ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ សុំចូលបក្សកាន់អំណាច
05, May 2023 , 1:54 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី ជួបគ្នានៅសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០១៩។ រូបពីធ្វីតធឺរបស់លោក សម រង្ស៊ី
ពីឆ្វេងទៅស្តាំ៖ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោកស្រី មូ សុខហួរ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និង លោក ឡុង រី ជួបគ្នានៅសហរដ្ឋអាម៉េរិក កាលពីខែមករា ឆ្នាំ២០១៩។ រូបពីធ្វីតធឺរបស់លោក សម រង្ស៊ី
បាត់មុខមួយរយៈ លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្រ្ត និងជាអតីតមន្រ្តីជាន់ខ្ពស់១រូបរបស់អតីតគណបក្សសង្គ្រជាតិ បានបង្ហាញខ្លួនមកវិញ ដោយទីតាំងដែលលោកចង់ឈរជើងក្នុងឆាកនយោបាយនាពេលនេះ គឺគណបក្សកាន់អំណាច ពុំមានជាគណបក្សប្រឆាំងទៀតឡើយ។ 



ដូចអ្នកប្រឆាំងមុនៗដែរ លោក តុ វ៉ាន់ចាន់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមរយៈលិខិតដែលលោកសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណគណបក្ស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក ជម្រាបសម្តេចថា លោក ចូលគណបក្សប្រជាជនកម្ពុជា គឺដើម្បីរួមចំណែកអភិវឌ្ឍនិងការពារប្រទេសជាតិ។ 
 
អតីតអ្នកនយោបាយប្រឆាំងរូបនេះ បង្ហាញការប្តេជ្ញាទៅកាន់ប្រធានគណបក្សកាន់អំណាចដូច្នេះថា«ខ្ញុំបាទ នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាករេ ហើយបម្រើនិងការពារគណបក្សប្រជាជនកម្ពុជាពីពេលនេះតទៅ»។ 
 
គេ មិនទាន់ឃើញការឆ្លើយតបពីសម្តេចនយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។ ប៉ុន្តែ ជាការសង្កេតឃើញក្នុងមួយរយៈចុងក្រោយនេះ យុវជន សកម្មជន និងអ្នកមាននិន្នាការប្រឆាំង បាននាំគ្នាសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ហើយសុទ្ធតែទទួលបានស្វាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ដោយគ្មានអ្នកណាម្នាក់ ត្រូវបដិសេធឡើយ៕ 
 
 

Tag:
 តុ វ៉ាន់ចាន់
© រក្សាសិទ្ធិដោយ thmeythmey.com