ជាតិ
យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅពោធិ៍សាត់ ជំហានថ្មីនៃការការពារ​សត្វ​ព្រៃ​​​នៅ​តំបន់ជួរភ្នំក្រវាញ
27, Apr 2023 , 8:59 am        
រូបភាព
ពោធិ៍សាត់៖ តំបន់ជួរភ្នំក្រវាញ គឺជាជម្រកសត្វព្រៃ ប្រភពជីវចម្រុះ ព្រមទាំងជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍។ កន្លងមក តំបន់ជួរភ្នំនេះ បានរងការ​​បំ​ផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​ដូចជា​ការកាប់​ព្រៃឈើ និង​បរបាញ់​សត្វ​ពី​​ប្រជាជន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ។ ដោយឡែក យុទ្ធនាការអន្ទាក់សូន្យ ដែលកំពុងចុះអនុវត្តលើខេត្តមួយចំនួន ដោយស្ថិតនៅតាមតំបន់ជួរភ្នំក្រវាញ។ ក្នុងនោះខេត្តពោធិ៍សាត់ គឺជាគោលដៅទី១ ក្នុងដំណាក់កាលទី២ ដែលនឹងក្លាយជាក្តីសង្ឃឹមថ្មីនៃខេត្តនេះ។



ក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូ ដើម្បីបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ នៅតំបន់ជួរភ្នំក្រវាញ ដែលជាគោលដៅទី២។ ចំពោះការអនុវត្តនៅតំបន់ជួរភ្នំក្រវាញនោះ រួមមាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប។ យុទ្ធនាការដំណាក់កាលទី២នេះ នឹងជួយកាត់បន្ថយចំនួនអន្ទាក់ ទប់ស្កាត់ការជួញដូរ ក៏ដូចជាអប់រំពីផលប៉ះពាល់នៃការហូបសាច់សត្វព្រៃផងដែរ។
 
លោក លូ វន្នី តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំកម្ពុជា បានលើកឡើងថា នៅប្រមាណ ៧០ឆ្នាំចុងក្រោយនេះ សត្វព្រៃប្រហែល ៦០ភាគរយ មានការបាត់បង់ ដោយសារការបរបាញ់​ តាមរយៈការដាក់អន្ទាក់។ ជាក់ស្តែងតំបន់អូរសោម ស្ថិតក្នុងស្រុកវាលវែង គឺជាតំបន់ដែលអង្គការ FFI សហការជាមួយរដ្ឋបាលព្រៃឈើ ទៅលើការអភិរក្សក្រពើភ្នំ។ 
លោក វន្នី បញ្ជាក់ថា៖ «តំបន់អូរសោមមានក្រពើភ្នំច្រើនជាងគេ។ ក្នុងនោះយើងក៏មានកម្មវិធីបង្កាត់ពូជក្រពើភ្នំ ដើម្បីឱ្យប្រភេទសត្វនេះមានចំនួនច្រើន ពីព្រោះក្រពើភ្នំ​ក៏ជិតផុតពូជផងដែរ។ ហេតុនេះទើប រដ្ឋាភិបាល និងអង្គការដៃគូ ការពារ ក៏ដូចជាស្តារឡើងវិញនូវប្រភេទសត្វដែលមានវត្តមានតិច»។
 
តំណាងអង្គការ FFI ក៏បានអំពាវនាវដល់ ភាគីពាក់ព័ន្ធឱ្យជួយផ្សព្វផ្សាយអំពីគុណវិបត្តនៃអន្ទាក់ដែលពលរដ្ឋមួយចំនួនបានដាក់នៅក្នុងព្រៃ ជាពិសេសតំបន់ជួរភ្នំក្រវាញនេះ។ បន្ថែមទៅលើនេះ​​ ភាគីដែលពាក់ព័ន្ធ ត្រូវពន្យល់ពីច្បាប់ និងទោសទណ្ឌពីការបរបាញ់សត្វព្រៃផងដែរ។
 
លោក សេង ប៊ុន​រ៉ា តំណាងអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំកម្ពុជា រៀបរាប់ថា តំបន់ជួរភ្នំក្រវាញមានផ្ទៃដីលាតសន្ធឹងប្រមាណជាង ១,៥លានហិកតា និងមានផ្ទុកជីវចម្រុះជាច្រើន ដែលក្លាយជាបន្ទុកយ៉ាងធំលើការការពារ និងអភិរក្ស។ ជាមួយគ្នានេះ អង្គការ CI សហការជាមួយរដ្ឋាភិបាល ក្នុងការអភិរក្សតាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន។ ជាង ២០មកនេះ លោក ប៊ុនថា សង្កេតឃើញថា អន្ទាក់គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រាន របស់សត្វព្រៃ។ 

