កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ខាន់ ចេសា ប្តេជ្ញាយកមេដាយមាសវិញ្ញាសា No Gi ក្រោយខកឱកាសប្រកួតដំបូង
05, May 2023 , 9:29 pm        
រូបភាព
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ប្តេជ្ញាដណ្តើមមេដាយមាសស៊ីហ្គេមលើកទី៣២ នៅជំនួបទី២របស់ខ្លួន ក្រោយទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីចាញ់ដៃគូចាស់កីឡាការិនីហ្វីលីពីន Kaila Isip Napolis វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម។



 
ខាន់ ចេសា បានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis នាការប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា។ បរាជ័យក្នុងលទ្ធផលពិន្ទុ ២-០ ធ្វើឱ្យកីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ទទួលបាន​ត្រឹមមេដាយប្រាក់។
 
ចេសា បង្ហាញការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងនៅចំពោះមុខអ្នកគាទ្រ ដែលមិនអាចដណ្តើមបានមេដាយមាសដំបូងសម្រាប់កម្ពុជាប្រភេទកីឡាជីជិតស៊ូ ក្នុងនាមអត្តពលិកម្ចាស់ផ្ទះ។ យ៉ាងណាក៏ដោយ ចេសា នៅសល់មួយវិញ្ញាសាទៀត និងជាឱកាសដើម្បីដណ្តើមមេដាយមាសសម្រាប់កម្ពុជា។
  

ក្នុងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត ចេសា បានរៀបរាប់ទាំងអួលដើមក និងទឹកភ្នែក ថា៖ «ខ្ញុំបានដាក់គោលដៅយកមេដាយមាសស៊ីហ្គេមឱ្យម្ចាស់ផ្ទះកម្ពុជា ប៉ុន្តែចុងក្រោយបានត្រឹមមេដាយប្រាក់។ ទោះទទួលបានប្រាក់ តែខ្ញុំនៅតែទទួលបានការគាំទ្រលើសលុប ដែលមានតម្លៃជាងមេដាយមាសទៅទៀត»។
 
ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ និងមាសកីឡាអាស៊ីឆ្នាំ២០២២រូបនេះ បន្ថែមថាការគាំទ្ររបស់កម្ពុជាមកលើខ្លួនពិតជាមានតម្លៃ និងសារសំខាន់ដែលជាការជំរុញទឹកចិត្តខ្លួនដើម្បីដណ្តើមមេដាយមាសនៅឱកាសចុងក្រោយ។
  


ខាន់ ចេសា ត្រូវប្រកួតកីឡាជឺជិតស៊ូមួយលើកទៀតលើវិញ្ញាសា No Gi ទម្ងន់៥២គីឡូក្រាម ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា។ នេះជាឱកាសចុងក្រោយសម្រាប់ចេសា ដើម្បីយកមេដាយមាសស៊ីហ្គេមជូនអ្នកគាំទ្រកម្ពុជា មុនត្រឡប់ទៅអាម៉េរិកវិញ។
 
គិតមកដល់ថ្ងៃទី៥ ខែឧសភានេះ ម្ចាស់ផ្ទះកម្ពុជា ឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងមេដាយមាស៥ និងប្រាក់៤ ពីប្រភេទកីឡាគុនល្បុក្កតោ និងជឺជិតស៊ូ៕ 
 

Tag:
 ស៊ីហ្គេម២០២៣
  ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com