ជាតិ
អូស្រ្តាលី គ្រោងបង្កើតសួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃកសិផលកម្ពុជា
05, May 2023 , 9:59 pm        
រូបភាព
ដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម ដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច (CAPRED)។ រូបភាព៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា
ដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម ដែលរៀបចំដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច (CAPRED)។ រូបភាព៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា
ភ្នំពេញ៖ អូស្រ្តាលី គ្រោងបង្កើតសួនកសិ-ឧស្សាហកម្ម ដើម្បីកែច្នៃកសិផលកសិកម្មរបស់កម្ពុជា ដែលរួមមាន ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់បំពេញទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅបរទេស។



បើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ នៅថ្ងៃទី២ខែឧសភា កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ចេញទៅតាមបណ្ដាប្រទេសអាស៊ាន ដោយមិនទាន់កែច្នៃ។ ក្រោយទិញកសិផលពីកម្ពុជា ប្រទេសទាំងនោះ បានកែច្នៃទៅជាផលិតផលមានតម្លៃ ជាកសិផលដើម ដែលប្រភពមកពីកម្ពុជា។ ជាក់ស្ដែង កសិផលមួយចំនួន ត្រូវបានគេកែច្នៃទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។
  


ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ កម្ពុជាចាំបាច់ត្រូវវិនិយោគឱ្យមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន។
 
ពាក់ព័ន្ធករណីនេះ អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ ស្ថានទូតអូស្រ្តាលី អះអាងថា សួនកសិ-ឧស្សាហកម្ម មានសក្តានុពលជាខ្លាំងសម្រាប់កម្ពុជា។ 
 
យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារនេះចូលរួមដោយស្ត្រី។
 
សូមជម្រាបថា នាពេលថ្មីៗនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី (CAPRED) បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម។ ពួកគេបានសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្ម៕ 
 

Tag:
 កសិកម្ម
  អូស្រ្តាលី
  កសិ-ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com