ពីឆ្វេង លោក សេង ប៊ុន​រ៉ា តំណាងអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំកម្ពុជា, លោក លូ វន្នី តំណាងអង្គការ FFI ប្រចាំកម្ពុជា និងកញ្ញា នី ណៃគី តំណាងអង្គការជីវិតធម្មជាតិនៅកម្ពុជា។ រូបភាព៖ កញ្ញា សែម ប្រាក់ដាវ
 
«អន្ទាក់បានសម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ​ ហើយសម្លាប់ដោយភាពស្ងាត់ស្ងៀមបំផុត។ បើយើងមើលតាមស្ថិតិកាម៉េរ៉ាស្វ័យប្រវត្តិ គឺរកឃើញថា ចំនួនកូនសត្វដំរីដែលទើបកើតប្រមាណ ៣០ ទៅ៥០ភាគរយ បានជាប់អន្ទាក់ស្លាប់។ បន្ទាប់ពីដំរី គឺសត្វជ្រូកព្រៃ ជាប់អន្ទាក់ច្រើនជាងគេ» ។នេះជាការលើកឡើងរបស់ លោក សេង ប៊ុនរ៉ា តំណាងអង្គការ CI ក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
 
បន្ថែមលើការយល់ដឹងនៃការដាក់អន្ទាក់ តំណាងអង្គការ CI រូបនេះ ក៏បានលើកឡើងពីការចូលរួមលើកស្ទួយជីវភាពរបស់ពលរដ្ឋតាមសហគមន៍ ដើម្បីកាត់បន្ថយការបរបាញ់ផងដែរ។ ការលើកស្ទួយជីវភាពនេះ គឺចង់សំដៅលើការប្រកបរបរ ដូចជាការនាំភ្ញៀវ និងដាំដំណាំនានា។ 
 
លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លើកឡើងថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ គឺមានសារសំខាន់លើការអភិរក្ស ក្នុងគោលបំណងផ្សព្វផ្សាយជូនមហាជនឱ្យយល់ដឹងពី ការរស់នៅប្រកបរបរផ្សេងៗ ដែលអាស្រ័យផលលើសត្វព្រៃ ព្រៃឈើ។ លោក បន្តថា ខេត្តពោធិ៍សាត់​ គឺស្ថិតនៅទិសពាយព្យ ដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន។ តំបន់ភ្នំនៃខេត្តនេះ សម្បូរព្រៃឈើ សត្វព្រៃដូចជា ដំរី ខ្ទីង ទន្សោង ខ្លាឃ្មុំ កែះ ប្រើស ឈ្មូស ជ្រូកព្រៃ ក្រពើភ្នំ​ជាដើម។ ចំណែក បឹងទន្លេសាប សម្បូរទៅដោយសត្វស្លាបគ្រប់ប្រភេទផ្សេងទៀត។ 
 
ប្រធានមន្ទីរបរិស្ថានរូបនេះ សង្កេតធ្ងន់ដូច្នេះ ៖​«ដោយសារកំណើនប្រជាពលរដ្ឋ និងតម្រូវការជីវភាពប្រចាំថ្ងៃ បានធ្វើឱ្យធនធានធម្មជាតិ ទទួលរងការទន្ទ្រានព្រៃ សឹករេចរឹល បន្តិចម្តងៗ ជាពិសេស ការប្រមាញ់ ការដាក់អន្ទាក់ ឆក់ ដោយខុសច្បាប់»។
 
លោក គង់ ពុទ្ធីរ៉ា បន្ថែមថា ខេត្តពោធិ៍សាត់មានតំបន់ការពារធម្មជាតិចំនួន ៦ ​​ដែលមានផ្ទៃដីសរុបចំនួន​ ៦៨៩ ២៨៧ ហិកតា ចែកចេញជា៦តំបន់ រួមមាន តំបន់ពហុបំណងបឹងទន្លេសាប ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ។
 
សូមបញ្ជាក់ថា ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជាដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះបើតាមក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ជួរភ្នំក្រវាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍៕
 
ពីឆេ្វង លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការ WEA, លោក សេង ប៊ុន​រ៉ា តំណាងអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំកម្ពុជា, លោក លូ វន្នី តំណាងអង្គការ FFI ប្រចាំកម្ពុជា។ រូបភាព៖ កញ្ញា សែម ប្រាក់ដាវ
ពីឆ្វេងលោក ងួន ប៊ុណ្ណារ៉ា រដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់, លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ និងលោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍។ រូបភាពពី៖ កញ្ញា សែម ប្រាក់ដាវ
 

Tag:
 ThmeyThmey23
  ក្រសួងបរិស្ថាន
 អន្ទាក់សូន្យ
 ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com