សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី​ដំឡើង​ពន្ធ​លើ​អចលនទ្រព្យ​ទ្វេដង​សម្រាប់​ជនបរទេស
06, May 2023 , 8:59 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
សិង្ហបុរីបានដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះទីពីរ ជាពិសេសបានដំឡើងអត្រាពន្ធទ្វេដងសម្រាប់ជនបរទេស។​ មូលហេតុចម្បងៗនៅពីក្រោយការដំឡើងពន្ធនេះ ដោយសារតែមានការព្រួយបារម្ភអំពីលំហូរអ្នកមានដែលនឹងចូលមកទិញអចលនទ្រព្យ ដែលបណ្តាលឱ្យអ្នករស់នៅក្នុងតំបន់ដាក់កម្រិតលទ្ធភាពក្នុងការទិញផ្ទះ។ នេះក៏ជាវិធានការកាត់បន្ថយការប្រកួតប្រជែងប្រទេសនេះជាកន្លែងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។

 
សិង្ហបុរីបានសម្រេចដំឡើងអត្រាពន្ធទិញផ្ទះទ្វេដងសម្រាប់ជនបរទេសណាដែលទិញផ្ទះពី ៣០ភាគរយទៅ៦០ភាគរយ។ ពលរដ្ឋសិង្ហបុរីនៅពេលទិញផ្ទះទីពីរនឹងត្រូវបង់ពន្ធ២០ភាគរយ (អត្រាចាស់មានត្រឹម ១៧ភាគរយ) ឯសម្រាប់អ្នករស់នៅអចិន្ត្រៃយ៍អត្រាពន្ធគឺ ៣០ភាគរយកើនឡើងដែលកើនឡើងប្រមាណ ៥ភាគរយ ។ លើសពីនេះ អត្រាពន្ធសម្រាប់ពលរដ្ឋនៃប្រទេសនេះនៅពេលទិញអចលនទ្រព្យទីបី ឬច្រើនជាងនេះ ក៏ត្រូវបានដំឡើងពី ២៥ភាគរយទៅ ៣០ភាគរយផងដែរ។
 
គោលនយោបាយពន្ធចុងក្រោយរបស់សិង្ហបុរីនេះធ្វើឡើងបន្ទាប់ពីការដំឡើងពន្ធដែលបានណែនាំនៅក្នុងខែធ្នូ ឆ្នាំ ២០២១ និងបានរឹតបន្តឹងបទប្បញ្ញត្តិទិញផ្ទះនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ រដ្ឋាភិបាល​ក៏​បាន​ដំឡើង​ពន្ធ​លើ​អ្នក​ទិញ​អចលនទ្រព្យ​ប្រណីត​ផង​ដែរ​នៅ​ដើម​ឆ្នាំ​នេះ។
 
រដ្ឋាភិបាលសិង្ហបុរីបានលើកឡើងថា ប្រសិនបើមិនបានត្រួតពិនិត្យទេ តម្លៃអាចឈានទៅហួសនៃមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដែលនាំឱ្យមានហានិភ័យនៃការកើនឡើងតម្លៃផ្ទះជាបន្តបន្ទាប់បើធៀបទៅនឹងប្រាក់ចំណូល។ បច្ចុប្បន្ននេះ សិង្ហបុរិកំពុងមានសន្ទុះខ្លាំងទៅលើតម្រូវការទិញផ្ទះសម្រាប់រស់នៅរបស់ប្រជាពលរដ្ឋ និងការវិនិយោគពីអ្នកមានក្នុង និងក្រៅប្រទេស។
 
អ្នកវិភាគរបស់ក្រុមហ៊ុន Citigroup លោក Brandon Lee បានបញ្ជាក់ថា ការកើនឡើងតម្លៃផ្ទះជាមួយអ្នកទិញបរទេសត្រូវបានរំពឹងទុក ប៉ុន្តែជាមួយការកើនឡើងទ្វេដងត្រូវបានគេចាត់ទុកថាជាករណីធ្ងន់ធ្ងរ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ 
 
បើតាមការព្យាកររបស់របស់ Citigroup កំណើនតម្លៃផ្ទះនឹងថយចុះនៅក្នុងប៉ុន្មានត្រីមាសបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយការកាត់បន្ថយអតិបរមាគឺត្រឹមតែប្រហែល២ភាគរយប៉ុណ្ណោះ។ តម្លៃផ្ទះបានកើនឡើង៣,២ភាគរយនៅក្នុងត្រីមាសទីមួយ។
 
វិស័យអចលនទ្រព្យនៅសិង្ហបុរីនៅតែមានភាពរស់រវើកនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារតែអត្រាការប្រាក់ខ្ពស់ និងអតិផរណា។ មូលហេតុ​ចម្បងនោះគឺការហូរចូលទុនក្នុងការទិញកាន់កាប់អចលនទ្រព្យនៅទីនោះ ជាពិសេស​ពី​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ចិន​ហូរ​ចូលមកជាបន្តបន្ទាប់។ កង្វះការផ្គត់ផ្គង់ ថ្លៃសំណង់ខ្ពស់ក្នុងកំឡុងជំងឺរាតត្បាតក៏បានជំរុញឱ្យតម្លៃផ្ទះ និងការជួលកើនឡើង ដែលបណ្តាលឱ្យមានការមិនសប្បាយចិត្តពីសំណាក់ប្រជាជនរបស់ពួកគេ៕
 

Tag:
 អចលទ្រព្យ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com