ជាតិ
ស៊ីហ្គេម២០២៣
លោក ផុស សុវណ្ណ សុំការយោគយល់ពីអ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម ព្រោះទីតាំងមានកំណត់ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។
× លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា ចំនួនអ្នកសារព័ត៌មានចូលរួម ក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម ត្រូវបានកំណត់ ។
លោក ផុស សុវណ្ណ បានបន្តថា ស្ថាប័នសារព័ត៌មានមួយ អាចចូលបាន ២នាក់ តាមស្ថាប័នធំ និងតូច ហើយសម្រាប់ស្ថានីយទូរទស្សន៍អាចបាន ៥ ទៅ៦នាក់ ទៅតាមចំនួនអ្នកចុះយកព័ត៌មាន និងថតផ្ដិតរូបភាព។
លោក ផុស សុវណ្ណ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី៥ ខែឧសភា ថា ក្នុងព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមនេះ អនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមបានប្រមាណ ១០០០នាក់ ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងនោះអ្នកថតមានជាង ១០០នាក់ប៉ុណ្ណោះ ដោយមិនអាចឱ្យចូលច្រើនបាននោះទេ ព្រោះទីតាំងមានកំណត់។
លោក ផុស សុវណ្ណ បានបញ្ជាក់ថា៖«ខ្ញុំឃើញអ្នកសារព័ត៌មានយើងសរសេរថា អ្នកថតរូប អ្នកព័ត៌មាន មិនអាចចូលបានទេ ស្ដាយណាស់ដែលធ្លាប់ចូលរួម ១០ឆ្នាំហើយ មិនបានចូលរួមបាន ខ្ញុំគិតថាជាការយល់ខុសហើយ អ្នកសារព័ត៌មានយើងគួរតែចាស់ទុំមែនទែនហើយ ព្រោះយើងឆ្លងកាត់មកច្រើនលើកច្រើនសារហើយ សម្រាប់ព្រឹត្តិការណ៍សំខាន់ៗបែបនេះ»។
ឥឡូវនេះក្រុមការងារកំពុងពិនិត្យមើលទីតាំងណា ដែលអាចឱ្យអ្នកសារព័ត៌មានឈរថតបាន ប៉ុន្តែទីតាំងមិនសមប្រកបចិត្តដូចអ្នកសារព័ត៌មានចង់បាន ដើម្បីទៅឈរថតមុខគណអធិបតីនោះទេ ។ នេះបើតាមលោក ផុស សុវណ្ណ។
លោក សុវណ្ណ បានបន្ថែមថា ៖«ខ្ញុំឱ្យគាត់(អ្នកសារព័ត៌មាន)យោគយល់ផង យើងជាម្ចាស់ផ្ទះយើងបើកបេះដូងធំទូលាយរឿងច្រើនហើយ សម្រាប់រឿងថតនេះ យើងអាចរកជ្រុងទៀតថតបានក្នុងព្រឹត្តិការណ៍បើកនេះ»។
លោក សុវណ្ណ បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ អ្នកសារព័ត៌មាន និងអ្នកថតរូបភាព មិនអាចដើររត់ផ្ដេសផ្ដាសបាននោះទេ ព្រោះធ្វើបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់អ្នកទស្សនា ។
លោក សុវណ្ណ បានសំណូមពរដល់អ្នកសារព័ត៌មានស្វែងយល់ឱ្យបានច្រើន ពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ។ បើតាមលោក សុវណ្ណ អ្នកសារព័ត៌មានជាង ២០០០នាក់ ចុះឈ្មោះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងនោះជាង ១០០០នាក់ ជាអ្នកសារព័ត៌មានជាតិ និងជាង ១០០០នាក់ ជាអ្នកសារព័ត៌មានអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com