សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់ជាលើកទី៧
05, May 2023 , 8:59 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
នាល្ងាចថ្ងៃទី ៤ ខែឧសភា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទី ៧ ជាប់ៗគ្នា ដើម្បីគ្រប់គ្រងអត្រាអតិផរណាកាន់តែខ្ពស់ ដែលអត្រាការប្រាក់បច្ចុប្បន្នបានកើនឡើងដល់ ៣,២៥ភាគរយ។

 
ដូចដែលបានព្យាករដោយអ្នកជំនាញធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់យោងបន្ថែម ០,២៥ភាគរយទៀត ដែលកើនដល់រហូត ៣,២៥ភាគរយ។  ហេតុផលចម្បង ECB ទំនង​ជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ ​ព្រោះ​ពួកគេ​ជឿជាក់​ថា​ ទស្សនវិស័យ​អតិផរណា​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ នឹង​នៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ​។
 
តួលេខចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិអឺរ៉ុប (Eurostat) បង្ហាញថា អត្រាអតិផរណានៅក្នុងតំបន់អឺរ៉ូក្នុងខែមីនា បានកើនឡើង ៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះគឺទាបជាងការព្យាករ ៧,១ភាគរយ ដែល Bloomberg និងក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ FactSet បានព្យាករពីមុន ដែលបានបន្ទាបពីអត្រា ៨,៥ភាគរយកាលពីខែកុម្ភៈ។ នេះគឺជាអត្រាអតិផរណាទាបបំផុតនៅក្នុងតំបន់អឺរ៉ូ ក្នុងរយៈពេលមួយឆ្នាំមកនេះ។
 
នៅក្នុងការព្យាករថ្មីៗបំផុតរបស់ខ្លួន ECB គិតថាអតិផរណានៅក្នុងតំបន់អឺរ៉ូ នឹងមានអត្រាជាមធ្យម ៥,៣ភាគរយក្នុងឆ្នាំ២០២៣ ដែលលើសពីគោលដៅ ២ភាគរយរបស់ខ្លួន។ បន្ទាប់ពីនោះ អតិផរណា ត្រូវបានព្យាករថា នឹងធ្លាក់ចុះមកត្រឹម ២,៩ភាគរយនៅឆ្នាំ ២០២៤ និង ២,១ភាគរយនៅឆ្នាំ ២០២៥។
 
បច្ចុប្បន្ននេះទីផ្សារភាគហ៊ុនអឺរ៉ុ​ប​ កំពុងទទួលបានការកំណត់របស់ ECB ជាមួយនឹងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ សន្ទស្សន៍ STOXX 600 ក្នុងតំបន់បានកត់ត្រាការធ្លាក់ចុះ ០,៦ភាគរយ ខណៈពេលដែលប្រាក់អឺរ៉ូក៏បានធ្លាក់ចុះ ០,៣៨ភាគរយផងដែរធៀបនឹងប្រាក់ដុល្លារ ដោយអត្រាប្តូរប្រាកើក្នុង ១ អឺរ៉ូប្តូរបាន ១,១០២ដុល្លារអាម៉េរិក៕
 

Tag:
 ធនាគារកណ្តាល
  ECB
© រក្សាសិទ្ធិដោយ thmeythmey.com