ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កញ្ញា អ៊ិន ម៉ូលីកា មានមោទកភាពដែលបានសម្រេចក្តីស្រមៃខ្លួន ធ្វើជាតំណាងតួអង្គទេវតាឆ្នាំថ្មី
14, Apr 2023 , 4:59 pm        
រូបភាព
ភ្នំពេញ៖ ទេវតាឆ្នាំថ្មី ព្រះនាង «កិមិរាទេវី» ដែលបុត្រីទី៦ របស់កបិលមហាព្រហ្ម នឹងយាងចុះមកកាន់តំណែងជំនួសទេវតាឆ្នាំចាស់ នៅវេលាម៉ោង ៤រសៀល នាថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃចូលឆ្នាំ។ កញ្ញា អ៊ិន ម៉ូលីកា គឺជាតួអង្គតំណាងទេវតាឆ្នាំថ្មី ឆ្នាំថោះព្រះនាម «កិមិរាទេវី» ។ ក្នុងនាមជាយុវតីមួយរូប ម៉ូលីកា មានមោទកភាពលើខ្លួនឯង ដែលបានសម្រេចក្តីស្រមៃ ក្លាយជាតួអង្គតំណាងទេវតាឆ្នាំថ្មី។

ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី ជាមគ្គនាយិកាបុត្រីទី៦ ទ្រង់អម្ពរពណ៌ សេត(ពណ៌ស) សៀតផ្កាចង្កុលណី(វារីជាតិប្រភេទឈូក) អាភរណៈ បុស្បារាគ័ម(ត្បូងថ្មពណ៌លឿង) ភក្សាហារ ចេកណាំវ៉ា ឬចេកទឹក។ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ(ចាប៉ី) គង់លើខ្នង មាហឹសៈ(សត្វក្របី) ជាពាហនៈ។
  

កញ្ញា ហេង រិនសុម៉ាលីតា ម្ចាស់ជ័យលាភី  បំពាក់មកុដឱ្យកញ្ញា អ៊ិន ម៉ូលីកា ម្ចាស់ជ័យលាភីធីតាឯកសង្រា្កន្តរដូវកាលទី៤។ រូបភាព៖ Molika In

កញ្ញា អ៊ិន ម៉ូលីកា ជាម្ចាស់ជ័យលាភីលេខ១ពីកម្មវិធី«ធីតាឯកសង្រ្កាន្ត»ឆ្នាំ២០២៣ របស់ក្រុមហ៊ុន Fun Entertainment  ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដើម្បីជ្រើសរើសអ្នកតំណាងឱ្យទេពធីតា«កិមិរាទេវី»។ ជាកញ្ញាឯកតំណាងឱ្យទេវតាឆ្នាំថ្មី ដែលយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប នាឆ្នាំថោះនេះ កញ្ញា ម៉ូលីកា រួមទាំងបេក្ខភាពទាំង ៦អង្គផ្សេងទៀត នឹងដើរតួជាបុត្រីទាំង ៧អង្គរបស់ កបិលមហាព្រហ្ម។
 
ម្ចាស់ជ័យលាភីលេខ១រូបនេះ លើកឡើងថា មូលហេតុដែលកញ្ញាចូលរួមប្រកួតកម្មវិធី«ធីតាឯកសង្រ្កាន្ត» ឆ្នាំ២០២៣ ដោយសារកញ្ញាយល់ថាកម្មវិធីនេះបានឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសកម្ពុជា។ លើសពីនេះ ម៉ូលីកា ក៏ចង់បង្ហាញពីវប្បធម៌របស់ប្រទេសខ្មែរឱ្យកាន់តែទូលំទូលាយជាងមុន និងចង់បំពេញក្តីស្រមៃរបស់ខ្លួនផងដែរ។


ពីឆ្វេង កញ្ញា លី នីម៉ា_ ធីតាបាត់ដំបង លំដាប់រងទី៦, កញ្ញា ម៉ៅ រស្មី ធីតាកំពង់ឆ្នាំង លំដាប់រងទី៤, កញ្ញា ចន្ធី ដាឡែន ធីតាត្បូងឃ្មុំ លំដាប់រងទី២, កញ្ញា អ៊ិន ម៉ូលីកា_ ម្ចាស់ជ័យលាភីលេខ១, កញ្ញា សៀ គីមស័ង ធីតាកំពង់ចា

«ក្តីស្រមៃពីក្មេងរបស់ខ្ញុំ គឺចង់ក្លាយជាតួអង្គទេវតាឆ្នាំថ្មី នៅថ្ងៃណាមួយ។ នាងខ្ញុំក៏ចង់យកឈ្នះចិត្តមនុស្សជុំវិញខ្លួន ដែលនិយាយថា ខ្ញុំមិនអាចយកឈ្នះបេក្ខជនដទៃទៀត។ ប៉ុន្តែ ឥឡូវនេះខ្ញុំបានធ្វើឱ្យពួកគាត់ឃើញ ពីភាពជោគជ័យមួយនេះ។»។ កញ្ញា អ៊ិន ម៉ូលីកា បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ បន្ទាប់ពីទទួលបានជ័យលាភីលេខ១។
 
យុវតីវ័យ២៣ឆ្នាំរូបនេះ គឺជាអតីត Freshie Girls ឆ្នាំ២០១៧ ដោយទទួលបានជ័យលាភីលំដាប់រងទី២។ លើសពីនេះ កញ្ញាបានក្លាយជាអ្នកតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតនៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៩ នៃកម្មវិធី Face of Cambodia។ បច្ចុប្បន្ន កញ្ញា រួមទាំងក្រុមការងារ កំពុងរៀបចំកម្មវិធីសប្បុរសធម៌ជួយកុមារកំព្រា និងចាស់ជរានាពេលខាងមុខ រួមទាំងកម្មវិធីជាច្រើនទៀតជួយដល់សង្គមផង៕

Tag:
 ThmeyThmey
  ចូលឆ្នាំខ្មែរ
  ទេវតាឆ្នាំថ្មី
  អ៊ិន ម៉ូលីកា
© រក្សាសិទ្ធិដោយ thmeythmey.com