ជាតិ
ការរៀបចំប្រព័ន្ធទឹកនៅសម័យអង្គរ យកលំនាំតាមប្រាសាទសំបូរព្រៃគុក
17, Oct 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ការរៀបចំប្រព័ន្ធធារាសាស្រ្ត នាសម័យអង្គរ គឺជាតម្រូវការដ៏ចាំបាច់ សម្រាប់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងប្រាសាទ។ លើសពីនេះ ប្រព័ន្ធធារាសាស្រ្តនាសតវត្សរ៍ទី៩ដល់ទី១៦ នេះ ជាភាពអស្ចារ្យមួយសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយស្វែងយល់។ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំប្រព័ន្ធទឹកនៅតំបន់អង្គរ គឺបានយកលំនាំតាមប្រាសាទសំបូរព្រៃគុក។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា  បុព្វបុរសខ្មែរ បានរៀបចំប្រព័ន្ធធារាសាស្រ្ត ដោយការសង្កេត និងតាមដានយ៉ាងលម្អិត ចាប់ផ្ដើមតាំងពីសតវត្សរ៍ទី១ នៅក្រុងអូរកែវ និងនៅអង្គរបុរី នាសតវត្សទី៣ មកម្លេះ។ ការរៀបចំប្រព័ន្ធធារាសាស្រ្ត នាសម័យអង្គរ ត្រូវបានរៀបចំយ៉ាងល្អិតល្អិន់ សម្រាប់បម្រើដល់មនុស្ស សត្វ រុក្ខជាតិ និងកសិកម្ម។
 
បើតាមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រូបនេះ ការរៀបចំប្រព័ន្ធធារាសាស្រ្ត នាសម័យអង្គរ ត្រូវបានយកលំនាំតាម ប្រាសាទសំបូរព្រៃគុក។  លោក ហង់ ពៅ អះអាងដូច្នេះ៖ «សំបូរព្រៃគុកនេះ  គឺជា ដើមកំណើត ជាចំណុចនៃការចាប់ផ្ដើមដើម្បីឱ្យយើងយល់ពីប្រព័ន្ធទឹក នៅតំបន់អង្គររបស់យើង ទោះបីយើងបោះបង់អង្គរ យើងទៅកោះកេរ ក៏យើងយកទ្រឹស្ដីដូចគ្នាយកទៅអនុវត្តន៍ដែរ»។
 
លោក ហង់ ពៅ បានបន្ថែមថា ការធ្វើប្រព័ន្ធធារាសាស្រ្តបែបទំនើប គឺមិនមែនមាននៅតែសម័យអង្គរ នាសតវត្សទី៩ ទេ គឺចាប់ផ្ដើមតាំងពីសតវត្សទី១ មក ដោយបុព្ធបុរសបានផ្ទេរចំណេះដឹងផ្នែកទឹកនេះ ពីមួយជំនាន់ទៅមួយជំនាន់ តាមរយៈការបង្រៀនរបស់អ្នកជំនាន់មុន ៕  

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា

 

Tag:
 ទឹកនាសម័យអង្គរ
 លោក ហង់ ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com