ជាតិ
ស្ថាប័នឯកជនមួយ សហការជាមួយអាជ្ញាធរអប្សរា ក្នុងការការពារបរិស្ថានរមណីយដ្ឋានអង្គរ
24, Mar 2023 , 9:59 pm        
រូបភាព
សកម្មភាពសម្អាតបរិស្ថាន ថែទាំ និងដាំកូនឈើ ក្នុងរមណីយដ្ឋានអង្គរ។ រូបភាព អាជ្ញាធរជាតិអប្សរា។
សកម្មភាពសម្អាតបរិស្ថាន ថែទាំ និងដាំកូនឈើ ក្នុងរមណីយដ្ឋានអង្គរ។ រូបភាព អាជ្ញាធរជាតិអប្សរា។
សៀមរាប៖ ក្រុមហ៊ុន AJE Thai Limited សហការជាមួយអាជ្ញាធរជាតិអប្សរា លើគម្រោងមួយស្ដីពី និរន្តរភាព ក្នុងការអភិរក្សរមណីយដ្ឋានអង្គរ។ គម្រោងនេះបានចាប់ផ្ដើមនៅជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣​ ក្រោមយុទ្ធនាការ «AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ការពារបរិស្ថានអង្គរ»។



កិច្ចសហប្រតិបត្តិការរវាងដៃគូទាំងពីរនេះ ធ្វើឡើងសម្រាប់គម្រោងទេសចរណ៍បៃតង។ គម្រោងនេះ នឹងរួមបញ្ជូលលើការគាំទ្រក្នុងការផ្សព្វផ្សាយយុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់ នៅរមនីយដ្ឋានអង្គរ។ 

ពិធីចុះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន AJE និងអាជ្ញាធរជាតិអប្សរា។ រូបភាពអាជ្ញាធរជាតិអប្សារា។ 

នាឱកាសនៃការចុះហត្ថលេខាលើភាពជាដៃគូ នៅរមណីយដ្ឋានអង្គរនោះ លោក  Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN លើកឡើងថា គម្រោងនេះ ជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទកភាព នៃតំបន់បេតិកភណ្ឌពិភពលោកមួយ ហើយគម្រោងនេះនឹងនាំឱ្យតំបន់បេតិកភណ្ឌនេះ មានជីវិតឡើងវិញ។ 
 
ជាមួយគ្នានេះ លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា កិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរនេះ​ គឺជាការលើកតម្លៃជាសកលរបស់រមណីយដ្ឋានអង្គរ។ 
 
លោកក៏រំពឹងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងចេញជាផ្លែផ្កា ដល់ការការពារបរិស្ថាននៅរមណីយដ្ឋានអង្គរផងដែរ។ លោកបញ្ជាក់ដូច្នេះ៖«ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការយើង នឹងផ្ដល់ជាផ្លែផ្កាយ៉ាងល្អប្រសើរបំផុត​ សម្រាប់រមណីយដ្ឋានអង្គរ ក៏ដូចជាការចូលរួមថែរក្សាទៅលើបេតិកភណ្ឌពិភពលោកដែលជាមរតករបស់មនុស្សជាតិ»។ 
 
គួរជម្រាបផងដែរថា អាជ្ញាធរជាតិអប្សរាមិនមែនជាស្ថាប័នទី១ទេ ដែលក្រុមហ៊ុននេះ បង្កើតកិច្ចសហការជាមួយ ក្រោមគោលបំណងការពារបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។

កន្លងមកគម្រោងអភិរក្ស និងនិរន្តរភាពតំបន់ប្រវត្តិសាស្ត្រ របស់ស្ថាប័នឯកជននេះ។​ កន្លងមកក្រុមហ៊ុនមួយនេះ បានធ្វើគម្រោងនេះនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា ក្នុងខេត្ត Phra Nakhon Si Ayutthaya ប្រទេសថៃ និងបរិវេណប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី៕ 
 

Tag:
 ThmeyThmey
  រមណីយដ្ឋានអង្គរ
 អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com