ជាតិ
កម្ពុជា បញ្ជូនទ័ពមួកខៀវ២៤៤នាក់ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល
05, May 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រោយហ្វឹកហ្វឺនលើជំនាញជាច្រើនដោយជោគជ័យ កម្ពុជា បញ្ជូបកងទ័ពមួកខៀវទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ២៤៤នាក់ នាយប់នេះ។

 
កងវិស្វកម្មលេខ៤៣២ នឹងហោះហើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល (MINUSCA)នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ បើតាមប្រសាសន៍ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កម្លាំងដែលនឹងចេញយុទ្ធដំណើរនេះ ត្រូវបានអង្គការសហប្រជាជាតិ កែសម្រួលជាកងពហុជំនាញ និងបានបន្ថែមសមាជិកកម្លាំងចំនួន ២៥នាក់បន្ថែមទៀត។ កម្លាំងសរុប២៤៤នាក់នេះ មាននារី ៣០នាក់ មកពី​បណ្តា៤០កងឯកភាព​នៃកង​យោធពល​ខេមរភូមិន្ទរួមមាន។ 
 
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់បន្ថែមថា៖ «កងកម្លាំងមួកខៀវកម្ពុជា បានទទួលការហ្វឹកហ្វឺនមុនចល័ត និង​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា និងពីបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធផល​​​ដូច​បណ្តា​កងមុនៗ​​ដែរ»។​  
 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
 
ដើម្បីសម្រួលដល់ការបំពេញបេសកកម្មរបស់កងទ័ព រដ្ឋាភិបាលកម្ពុជា បានត្រៀមជាស្រេចនូវឱសថ បរិក្ខារ គ្រឿងបន្លាស់ និងការងារធានាជីវភាពរស់នៅ សម្រាប់រយៈពេល១ឆ្នាំ ព្រមទាំងបានចាក់ថ្នាំបង្ការផ្សេងៗតាមនិយាមរបស់អង្គកាសហប្រជាជាតិផងដែរ។ 
 
គួរបញ្ជាក់ផងដែរ រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំង​ចូលរួម​បេសកកម្ម​រក្សាសន្តិភាព​​​របស់ អ.ស.ប សរុបចំនួន​ ៨៩៥១នាក់ ក្នុងនោះ​មាននារីចំនួន៦៩២នាក់។ កម្ពុជា បានបញ្ជូនកម្លាំងចេញបំពេញ​បេសកកម្មចំនួន១១ និងប្រទេស​ចំនួន​៩​​ ដូចជា សាធារណរដ្ឋស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង​យេមែន។ បច្ចុប្បន្ន កម្លាំង​កម្ពុជា ចំនួន៨៧៤នាក់ ក្នុងនោះនារីចំនួន១៤១នាក់ ​កំពុង​បំពេញ​បេសកកម្ម​​​នៅប្រទេសចំនួន៤ រួមមាន សាធារណ​រដ្ឋ​​​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី​ ៕
 

Tag:
 ទ័ព
  មួកខៀវ
  សាធារណរដ្ឋអាហ្រ្វិកកណ្តាល
  បេសកកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com