ភ្នំពេញ៖ បេក្ខភាពចំនួន ៣រូបតំណាងឱ្យកម្ពុជា ទទួលបានពានរង្វាន់លំដាប់ពិន្ទុខ្ពស់ជាងគេ ផ្នែកគណិតវិទ្យាក្នុងកម្មវិធី Thailand International Mathematical Olympiad (TIMO)។ ក្នុងចំណោមម្ចាស់ជ័យលាភី ៣រូបនោះ យុវជន ហួន សុក្ររង្សី ជាម្ចាស់ពានរង្វាន់លំដាប់ពិន្ទុខ្ពស់មួយរូប ផ្នែកគណិតវិទ្យា (World Star Trophy) និងទទួលបានមេដាយប្រាក់(TIMO Final Round Silver) ពីកម្មវិធីនេះផងដែរ។
សូមលោក អ្នកនាងទស្សនាកិច្ចសម្ភាសដូចតទៅ៖
យុវជន ហួន សុក្រង្សី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង។ មុននឹង រង្សី ទទួលបានពានរង្វាន់ពីកម្មវិធី TIMO យុវសិស្សរូបនេះ ត្រូវចូលរួមប្រកួតចំនួន ២លើក នៅកម្ពុជា។ ការប្រកួតលើកទី១ តម្រូវឱ្យបេក្ខជនដាក់ពាក្យចូលរួមប្រកួតក្នុងវគ្គជម្រុះ ជាមួយនិងសិស្សមកពីបណ្តាសាលាផ្សេងទូទាំងប្រទេស។ ចំណែក ដំណាក់កាលទី២ (TIMO Heat Round Bronze) តម្រូវឱ្យបេក្ខជន ប្រឡងយក ៤០ពិន្ទុ ទើបអាចទៅប្រកួតបន្តនៅប្រទេសថៃបាន។
សុក្ររង្សី ឡើងទទួលពានរង្វាន់ពីការប្រកួតគណិតវិទ្យា ក្នុងកម្មវិធីTIMO។ រូបភាពពី៖ យុវជន ហួន សុក្រ រង្សី
បេក្ខជនទាំង ១៩ប្រទេស ត្រូវមកជួបជុំគ្នា ដើម្បីប្រកួតក្នុងប្រទេសថៃ ។ បេក្ខជនតំណាងឱ្យកម្ពុជា ដែលបានទៅចូលរួមប្រកួតផ្ទាល់នៅប្រទេសថៃ មានចំនួន ១៣នាក់ ។ បន្ថែមពីនោះក៏មានបេក្ខជន ប្រកួតតាមប្រព័ន្ធអនឡាញផ្សេងទៀតដែរ។
យុវជនមានវ័យ១៧ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថ្មីថា វិញ្ញាសានៃការប្រកួត គឺមានចំនួន៣០លំហាត់ ដោយបែងចែកជា ៥ផ្នែក មានដូចជា ផ្នែកគិត ពិជគណិត ធរណីមាត្រ ទ្រឹស្តីចំនួន និងផ្នែកប្រូបាប។ ចំពោះ វិញ្ញាសាប្រកួតនៅប្រទេសថៃ គឺមានការលំបាក និងច្រើនជាងមុន ប៉ុន្តែរក្សារយៈពេល ២ម៉ោងដដែល។
យុវជន ហួន សុក្ររង្សី ពាក់មេដាយប្រាក់ ដែលទទួលបានពីកម្មវិធី TIMO។ រូបភាពពី៖ កញ្ញា ផាត ដាណេ
ជាការប្រកួតលើកទី១ នៅក្រៅប្រទេស រង្សី លើកឡើងថា ៖« នេះជាថ្នាក់ដែលខ្ញុំរៀនថ្នាក់ទី១២ ទើបចង់សាកសមត្ថភាព។ ប្រសិនបើមានឱកាសទៅប្រកួតនៅថៃ ខ្ញុំក៏ចង់សាកសមត្ថភាពជាមួយសិស្សមកពីប្រទេសដទៃទៀត។ ហើយខ្ញុំគិតថា ប្រសិនបើមានបេក្ខជនខ្មែរ ទៅប្រកួតច្រើន ច្បាស់ណាស់ថានឹងមានអ្នកជាប់ច្រើន មិនចាញ់ប្រទេសដទៃឡើយ។»
ស្ថិតក្នុងចំណោមសិស្សពូកែមួយរូប ហួន សុក្ររង្សី នឹងចូលរួមប្រកួតសាកសមត្ថភាពជាបន្តបន្ទាប់ទៀត ដើម្បីតំណាងឱ្យកម្ពុជា សាលា ក៏ដូចជាខ្លួនឯង។ បន្ថែមពីលើនេះ សុក្ររង្សី ក៏ចង់បង្ហាញថា ប្រទេសកម្ពុជាក៏សម្បូរធនធាន ដែលពោលពេញដោយសមត្ថភាព និងឱ្យប្រទេសដទៃដឹងថា កម្ពុជាក៏អាចធ្វើបាន។
អាចលើកមុខមាត់ប្រទេស សាលានិងគ្រួសារ យុវជន ហួន សុក្ររង្សី មានមោទកភាពចំពោះខ្លួនឯង ដោយមិននឹកស្មានថា អាចឈានដល់ដំណាក់កាលនេះ។ រង្សី សប្បាយចិត្ត នូវអ្វីដែលខ្លួនបានប្រឹងប្រែង និងទទួលបានផ្លែផ្កានេះ។ សម្រាប់ក្តីរំពឹងបន្ទាប់ គឺការប្រឡងយកនិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣-២០២៤ខាងមុខនេះ។
កន្លងមក ហួន សុក្ររង្សី ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីដូចជា កម្មវិធី AMC បានមេដាយមាស, កម្មវិធី Math Kangaroo បានមេដាយមាស, កម្មវិធី Copernicus បានមេដាយសំរិទ្ធ,កម្មវិធី AMO ទទួលបានមេដាយកិត្តិយល, កម្មវិធី SEAMO បានមេដាយកិត្តិយលផងដែរ៕
យុវជន ហួន សុក្ររង្សី ត្រៀមប្រកួត ក្នុងកម្មវិធី TIMO នៅប្រទេសថៃ។ រូបភាពី៖ វិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង