ជាតិ
កម្ពុជា រកចំណូលបានជាង ១ពាន់លានដុល្លារ ពីទេសចរអន្តរជាតិ​ ក្នុងឆ្នាំ២០២២
12, Apr 2023 , 8:59 am        
រូបភាព
ទេសចរអន្តរជាតិ មកទស្សនា «រូងប្រចៀវចេញភ្នំសំពៅ» ក្នុងខេត្តបាត់ដំបង។
ទេសចរអន្តរជាតិ មកទស្សនា «រូងប្រចៀវចេញភ្នំសំពៅ» ក្នុងខេត្តបាត់ដំបង។
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កម្ពុជា រកចំណូលបានប្រមាណ ១,៤១៥លានដុល្លារ ពីទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់។ ចំពោះ ទេស​​ចរជាតិប្រមាណ ១៤លាននាក់ ដើរកម្សាន្តទូទាំងប្រទេស បានផ្តល់ចំណូលបានប្រមាណ ៦៥០លានដុល្លារផងដែរ។



ទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនបន្តិចម្តងៗ ក្រោយជំងឺកូវីដ-១៩ថយចុះ។ ទន្ទឹមនឹងនោះ ទេសចរអន្តរជាតិ ក៏វិលមកកម្សាន្តនៅកម្ពុជាជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនជាង ១ពាន់ភាគរយ។ ក្នុងនោះមានទេសចរជនជាតិឥណ្ឌូណេស៊ីចំនួន ៧,៥ម៉ឺននាក់។ ចំនួនភ្ញៀវទេសចរអន្តរជាតិទាំងនោះ ផ្តល់ចំណូលប្រមាណ ១ ៤១៥លានដុល្លារ ដែលជាចំណូលជួយដល់ចរន្តសេដ្ឋកិច្ច។
 
ដោយឡែក ទេសចរជាតិដើរកម្សន្តទូទាំងប្រទេស មានប្រមាណ ១៤លាននាក់ កើនឡើងជាង​ ២០០ភាគរយ ផ្តល់ប្រាក់ចំណូលប្រមាណ ៦៥០លានដុល្លារ។ ក្នុងឆ្នាំ២០២២ ដដែល ទេសចរជាតិ ដែលធ្វើដំណើរតាមជើងហោះហើរទៅក្រៅប្រទេសមានចំនួន ៩៧ម៉ឺននាក់ កើនឡើងជាង ៣ពាន់ភាគរយ។
 
សូមបញ្ជាក់ថា រយៈពេល ២ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបាន ៨៣,៧ម៉ឺននាក់ ដោយក្នុងនោះទេសចរជនជាតិឥណ្ឌូណេស៊ីចំនួន ២ម៉ឺននាក់។ បន្ថែមពីនេះ ក្នុងរបាយកាណ៍ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ បង្ហាញថា ភ្ញៀវទេសចរជនជាតិថៃ បានឈរនៅកំពូលតារាងដែលធ្វើដំណើរមកកម្សាន្តកម្ពុជាច្រើនជាងគេ មានចំនួនសរុប ៨៥៣ ៣៧៦នាក់៕
 
 
 
 

Tag:
 ThmeyThmey
 ​ទេសចរណ៍
 ​​ទេសចរអន្តរជាតិ ឆ្នាំ២០២២
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com