អន្តរជាតិ
ចិនតវ៉ា ក្រោយកាណាដាចង់បណ្ដេញអ្នកការទូតខ្លួន
05, May 2023 , 2:39 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំកាណាដា Cong Peiwu នាថ្ងៃទី៤ ខែឧសភា បានតវ៉ាសេចក្តីថ្លែងការណ៍​របស់​ទីក្រុងអូតាវ៉ាដែលពិចារណាបណ្តេញអ្នកការទូតចិនចេញពីប្រទេស។ លោក Cong ក៏​បាន​បដិសេធ​ការចោទលើមន្ត្រីទូតចិនជុំវិញការកំណត់គោលដៅលើសមាជិកសភាកាណាដា និង​ក្រុមគ្រួសារ​ចំពោះ​ជំហរប្រឆាំងចិន។


 
ទំនាក់ទំនងរវាងចិន និងកាណាដា ហាក់ធ្លាក់ចុះកាន់តែខ្លាំង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកាណាដា Melanie Joly និយាយថា លោកស្រីបានវាយតម្លៃជម្រើសផ្សេងៗដើម្បីទប់ទល់ការជ្រៀតជ្រែករបស់ចិនរួមទាំងការបណ្តេញ​អ្នក​ការ​ទូត​ចិន​ប្រចាំកាណាដាផងដែរ។
 
លោក Cong Peiwu ប្រេសិតក្រុងប៉េកាំងប្រចាំកាណាដា ក៏ត្រូវបានកោះហៅ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួងការបរទេសកាណាដា នៅថ្ងៃទី៤ ខែឧសភាដើម្បីជជែកពីបញ្ហាផ្សេងៗ។ លោក Cong បាន​និយាយក្រោយជំនួបថា លោកបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការគំរាមកំហែងដើម្បីបណ្តេញ​អ្នក​ការ​ទូត​ចិនដោយសារតែពាក្យចចាមអារ៉ាមនៃអ្វីដែលលោកស្រីហៅថាជាការជ្រៀតជ្រែករបស់ចិន។
 
«ចិនជំរុញយ៉ាងខ្លាំងឱ្យភាគីកាណាដាបញ្ឈប់ជាបន្ទាន់និន្នាការនយោបាយដឹកនាំដោយខ្លួនឯង»។​ លោក Cong បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រ​របស់​ស្ថានទូត រួចបន្ថែមថា លោកក៏ច្រានចោលចំពោះការចោទទីក្រុងប៉េកាំងថា បាន​កំណត់​គោលដៅ​លើ​សមាជិកសភាកាណាដាអភិរក្សនិយមលោក Michael Chong និងក្រុមគ្រួសារ​របស់​លោក​នៅ​ចិន​។
 
បើតាមកាសែត Globe and Mail របស់កាណាដាដែលដកស្រង់របាយការណ៍សម្ងាត់ពីឆ្នាំ ២០២១ និងចេញផ្សាយថ្ងៃទី១ ខែឧសភា ចិនបានស្វែងរកព័ត៌មានអំពីសមាជិកសភាលោក Chong និង​ក្រុម​គ្រួសាររបស់លោកនៅចិនដើម្បីធ្វើជាឧទាហរណ៍រារាំងអ្នកផ្សេងទៀតពីការប្រឆាំងនឹងក្រុងប៉េកាំង។ 
 
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ​ ក៏អះអាងថា លោកបានដឹងពីរបាយការណ៍សម្ងាត់ពីកាសែតនេះ ហើយបានបន្ទោសទីភ្នាក់ងារស៊ើបអង្កេតក្នុងការមិនបានផ្ដល់ព័ត៌មានជូនលោកឱ្យបានទាន់ពេលវេលា៕
 
 

Tag:
 ចិន
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com