយកកម្មវិធីទូរស័ព្ទសម្រាប់ផលិត MoJo។
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដុះ កញ្ញា ផាត វិច្ឆិកា ជាអ្នកចូលរួមនិងជានិស្សិតជំនាញព័ត៌មានវិទ្យាលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់ចំណេះដឹងដល់កញ្ញាបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានពិត និងព័ត៌មានមិនពិតក្នុងបណ្ដាញសង្គម។ យុវតីវ័យ២១ឆ្នាំរូបនេះបន្ថែមទៀតថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះខ្លួនក៏កាន់តែប្រុងប្រយ័ត្ន និងពិចារណាមុនការចែករំលែកព័ត៌មានបន្តនៅក្នុងបណ្ដាញសង្គម។
កញ្ញា ផាត វិច្ឆិកា ជានិស្សិតជំនាញព័ត៌មានវិទ្យា(ស្ដាំ)។
ស្រដៀងនឹងកញ្ញា វិច្ឆិកាដែរ យុវជន សុង វុធឌីនិស្សិតជំនាញអក្សរសាស្ត្រខ្មែរ ក៏បានយល់ដឹងលើការបែងចែករវាងព័ត៌មានពិតនិងព័ត៌មានមិនពិតនេះផងដែរ។ យុវជនវ័យ២៣ឆ្នាំរូបនេះបន្ថែមទៀតថា ការពិចារណាមុនការរចែករំលែកព័ត៌មាន ជាពិសេសនៅលើបណ្ដាញសង្គមនេះពិតជាសារៈសំខាន់ព្រោះព័ត៌មានទាំងនោះ ជះឥទ្ធិពលទៅលើមនុស្សនៅក្នុងសង្គម។
គួរជម្រាបផងដែរថា វគ្គបណ្ដុះបណ្ដាល ««យុវជន និងបណ្ដាញព័ត៌មានសង្គម»ត្រូវបានរៀបចំដោយសារព័ត៌មានឌីជីថលថ្មីៗក្រោមការគាំទ្រពីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ កម្មវិធីបណ្ដុះបណ្ដាលដូចគ្នានេះត្រូវបានរៀបចំឡើងកាលថ្ងៃទី១៨ ខែកុម្ភៈ នៅការិយាល័យ AmCam ក្នុងរាជធានីភ្នំពេញ ដោយមាននិស្សិតចូលរួមចំនួន២៥នាក់ ហើយក្រុមការងារនឹងរៀបចំជាបន្តបន្ទាប់នៅខេត្តបាត់ដំបងនិងកំពង់ចាម៕

លោក សុង វុធឌី និស្សិតជំនាញអក្សរសាស្ត្រខ្មែរ (ស្ដាំ)។
Tag:
ThmeyThmey
យុវជន និងបណ្ដាញព័ត៌មានសង្គម
American Corner
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com