អន្តរជាតិ
IMF អំពាវនាវឱ្យមានការប្រុងប្រយ័ត្នខណៈហានិភ័យលើស្ថិរភាពហិរញ្ញវត្ថុបានកើនឡើង
26, Mar 2023 , 7:29 pm        
រូបភាព
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅទីក្រុងប៉េកាំងនា ថ្ងៃទី២៦ ខែមីនា បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នចំពោះហានិភ័យស្ថិរភាពហិរញ្ញវត្ថុ។

 
នាយិកាគ្រប់គ្រង IMF បានរំលឹកឡើងវិញថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀតដោយកំណើនពិភពលោកបានធ្លាក់ចុះមកនៅខាងក្រោម៣ភាគរយ ដោយសារស្លាកស្នាមនៃជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹង រូបិយវត្ថុ។
 
នៅឯវេទិកាអភិវឌ្ឍន៍ចិន លោកស្រី Georgieva លើកឡើងថា ទោះបីជាមានការប្រមើលមើលកាន់តែប្រសើរឡើងសម្រាប់ឆ្នាំ២០២៤ក៏ដោយ កំណើនពិភពលោកនឹងនៅតែទាបជាងមធ្យមភាគជាប្រវត្តិសាស្រ្តរបស់ខ្លួន៣,៨ភាគរយ ហើយទស្សនវិស័យលើកំណើនទាំងមូលនៅតែខ្សោយដដែល។ IMF គ្រោងនឹងចេញផ្សាយការព្យាករណ៍ថ្មីនៅខែក្រោយ។
 
បើតាមលោកស្រី Georgieva អ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យស្ថិរភាពហិរញ្ញវត្ថុបន្ទាប់ពីមានការដួលរលំធនាគារ ដោយការបន្ធូរបន្ថយភាពតានតឹងទីផ្សារក្នុងកម្រិតមួយចំនួន ប៉ុន្តែការបន្តការប្រុងប្រយ័ត្ននៅតែចាំបាច់។
 
«ដូច្នេះយើងបន្តតាមដានការអភិវឌ្ឍយ៉ាងដិតដល់ និងកំពុងវាយតម្លៃផលប៉ះពាល់ដែលអាចមាន សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងស្ថិរភាពហិរញ្ញវត្ថុសកល»។ លោកស្រី Georgieva បានសង្កត់ធ្ងន់បែបនេះរួចបន្តថា IMF កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសដែលងាយរងគ្រោះបំផុតជាពិសេសប្រទេសដែលមានចំណូលទាបជាមួយបំណុលខ្ពស់៕

Tag:
 IMF
© រក្សាសិទ្ធិដោយ thmeythmey.com