អន្តរជាតិ
មាន​ការប្រយុទ្ធ​គ្នា​ខ្លាំង​​​នៅ​ក្នុង​និង​នៅ​ជុំវិញ​ក្រុង​ខាទុំ​នៅ​ស៊ូដង់ ទោះជា​មាន​ការ​យល់​ព្រម​ឈប់បាញ់​ក្តី
05, May 2023 , 7:29 pm        
រូបភាព
ផ្សែងខ្មួលខ្មៅនៅក្រុងខាទុំ ក្នុងប្រទេសស៊ូដង់ ដែលកំពុងមានការវាយប្រហារគ្នា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ផ្សែងខ្មួលខ្មៅនៅក្រុងខាទុំ ក្នុងប្រទេសស៊ូដង់ ដែលកំពុងមានការវាយប្រហារគ្នា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
នៅ​ក្នុង​ប្រទេស​ស៊ូដង់ មាន​សេចក្តី​រាយការណ៍​ថា​មាន​ការ​ប្រយុទ្ធគ្នា​ខ្លាំងនៅ​ក្នុង​និង​នៅ​ជុំវិញរដ្ឋធានីខាទុំ​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ ទោះជាមាន​ការ​ឈប់បាញ់​មួយ​អាទិត្យ​យល់ព្រម​ដោយ​ភាគី​ទាំង​ពីរនៅ​ក្នុង​ជម្លោះ​នេះ​ក៏​ដោយ។



កងទ័ព​ស៊ូដង់និង​កង​ទាហាន​ប៉ារ៉ានៃ​កងកម្លាំង​ការពារ​រហ័សហាក់ដូច​ជា​ប្រឹងប្រែង​រុញ​ច្រានក្រុម​មួយ​ទៀត​ឱ្យ​ចេញ​ពី​ផ្នែក​កណ្តាល​ក្រុង​ខាទុំ និង​តំបន់ត្រូវ​កាន់កាប់​នៅ​ជុំវិញវិមាន​ប្រធានាធិបតី​និង​ទីបញ្ជាការ​ធំ​បស់កង​ទ័ព។
 
កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres បាន​អំពាវនាវឱ្យមាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ស៊ូដង់​ និង​ឱ្យមាន​ការ​គាំទ្រ​អន្តរជាតិ​ដល់​ប្រជារាស្ត្រ​ស៊ូដង់ ដែល​លោក​បាន​និយាយ​ថា​ កំពុង​ប្រឈម​នឹង​មហន្តរាយមនុស្សធម៌។
 
លោក Guterres បាន​មាន​ប្រសាសន៍នៅ​ក្នុងសន្និសីទ​កាសែត​មួយ​ក្នុងក្រុងណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ថា «គេ​ត្រូវអនុញ្ញាតឱ្យ​មាន​ការ​បញ្ជូន​ជំនួយទៅ​ក្នុង​ប្រទេស​ស៊ូដង់​ហើយ​យើងត្រូវការ​ឱ្យ​មាន​ជំនួយ​ដោយ​សុវត្ថិភាព​ និង​ជា​បន្ទាន់​សម្រាប់​ចែកចាយ​ដល់​ប្រជារាស្ត្រ​ដែលត្រូវ​ការ​ខ្លាំង​បំផុត។ ក្រុមជន​ស៊ីវិលនិង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលត្រូវតែ​បាន​ការពារ​ ហើយ​ក្រុមអ្នកធ្វើការ​ខាង​មនុស្សធម៌​និងធនធាន​ពួក​គេក៏​ត្រូវ​តែ​គោរពដែរ‍»។​
 
ក្រសួង​សុខាភិបាលស៊ូដង់និយាយ​ថា មនុស្ស​ជាង​ ៥០០ នាក់ ត្រូវបាន​សម្លាប់និង​ជិត​ ៥ពាន់​នាក់ទៀត​បាន​របួស តាំងពីមាន​ការ​ប្រយុទ្ធគ្នា​កាល​ពី​ថ្ងៃទី ១៥ ខែមេសា ​នៅក្នុង​ការ ដណ្តើម​អំណាច​គ្នារវាងពួក​មេដឹកនាំ​នៃ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ូដង់ ​និង​កងកម្លាំង​ប៉ារ៉ា​គាំទ្រ​រហ័ស។
 
ទីភ្នាក់ងារ​ទេសន្តរប្រវេសន៍​របស់​ អ.ស.ប. (IOM) បាន​និយាយក្នុង​សប្តាហ៍​នេះ​ថា​ មាន​មនុស្សយ៉ាង​តិច​ណាស់​ ៣សែន ៣ម៉ឺន ៤ពាន់នាក់​ បាន​ទៅ​រស់នៅ​ក្នុង​កន្លែងផ្សេង​ខាង​ក្នុង​ប្រទេស ដោយសារ​មាន​ការ​ប្រយុទ្ធ​គ្នា​បន្ថែម​លើ​មនុស្ស​ ១សែននាក់ទៀត ដែល​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស។ ទីភ្នាក់ងារ​ជនភៀសខ្លួន​ អ.ស.ប.​ បាន​ព្រមានថាការ​ប្រយុទ្ធគ្នាអាច​នាំ​ឱ្យមានមនុស្ស​ជាង​ ៨សែននាក់ រត់គេច​ខ្លួន​ចេញពី​ប្រទេស​នេះ​ក្នុង​ប៉ែក​ឦសាន្ត​ទ្វីប​អាហ្វ្រិក។
 
មនុស្សជា​ច្រើននាក់​បាន​ទៅកាន់​ប្រទេស​ ៧ មាន​ព្រំដែន​ជាប់​ប្រទេស​ស៊ូដង់ រួម​មាន​ប្រទេស​ឆាតស៊ូដង់​ខាង​ត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្សីប​និង​ប្រទេស​អេត្យូពី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com