កីឡាអន្តរជាតិ
អន្តរជាតិ
សមរភូមិទិញក្លិប Man Utd ឡើងកម្ដៅ ក្រោយមហាសេដ្ឋីកាតា Sheikh Jassim ដេញថ្លៃលើកទី២
23, Mar 2023 , 4:01 pm        
រូបភាព
ការប្រជែងគ្នាទិញយកក្លិប Manchester United កាន់តែក្តៅគគុក ក្រោយមហាសេដ្ឋី និងជាម្ចាស់ធនាគារដ៏ធំរបស់កាតា លោក Sheikh Jassim Bin Hamad Al Thani វិលទៅចូលរួមដេញថ្លៃជាលើកទីពីរ នៅថ្ងៃទី២២ ខែមីនា។ មហាសេដ្ឋីអង់គ្លេស Jim Ratcliffe ដែលធ្លាប់រិះគន់ការចំណាយលុយទិញក្លិបយក្សអង់គ្លេសនេះ ក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជាលើកទីពីរសម្រាប់ការដេញថ្លៃផងដែរ។



Raine ជាធនាគារពាណិជ្ជដែលជួយដឹកនាំការដាក់លក់ដេញថ្លៃរបស់ក្លិប Man Utd បានកំណត់ថ្ងៃផុតកំណត់នៅម៉ោង៩យប់នៅអង់គ្លេស [ម៉ោង៤ព្រឹកនៅកម្ពុជា] ថ្ងៃទី២២ ខែមីនា។ ប៉ុន្តែទូរទស្សន៍ Sky Sports បានរាយការណ៍ថាកាលបរិច្ឆេទផុតកំណត់ត្រូវបានពន្យារបន្ថែមទៀត។
 
គ្រួសារ Glazer ដែលកាន់កាប់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហមសព្វថ្ងៃ បានដាក់ឱ្យមានការដេញថ្លៃលក់ក្លិបនេះ ដោយចង់បានតម្លៃកំណត់ត្រាពិភពលោក ៧,៣ ពាន់លានដុល្លារ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Sheikh Jassim មហាសេដ្ឋីកាតាបានចូលរួមដាកដេញថ្លៃទិញក្លិប Man Utd លើកទី២នេះផងដែរ។ Jassim ដែលចង់គ្រប់គ្រងភាគហ៊ុនក្លិប Man Utd ទាំង១០០ភាគរយ សន្យាថានឹងលុបបំណុល ៦២០ លានដុល្លាររបស់ក្លិបនេះ និងវិនិយោគលើកីឡដ្ឋានថ្មី និងកន្លែងហ្វឹកហាត់ ព្រមទាំងគាំទ្រទាំងក្រុមបុរស និងក្រុមនារី។
 
ដោយឡែក មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS ដែលធ្លាប់អះអាងថា នឹងមិនខ្ចះខ្ចាយប្រាក់ដោយឆោតល្ងង់ដើម្បីទិញក្លិប Manchester United នោះ ត្រូវបានគេជឿជាក់ថានឹងចូលរួមដេញថ្លៃលើកទី២នេះ ដើម្បីយកក្លិបមានមូលដ្ឋានក្នុងក្រុង Manchester ទៅគ្រប់គ្រងផងដែរ។ 
 
គ្រួសារ Glazer សព្វថ្ងៃកាន់ភាគហ៊ុនធំក្លិបបិសាចក្រហមចំនួន៦៩ភាគរយ។ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យនេះ ត្រូវបានគ្រួសារអ្នកជំនួញអាម៉េរិកទិញយកកាលពីឆ្នាំ២០០៥ ក្នុងតម្លៃមិនដល់៩៧០លានដុល្លារផង៕
 
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com